ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ សមាគមជប៉ុនចំនួន២នៅកម្ពុជា បានធ្វើការអំពាវនាវ និងសំណូមពរសុំការគាំទ្រពីសំណាក់សមាជិករបស់ខ្លួននៅកម្ពុជា ស្នើដល់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA បន្តធ្វើការហោះហើរត្រង់រវាងភ្នំពេញ-ណារីតា ឡើងវិញមុនពេលកំណត់ បន្ទាប់ពីក្រុមហ៊ុនមួយនេះបានប្រកាសផ្អាកដំណើរការរងហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ។

តាមរយៈសេចក្ដីប្រកាស និងអំពាវនាវ កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) បានប្រកាសនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២០ ស្ដីអំពីការពន្យាររយៈពេលផ្អាកជើងហោះហើរត្រង់ភ្នំពេញ-ណារីតា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២០។
ដោយសារតែបញ្ហាដូចដែលបានរៀបរាប់ខាងលើ គួបផ្សំនឹងវិធានការបង្ការការពារការឆ្លងរីករាលដាលជំងឺឆ្លង COVID-19 របស់ភាគីកម្ពុជា ដែលងាយនឹងទទួលរងការប្រែប្រួលនោះ គេរំពឹងថាកត្តាទាំងនេះអាចនឹងជះឥទ្ធិពលអវិជ្ជមានមួយចំនួននាពេលពេលអនាគត ដល់ការធ្វើដំណើរទៅវិញទៅមករបស់មនុស្សជាច្រើនដែលពាក់ព័ន្ធជាមួយប្រទេសទាំងពីរនិងអាចផ្ដល់ផលលំបាកផ្សេងៗចំពោះជីវភាពប្រចាំថ្ងៃ រួមទាំងការងាររបស់ពួកគេ។
លើសពីនេះទៅទៀត យោងតាមរបាយការណ៍នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០ លោក Katanozaka ប្រធានក្រុមហ៊ុន ANA Holdings បានបញ្ជាក់អំពីគោលនយោបាយស្ដីពីការកាត់បន្ថយទិសដៅហោះហើរមួយចំនួនដែលមិនសូវទទួលបានផលចំណេញ និងគុណប្រយោជន៍ ដោយសំអាងទៅលើជើងហោះហើរអន្តរជាតិដែលតម្រូវការមានការថយចុះយ៉ាងគំហុកដោយសារការជះឥទ្ធិពលអវិជ្ជមាននៃវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) ព្រមទាំងនៅពេលអនាគតនឹងមានការដាក់សម្រេចចេញដោយជាក់លាក់នូវការកាត់បន្ថយទិសដៅហោះហើរ និងប្រកាសជាសាធារណៈអំពីផែនការអាជីវកម្មថ្មីនៅចុងខែកក្កដា ឆ្នាំ ២០២០។
ផ្អែកតាមបញ្ហាដូចដែលបានរៀបរាប់ខាងលើនេះ សមាគមជនជាតិជប៉ុននៅកម្ពុជា និងសមាគមធុរកិច្ចជប៉ុននៅកម្ពុជា (សូមសរសេរកាត់ថា JBAC) បានយល់ដឹងច្បាស់អំពីវិធានការការពារ និងប្រឆាំងការឆ្លងរីករាលដាលវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) ព្រមទាំងស្ថានភាពបច្ចុប្បន្ននៃវិស័យអាកាសចរណ៍ដែលកំពុងប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក ក៏ប៉ុន្តែសមាគមទាំង២បានស្នើសុំការគាំទ្រ ពីអ្នកដែលពាក់ព័ន្ធ ជាពិសេសសមាជិករបស់សមាគមទាំងអស់ មេត្តាចូលរួមចុះហត្ថលេខា ដើម្បីយកហត្ថលេខាទាំងអស់នេះជូនដល់ភាគីពាក់ព័ន្ធ ANA ទាំងអស់ ដោយក្នុងបំណងអោយភាគីពាក់ព័ន្ធ ANA ទាំងអស់ព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីបន្តការហោះហើរត្រង់ភ្នំពេញ-ណារីតាឡើងវិញឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន និងរក្សាផ្លូវ ក៏ដូចជាទិសដៅហោះហើរត្រង់ភ្នំពេញ-ណារីតា។

រយៈពេលប្រមូលហត្ថលេខា គឺរហូតដល់ថ្ងៃព្រហស្បតិ៍ ទី ២៥ ខែមិថុនា ឆ្នាំ ២០២០ វេលាថ្ងៃត្រង់។ ហត្ថលេខាដែលប្រមូលបានទាំងអស់ នឹងត្រូវរៀបចំអោយមានរបៀបរាបរយ រួមជាមួយនឹងមតិយោបល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ជើងហោះហើរត្រង់ភ្នំពេញ-ណារីតា និងស្ថានភាពបច្ចុប្បន្ន ដោយសមាគមជនជាតិជប៉ុន ហើយនឹងត្រូវបញ្ជូនទៅកាន់ទីស្នាក់ការកណ្តាលក្រុមហ៊ុនអាកាសចរណ៍ ANA តាមរយៈសាខា ANA ភ្នំពេញ។
អ្នកដែលអាចចូលរួមចុះហត្ថលេខាគាំទ្របានដោយសេរី បើទោះបីជាមិនមែនជាសមាជិកនៃសមាគមជនជាតិជប៉ុន ឬមិនមែនជាសមាជិក JBAC ឬក៏មិនមែនជាជនជាតិជប៉ុនក៏ដោយ៕






