ដោយវុត្ថា
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា កម្ពុជានាពេលបច្ចុប្បន្ននេះ មានផលិតផលកសិកម្មចំនួនជាង៦១មុខ សម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងទិសដៅនៃការនាំចេញមានចំនួន៥៩ប្រទេស ទូទាំងពិភពលោក។

អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកងិន ឆាយបានបញ្ជាក់កាលពីម្សិលមិញនេះឱ្យដឹងថា កំណើននៃបរិមាណនាំចេញនេះ ជាកត្តាឆ្លុះបញ្ចាំងអំពីការផ្លាស់ប្តូរជាវិជ្ជមានទាំងបរិមាណ និងគុណភាពនៃផលិតកម្មកសិកម្មនៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា ផលិតផលកសិកម្មកម្ពុជា៦១មុខនេះ ត្រូវបានចែកជា២ក្រុម ទី១ក្រុមផលិតផល ដែលមិនជាប់កម្រិតកំណត់ការនាំចេញទំនិញពីកម្ពុជា ទៅកាន់ប្រទេសឬដែនដី ដែលធ្លាប់បាននាំចេញរួចហើយ ការនាំចូលផលិតផលទាំងនេះតម្រូវឱ្យមានវិញ្ញាបនបត្រភូតគាមអនាម័យ ដើម្បីធានាអះអាងអំពីការបំពេញ អនុលោមភាពទៅតាមល្ខខណ្ឌតម្រូវ។
ក្រុមទី២ គឺជាប្រភេទផលិតផលដែលជាប់កម្រិតកំណត់ ឬជាក្រុមផលិតផលដែលមានកម្រិតហានិភ័យខ្ពស់ (ទំនិញដែលមានសក្តានុពលហានិភ័យ សមាសភាពចង្រៃខ្ពស់ដូចជាផលិតផលបន្លែ ផ្លែឈើស្រស់ មើម និងបណ្ដាទំនិញដទៃទៀតដែលចាត់ក្នុងកម្រិតហានិភ័យនៃស្ដង់ដារភូតគាមអនាម័យអន្ដរជាតិលេខ៣២ (ISPM 32) ក្នុងក្រុមទី៣ និងទី៤ស្ដីពី ចំណាត់ថ្នាក់ទំនិញអាស្រ័យ លើកម្រិតហានិភ័យបង្កឡើងដោយសមាសភាពចង្រៃ)។

លោកងិន ឆាយបានបញ្ជាក់ថា ការនាំចេញទំនិញប្រភេទនេះ ទាមទារឱ្យសមត្ថកិច្ចភូតគាមអនាម័យកម្ពុជា ធ្វើសំណើសុំចរចារបើកទីផ្សារជាមួយសមត្ថកិច្ចភូតគាមអនាម័យនៃប្រទេសនាំចូល តាមរយៈការស្នើសុំវាយតម្លៃហានិភ័យ សមាសភាពចង្រៃពាក់ព័ន្ធនឹងការនាំចូលទំនិញដែលបានស្នើសុំ។ ការចរចារអាចចំណាយពេលពី១ ដល់៥ឆ្នាំក្នុងមួយមុខដំណាំ ហើយការនាំចេញពីកម្ពុជា អាចចាប់ផ្តើមបន្ទាប់ពីមានកិច្ចព្រមព្រៀងពិធីសារ ឬឯកសារសមមូលបញ្ជាក់ពីការឯកភាព រវាងសមត្ថកិច្ចភូតគាមអនាម័យនៃប្រទេសទាំងពីរ។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញ ស្ថានភាពនៃការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា បានស្ថិតក្នុងនិន្នាការកើនឡើងជាលំដាប់ ជហើយមានសន្ទុះគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ ដែលនៅឆ្នាំ២០១៤ ការនាំចេញផលិតផលកសិកម្ម សម្រេចបានចំនួនប្រមាណជាង៣,៤៤លានតោន និងបានកើនរហូតដល់ជាង៤,៨លានតោនក្នុងឆ្នាំ២០១៩៕






