អតីតព្រលានយន្តហោះខេត្តកំពតនឹងត្រូវយកទៅអភិវឌ្ឍន៍ជាស្ថានីយផ្គត់ផ្គង់ទឹកស្អាត

0

ដោយៈ រ៉ាណេត

កំពតៈ ទីតាំងអតីតព្រលានយន្តហោះខេត្តកំពត នឹងត្រូវបានយកមកអភិវឌ្ឍន៍ និងវិនិយោគជាស្ថានីយផ្គត់ផ្គង់ទឹកស្អាតជំនួសវិញ ដើម្បីស្របទៅតាមតម្រូវការប្រើប្រាស់ទឹកស្អាតជាក់ស្ដែងដែលកំពុងមានកំណើនជាប្រចាំ។

ក្រោយបញ្ចប់កិច្ចប្រជុំកាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តកំពត បានសម្រេចជ្រើសយកទីតាំងអតីតព្រលានយន្តហោះ ដែលមានទំហំត្រឹមប្រមាណ៧ហិកតា ប្រគល់ឱ្យក្រ​សួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្វើការវិនិយោគ អភិវឌ្ឍន៍ជាស្ថានីយផ្គត់ផ្គង់ទឹកស្អាត សម្រាប់បំពេញតម្រូវការជាក់ស្ដែង ដែលកំពុងមាននៅពេលបច្ចុប្បន្ន។

អភិបាលរងខេត្តកំពត លោក ភូ លិ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ដីដែលជាទីតាំងចាស់ ព្រលានយន្តហោះខេត្តកំពតមួយនេះ ស្ថិតនៅភូមិអូរតូច សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត បានសម្រេចកាត់់ទំហំ៥ហិកតា ក្នុងចំណោមដីដែលនៅសល់សរុបប្រមាណ៧ហិកតា ប្រគល់ទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេសវិទ្យា និងនវានុវត្ត៍ ដើម្បីអភិវឌ្ឍន៍គម្រោងផ្គត់ផ្គង់ទឹកស្អាត។

លោកបន្តទៀតថា “គម្រោងនេះពិតជាមានមែន ហើយដីទំហំ៥ហិកតា បានកាត់ទៅក្រសួង សម្រាប់គម្រោងវិនិយោគផ្គត់ផ្គង់ទឹកស្អាតរួចហើយ ប៉ុន្តែនៅមិនទាន់មានការវិនិយោគលើគម្រោងនេះជាក់លាក់នោះទេ”។ លោកបន្តថា “កាលពីពេលកន្លងមកនេះ ធ្លាប់មានក្រុមហ៊ុនមកពីប្រទេសចិន បង្ហាញការចាប់អារម្មណ៍ចំពោះគម្រោងវិនិយោគផ្គត់ផ្គង់ទឹកស្អាត នៅលើគម្រោងនេះ ប៉ុន្តែដោយសារវិបត្តិកូវីដ ធ្វើឱ្យគម្រោងស្នើដោយក្រុមហ៊ុនចិន ផ្អាកបណ្តោះអាសន្នទៅវិញ”។

បច្ចុប្បន្ន តម្រូវការនៃការប្រើប្រាស់ទឹកស្អាត នៅទូទាំងខេត្តកំពតមានការកើនឡើងយ៉ាងខ្លាំង ដោយសារតែកំណើននៃចំនួនប្រជាជនមានការកើនឡើង ចំនួនភ្ញៀវទេសចរក៏កើនឡើង ដែលជំរុញឱ្យតម្រូវការប្រើប្រាស់ទាំងស្អាតកើនឡើងយ៉ាងគំហុក ហើយនៅថ្ងៃខាងមុខតម្រូវការនេះក៏នៅតែបន្តកើនឡើង ខណៈដែលខេត្តកំពតត្រូវបានរាជរដ្ឋាភិបាលសម្រេចកំណត់ជាគោលដៅ ទេសចរណ៍លំដាប់អន្តរជាតិ និងឈាមមុខគេនៅក្នុងតំបន់អាស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here