តាកែវ៖ រដ្ឋបាលស្រុកគិរីវង់គ្រោងសាងសង់សួនវប្បធម៌ដ៏ស្រស់ស្អាតមួយនស្ថិតទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ២ នៅជាប់អាងទឹកទន្លាប់ ស្ថិតនៅក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ នៅលើផ្ទៃក្រឡាផ្ទៃទទឹង១០០ម៉ែត្រ និងបណ្ដោយ៥០០ម៉ែត្រ។
លោក ស៊ុត ខុន អភិបាលស្រុកគីរីវង់ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា សួនវប្បធម៌នេះ មានការរចនាបទលក្ខណៈជាខ្មែរ និងមានការសាងសង់លើសួនវប្បធម៌នេះ នូវរូបបដិមាសម្ដេចវិបុលបញ្ញា សុខ អាន សាងសង់បណ្ណាល័យ ទីលានកីឡា និងកន្លែងហាត់កីឡា ហាងកាហ្វេ កន្លែងអង្គុយលម្ហែ និងក្មេងលេង រោងទូកង កន្លែងឆ្លុះកែវយិត ចំណតរថយន្ត និងទោចក្រយានយន្ត ផែទូក បន្ទប់ទឹកសាធារណៈនិងទីលានប្រារព្វពិធីផ្សេងៗ។
លោក ស៊ុត ខុន បន្តថា សួនវប្បធម៌សម្ដេចវិបុលបញ្ញា ដែលជាសមិទ្ធផលជាប្រវត្តិសាស្រ្តដែលគាំទ្រថវិកា ដោយក្រុមគ្រួសារសម្ដេចវិបុលបញ្ញា សុខ អាន និងក្លាយជាទីកន្លែងសម្រាប់ប្រជាពលរដ្ឋមកលម្ហែកាយ ហាត់ប្រាណ លេងកីឡា ទស្សនាការប្រណាំងទូក ហើយសួនវប្បធម៌នេះ នឹងលើកកម្ពស់ សោភ័ណ្ឌភាពស្រុកគីរីវង់ទាំងមូលឱ្យកាន់តែស្រស់បំព្រងថែមទៀត ជាពិសេសទៅទៀតសួនវប្បធម៌នេះ និងក្លាយទៅជាទីកន្លែងមួយដែលធ្វើការទាក់ទាញភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិឲ្យមកកម្សាន្តនៅទីនេះកាន់តែច្រើនថែមទៀត។
ការសាងសង់សួនវប្បធម៌ដ៏ធំនៅក្នុងស្រុកគីរីវង់នេះ ក្រៅពីលើកកម្ពស់សោភ័ណ្ឌភាពស្រុកឲ្យកាន់តែស្រស់បំព្រង វាក៏និងជួយឲ្យបងប្អូនប្រជាពលរដ្ឋមានជីវភាពកាន់តែធូធារជាងមុន តាមរយៈការលក់ដូចំណីអាហារដល់ភ្ញៀវទេសចរណ៍ ដែលនឹងមកកម្សាន្តនៅសួនវប្បធម៌នេះកាន់ តែច្រើនថែមទៀត៕







Please send me updated articles.
Share me an updated articles