ទីចំណតរថយន្ដក្រោមដី ខាងលិចវត្តភ្នំ បានបញ្ចប់ការសាងសង់១០០ភាគរយ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ទីចំណតរថយន្តក្រោមដីដែលមានទីតាំងស្ថិតនៅខាងលិចវត្តភ្នំទល់មុខស្ថានទូតអាមេរិច បានបញ្ចប់ការសាងសង់១០០ភាគរយហើយ ដោយមានលទ្ធភាពផ្ទុករថយន្តបានរហូតដល់ចំនួន៣៤០គ្រឿង និងមានបំពាក់សម្ភារៈសុវត្ថិភាពជាច្រើន ដើម្បីធានាសន្តិសុខផងដែរ។

ទីចំណតរថយន្ដក្រោមដីមួយនេះ ក្រៅពីអាចផ្ទុករថយន្តបានច្រើនរយគ្រឿង ថែមទាំងមានលក្ខណៈពិសេសនៃការសាងសង់ផងដែរជាមួយនឹងបច្ចេកទេសបែបទំនើប និងមានសុវត្ថិភាពខ្ពស់កម្រិតស្ដង់ដារចំនួន១០ចំណុចសំខាន់ៗ រួមមានប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ប្រព័ន្ធសេនស័រសម្រាប់ចំណតរថយន្ត ប្រព័ន្ធការពារអគ្គីភ័យ ជណ្តើរយន្តសម្រាប់ជនពិការ ប្រព័ន្ធប្រកាសអាសន្ន ស្លាកសញ្ញា LED សម្រាប់សំគាល់ទីតាំងចំណត និងសញ្ញាគំនូស ប៉ុស្តិ៍មន្ត្រីសន្តិសុខត្រួតពិនិត្យ បន្ទប់ទឹកទូទៅ និងសម្រាប់ជនពិការ ប្រព័ន្ធបឺតផ្សែងរថយន្ត និងប្រព័ន្ធបូបទឹកទំនើបកម្មផងដែរ។

បច្ចុប្បន្ននេះ ក្រោមការអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានសិក្សា និងកំណត់ទីតាំងសំខាន់មួយចំនួនសម្រាប់សាងសង់ជាទីចំណតក្រោមដី ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ដែលកំពុងកើតមាន និងក្លាយជាវិបត្តិដែលកំពុងប្រឈម ហើយក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ បានសហការជាក្រុមហ៊ុន OCIC ខិតខំសាងសង់ចំនួន៤ទីតាំង ហើយសម្រេចបានចំនួន២ទីតាំង ដោយទី១ស្ថិតនៅចន្លោះវិមានកាណាឌីយ៉ា និងអគារវឌ្ឍនៈកាពីតាល់ ឆ្ពោះទៅកាន់ផ្សាររាត្រី (ខាងក្រោមសួនទីលានប្រជាធិប្បតេយ្យ) និងមួយទីតាំងទៀត ស្ថិតនៅក្រោមសួនច្បារ មិត្តភាព កម្ពុជា- ថៃ ទល់មុខស្ថានទូតអាមេរិក ខាងលិចវត្តភ្នំពេញ ដែលទើបបញ្ចប់ការសាងសង់ជាស្ថាពរ១០០ភាគរយ។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី ធ្លាប់បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា បច្ចុប្បន្នេះ ក្រៅពីទីចំណតរថយន្តក្រោមដី ដែលវិនិយោគដោយក្រុមហ៊ុនឯកជនខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញក៏កំពុងតែសាងសង់ទីចំណតក្រោមដីបន្ថែមទៀតដែលមានទីតាំងស្ថិតនៅក្រោមសួនច្បារមុខព្រះសក្យមុនីចេតិយ និងចំណតក្រោមដីមុខសួនច្បារសួនច្បារសាន់វេ ខាងលិចវត្តភ្នំ។ លោកបានបន្តឱ្យដឹងទៀតថា ក្រៅពីតំពន់ទាំងនេះក៏មានតំបន់ផ្សេងទៀតដែលរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ កំពុងធ្វើការសិក្សាដើម្បីសាងសង់បន្ថែមដោយសហការវិនិយោគជាមួយវិស័យឯកជន។

ជាដំណោះស្រាយនូវវិបត្តិនៃការកកស្ទះចរាចរណ៍នេះ បច្ចុប្បន្នក្រសួងសាធារណៈការ និងដឹកជញ្ជូន បានចុះធ្វើការសិក្សាក្នុងរៀបចំសណ្ដាប់ធ្នាប់ និងពង្រីកផ្លូវលំតូចៗមួយចំនួននៅក្នុងរាជធានី ដើម្បីធ្វើយ៉ាងណាអាចជួយសម្រួលការធ្វើដំណើរឱ្យមានភាពល្អប្រសើរជាងមុន ដែលក្នុងរាប់ទាំងការសាងសងផ្លូវរំលង ស្ពានអាកាស និងផ្លូវក្រោមដីនៅតាមគោលដៅមួយចំនួនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here