វិស័យចំនួន៣នៅកម្ពុជាទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិសេដ្ឋកិច្ចពិភពលោក

0

ដោយៈ វុត្ថា

ភ្នំពេញៈ មន្ត្រីទីភ្នាក់ងារជាតិនិងមុខរបរបានអះអាងថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺ Covid-19 នៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក បានធ្វើឱ្យវិស័យចំនួន៣ នៅក្នុងប្រទេសកម្ពុជា រួមមានវិស័យទេសចរណ៍ វាយនភណ្ឌកាត់ដេរ និងសំណង់ បានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង ដែលវិស័យទាំងនេះ ជាកន្លាំងជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសយ៉ាងធំធេង។

លោកគួច សុមាន អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពីតើកម្ពុជាត្រៀមអ្វីខ្លះ ដើម្បីស្ដារសេដ្ឋកិច្ចក្រោយCovid-19 នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០បានឱ្យដឹងថា វិស័យអាទិភាពទាំង៣ បានចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងផលិតផលក្នុងស្រុកប្រមាណ ៧១ភាគរយ។

លោកបន្តថា “បើបូកបញ្ចូលវិស័យទាំង៣នេះ បានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋប្រមាណ១,៧លាននាក់នៅទូទាំងប្រទេស តែដោយសារតែផលប៉ះពាល់លើវិស័យនេះ ពីវិបត្តិជំងឺ Covid-19 បានធ្វើឱ្យកាត់បន្ថយតម្រូវការ និងការផ្គត់ផ្គង់នៃការមកដល់នៃភ្ញៀវបរទេស”។

លោកបន្ថែមថា “យោងតាមរបាយការណ៍ចុងក្រោយ របស់ធនគារពិភពលោក បង្ហា​​ញថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះ១ភាគរយ  ដូចទៅនឹងការព្យាករណ៍ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងរង្វង់ -១,៩ ភាគរយ តែបើនិយាយពីសេដ្ឋកិច្ចកម្ពុជាធៀបនឹងបណ្តាប្រទេសមួយចំនួន នៅក្នុងពិភពលោកត្រូវបានរំពឹងថា មានវិជ្ជមានចន្លោះពី -២ ឬ -៣ ភាគរយ”។

លោកគួច សុមានបញ្ជាក់ទៀតថា “សេដ្ឋកិច្ចកម្ពុជាក៏ទទួលរងនូវផលប៉ះពាល់ពីការព្យួរ EBA ផងដែរ ក្រៅពីផលប៉ះពាល់នូវការរាតត្បាតនូវជំងឺ Covid-19  តែយ៉ាងណាក៏ដោយ ផលប៉ះពាល់នេះមានស្ថានភាពតិចតួច ហើយបើពិនិត្យភាគរយនៃមុខទំនិញដែលសហភាពអឺរ៉ុបយកពន្ធ មានត្រឹមតែប្រមាណ៨០មុខប៉ុណ្ណោះ ដែលភាគច្រើនស្ថិតលើមុខទំនិញផលិតផលកាត់ដេរ និងដេរស្បែកជើងដែលពឹងផ្អែកលើទីផ្សាអឺរ៉ុប”។

លោកបន្ថែមថា ចំពោះបញ្ហានេះ បានធ្វើឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាសផ្សេងៗ បានប្រែក្លាយខ្លួនទៅផលិតនូវផលិតផលផ្សេងដូចកាបូប អាវភ្លៀង និងម៉ាសជាដើមដើម្បីផ្គត់ផ្គង់ដល់ទីផ្សារ ទាំងនៅក្នុងស្រុក និងការនាំចេញ ។ ជាមួយគ្នានេះ រដ្ឋាភិបាលបានរៀបចំគោលនយោបាយផ្សេងៗ ដើម្បីគាំទ្រនូវការផលិតនូវផលិតផលរបស់រោងចក្រ និងសហគ្រាទាំងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here