ដោយៈ រ៉ាណេត
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលចិនបានអះអាងថា កម្ពុជានៅតែជាដៃគូនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់ចិន ដែលការអះអាងនេះធ្វើឡើងស្របពេលប្រទេសទាំងពីរកម្ពុជា ចិនអបអរខួបនៃការចុះកិច្ចព្រមព្រៀងកិច្ច សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដោយមេដឹកនាំនៃប្រទេសទាំងពីរ។

តាមរយៈគណនីទំនាក់ទំនងសង្គម ផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជាបានបញ្ជាក់ថា ស្ថិតក្រោមការដឹកនាំជាយុទ្ធសាស្រ្តរបស់ថ្នាក់ដឹកនាំទាំងពីរប្រទេស និងកិច្ចសម្របសម្រួលរៀបចំពីគណៈកម្មាធិការចិន ប្រទេសទាំងពីរបានអនុវត្តផែនការសកម្មភាព នៃការកសាងសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ហើយបានជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឈានទៅរកដំណាក់កាលថ្មីមួយទៀត។
លោកទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្រ្តីការបរទេសចិន លោកWang Yi បានមានប្រសាសន៍ថា “ទំនាក់ទំនងរវាងថ្នាក់ដឹកនាំទាំងពីរ បានធ្វើឲ្យប្រទេសកាន់តែស្អិតរមួត កិច្ចសហប្រតិបត្តិការលើគ្រប់វិស័ យទទួលបានការជំរុញយ៉ាងគ្រប់ជ្រុងជ្រោយ គម្រោងសំខាន់ៗនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវជាច្រើនត្រូវបានអនុវត្តន៍ជាបន្តបន្ទាប់”។
លោកបន្តថា ថ្នាក់ដឹងនាំកំពូលនៃប្រទេសទាំង២ បានរៀបចំសកម្មភាពនៃឆ្នាំកិច្ចសហប្រតិបត្តិការអនុវត្តន៍ច្បាប់បានយ៉ាងជោគជ័យ និងសកម្មភាពជាច្រើនផ្សេងទៀត ដែលទាំងនេះមានប្រសិទ្ធភាព ក្នុងការបង្ក្រាបល្បែងស៊ីសងលើប្រព័ន្ធអ៊ីនធើណេត និងបទល្មើសឆ្លងដែនផ្សេងទៀត។ ភាគីចិនរីករាយបន្តរួមដៃគ្នាជាមួយភាគីកម្ពុជា ក្នុងកិច្ចទប់ស្កាត់នឹងជំងឺCovid-19 និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឲ្យបានឆាប់រហ័ស ដើម្បីទទួលបានសមិទ្ធផលជោគជ័យ ក៏ដូចជាចូលរួមអភិវឌ្ឍក្នុងសង្គមសេដ្ឋកិច្ចផងដែរ ពិសេសជំរុញទំនាក់ទំនងនៃទ្វេភាគីរឹតតែស៊ីជម្រៅ រឹតតែទូលំទូលាយ និងរឹតតែមានកម្រិតខ្ពស់ថែមមួយកម្រិតទៀត។

លោកវ៉ាង យីបានបន្តថា រដ្ឋាភិបាលចិនរីករាយ បន្តពង្រឹងការសម្របសម្រួលទំនាក់ទំនង ដែលក្រោមស្មារតីនៃកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា កិច្ចសហប្រតិបត្តិការឡានឆាងមេគង្គ និងតំបន់ផ្សេងទៀតជាមួយភាគីកម្ពុជា។ គាំទ្ររៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន បូកចិន ជប៉ុន និងកូរ៉េខាងត្បូងស្តីពី ការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសតាម រយៈVideo Conference និងការរៀបចំឆ្នាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឌីជីថលចិន–អាស៊ានផងដែរ។ លើសពីនេះចិន នឹងជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់(Regional Comprehensive Economic Partnership)ក្នុងឆ្នាំនេះ។
ចិនរីករាយបន្តសហការជាមួយភាគីកម្ពុជា ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់អាស៊ាន អនុវត្តសេចក្តីថ្លែងការណ៍ស្តីពី ការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង(Declaration of the Conduct of the South China Sea)ឲ្យមានប្រសិទ្ធភាពយ៉ាងជ្រុងជ្រោយ ដើម្បីសម្រេចឲ្យបានជោគជ័យ នៃការចចារលើក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង(Code of Conduct in the South China Sea-COC)ឱ្យបានឆាប់រហ័ស។
កម្ពុជា– ចិន បានប្រកាសកសាងច្រករហ័ស(Fast Lane for Personnel Exchanges)សម្រាប់ទំនាក់ទំនងទៅវិញទៅមកនៃក្រុមការងារ និងច្រកបៃតង(Green Channel for Commodities) សម្រាប់ទំនិញ និងព្រមទាំងបានយល់ស្របសម្រេចកិច្ចចចារព្រមព្រៀងពាណិជ្ជកម្មសេរី នៃទ្វេភាគីឲ្យបានឆាប់រហ័ស បង្កើតស្ថាប័នកុងស៊ុល និងការចាប់ផ្តើមនាំចេញផ្លែស្វាយពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិនជាផ្លូវការ៕






