រដ្ឋាភិបាលស្នើឱ្យក្រុមហ៊ុនធំៗចំនួនពីរបន្តបញ្ជាទិញវិស័យវាយនភណ្ឌពីកម្ពុជា

0

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើសុំឲ្យក្រុមហ៊ុន Adidas និងក្រុមហ៊ុន H&M បន្តធ្វើការបញ្ជាទិញពីកម្ពុជា និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យកាត់ដេរនៅកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ បានផុតទៅវិញ។

សំណើរនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៦ខែមិថុនាម្សិលមិញនេះ នៅក្នុងជំនួបរវាង លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង តំណាងក្រុមហ៊ុន Adidas និងក្រុមហ៊ុន H&M ដឹកនាំដោយលោក Matthew Armstrong នាយកផ្នែកបញ្ជាទិញនៃការិយាល័យតំណាងក្រុមហ៊ុន Adidas និងលោក Christer Horn af Aminne) នាយកផ្នែកផលិតកម្មទទួលបន្ទុកប្រទេសកម្ពុជា និងវៀតណាម នៃក្រុមហ៊ុន H&M។

លោករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងពង្រីកពិពិធកម្មទីផ្សារ តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដោយនាពេលបច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មកំពុងតែធ្វើការចរចា និងសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងជាមួយប្រទេសមួយចំនួន។

ក្រុមហ៊ុនទាំងពីរបានឆ្លើយតបជាវិជ្ជមានក្នុងការបញ្ជាទិញផលិតផលវាយនភណ្ឌកាត់ដេរពីកម្ពុជា ព្រមទាំងទទួលធ្វើការបន្ថែមជាមួយរាជរដ្ឋាភិបាល ក្នុងការកែលម្អបរិយាកាសវិស័យកាត់ដេរនៅកម្ពុជា។

សមាគមរោងចក្រកាត់ដេរកម្ពុជា ធ្លាប់បានឱ្យដឹងថា វិស័យកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ បានកំពុងប្រឈមនិងការព្យួរការងារបណ្តោះអាសន្ន ដោយសារបញ្ហាបង្ករឡើងដោយជំងឺ Covid-19 ដែលតម្រូវអោយរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយគាំទ្រផ្សេងៗក្នុងពេលថ្មីៗនេះ។

សមាគមរោងចក្រកាត់ដេរកម្ពុជាឱ្យដឹង លើសពីនេះ វិស័យកាត់ដេរ និងដេស្បែកជើងក៏ប្រឈមនឹងអនាគតមួយដែលគ្មានភាពច្បាស់លាស់ បន្ទាប់មានការផ្ទុះឡើងនៃជំងឺ Covid-19 ខណៈដែលក្រុមហ៊ុននៅតាមបណ្តាប្រទេសនៅអឺរ៉ុប និងប្រទេសមួយចំនួនទៀត គ្មានការបញ្ជាទិញនូវផលិតផល។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរកាលលថ្មីៗនេះ បានឱ្យដឹងថា កម្ពុជាគ្មានការបញ្ជាទិញថ្មីទេ សម្រាប់ខែឧសភា និងខែមិថុនា ២០២០នេះ ហើយការនាំចេញផលិតផលនានារបស់រោងចក្រកាត់ដេរក្នុងត្រីមាសទី២ឆ្នាំនេះមានការថយចុះប្រមាណ៥០%បើប្រៀបធៀបនឹងឆ្នាំមុន ។

លោកបន្តថា គិតត្រឹមខែមេសា ២០២០នេះ មានរោងចក្រជាង១៣០ បានព្យួរការងារ ដោយសារកង្វះការផ្គត់ផ្គង់វត្ថុធាតុដើម និងបង្ករឡើងដោយជំងឺកូវីដ ១៩ដែលកំពុងរីករាលដាលជាសកល ហើយនាំអោយប៉ះពាល់ដល់កម្មករ និយោជិតជិត១០ម៉ឺននាក់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here