ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា បានរៀបចំប្រធានបទពាក់ព័ន្ធ ទៅនឹងកិច្ចទំនាក់ទំនងរវាងប្រទេសទាំង២ ចំនួន១២ប្រធានបទ និងអនុវត្តន៍ទៅតាមខែនីមួយៗក្នុងឆ្នាំ២០២០។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy នៅក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០កន្លងមក បានវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសការដាក់ចេញវិធានការណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19។
លោកបន្តថា ជាការអបអរសាទរខួប៧០ឆ្នាំ នៃកិច្ចទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជា ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានរៀបចំប្រធានបទពាក់ព័ន្ធនឹងទំនាក់ទំនងរវាងប្រទេសទាំង២ ទៅតាមខែនីមួយៗក្នុងឆ្នាំ២០២០ ដែលក្នុងនោះរួមមាន ១/- ខែមករា៖ កសិកម្ម ២/- ខែកុម្ភៈ៖ យុវជន ការអប់រំ និងបច្ចេកវិទ្យា ៣/- ខែមីនា៖ ស្ត្រី និងសមភាពយេនឌ័រ ៤/- ខែមេសា៖ បរិស្ថាន ៥/- ខែឧសភា៖ សុខភាពសាធារណៈ ៦/- ខែមិថុនា៖ ទំនាក់ទំនងរវាងប្រជាជន ៧/- ខែកក្កដា៖ ការប្រារព្ធខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ៨/- ខែសីហា៖ ជំនួយមនុស្សធម៌ ៩/- ខែកញ្ញា៖ ពាណិជ្ជកម្មនិងការវិនិយោគ ១០/- ខែតុលា៖ ការពង្រឹងច្បាប់ ១១/- ខែវិច្ឆិកា៖ កិច្ចសហប្រតិបត្តិការក្នុងតំបន់/អាស៊ាន និង១២/- ខែធ្នូ៖ ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោកជា ចាន់តូ បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលអាមេរិក ដែលបានគាំទ្រ និងផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជា ហើយដោយឡែកនៅធនាគារជាតិនៃកម្ពុជា ជំនួយបច្ចេកទេសពីរដ្ឋាភិបាលអាមេរិក បានរួមចំណែកក្នុងការពង្រឹងការត្រួតពិនិត្យ ការវិភាគសេដ្ឋកិច្ច និងការអភិវឌ្ឍប្រព័ន្ធរាយការណ៍តាមអេឡិចត្រូនិករបស់អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (FIU)។

លោកបញ្ជាក់ថា “ផលប៉ះពាល់ដោយសារឥទ្ធិពល នៃការរីករាលដាលជំងឺCovid-19 បានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចកម្ពុជាថមថយ ជាពិសេសក្នុងវិស័យទេសចរណ៍ និងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង”។
ទោះយ៉ាងណា វិស័យកសិកម្មនិងវិស័យធនាគារ ក៏នៅតែបន្តកើនឡើង។ ក្នុងវិស័យធនាគារ ធនាគារជាតិនៃកម្ពុជា ក៏បានចាត់វិធានការណ៍ជាបន្តបន្ទាប់ ដើម្បីផ្តល់លទ្ធភាពដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មានសាច់ប្រាក់ក្នុងដៃគ្រប់គ្រាន់ និងបានលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ ដើម្បីជួយសម្រាលការលំបាករបស់អតិថិជន ដែលរងឥទ្ធិពលនៃវិបត្តិជំងឺកូវីដ១៩។
លោកទេសាភិបាល ក៏បានជម្រាបជូនអំពី ការពង្រឹងមូលដ្ឋានគតិយុត្តិ កាតព្វកិច្ចរបស់បុគ្គលរាយការណ៍ និងចំណេះដឹងរបស់វិស័យសាធារណៈនិងឯកជន លើការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម(AML-CFT) ហើយនាពេលថ្មីៗនេះ ព្រឹទ្ធសភានៃកម្ពុជា បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលគ្រោងនឹងដាក់ឱ្យអនុវត្តនាពេលឆាប់ៗនេះ៕






