ដោយ ៖ ប៊ី
ភ្នំពេញ ៖ រដ្ឋាភិបាលឡាវបានអនុម័តគម្រោងរោងចក្រថាមពលធ្យូងថ្មតម្លៃ ១៧០០លានដុល្លារ របស់ក្រុមហ៊ុនថាមពលសឹង្ហបុរី ដើម្បីអភិវឌ្ឍន៍នៅខេត្តសេកុងភាគខាងត្បូងប្រទេសឡាវជាប់នឹងព្រំប្រទល់កម្ពុជា ខណៈរោងចក្រថាមពលនេះនឹងបញ្ជួនថាមពលមកកម្ពុជា ថៃ និងវៀតណាមជាដើម។
ក្រុមហ៊ុន Evolution Power Investment Corporation (EPIC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនឡាវ Khounmixay Bridge and Road Construction and Repair Company (KMX) ដើម្បីធ្វើការសិក្សាអំពីលទ្ធភាពសម្រាប់គម្រោងនេះ។ នេះបើយោងតាមការគេហទំព័រ ASEAN Today កាលពីពេលថ្មីៗនេះ។
រោងចក្រនេះត្រូវបានរាយការណ៍ថានឹងផលិតថាមពល ១០០០ មេហ្គាវ៉ាត់ (MW) ហើយនឹងត្រូវបង្កើតថាមពលដោយធ្យូងថ្ម ខណៈដែលរបាយការណ៍បានឱ្យដឹងថា ការសិក្សានេះនឹងពិចារណាលើបច្ចេកវិទ្យាឡចំហាយចំនួន២ ដែលជាធម្មតាប្រើជាមួយធ្យូងថ្ម។ រោងចក្រនេះត្រូវបានរាយការណ៍ថានឹងដំណើរការលើប្រភពប្រេង ដែលបានទាញយកពីក្នុងស្រុក និងបន្ថែមតម្លៃដល់ធនធានធម្មជាតិក្នុងតំបន់។
ប្រទេសឡាវមានបំរុងទុកធ្យូងថ្មប្រមាណ ៦០០ ទៅ៧០០ លានតោន ដែលភាគច្រើនជាធ្យូងថ្មលីគណាយ ដែលជាប្រភពថាមពល តែបំពុលបរិយាកាសបំផុតមួយនៅលើពិភពលោក។ ក្រុមអ្នកអភិវឌ្ឍន៍រោងចក្រថ្មីបានទទួលស្គាល់រួចហើយនូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃគម្រោង ដែលបានចោទជាសំណួរអំពីមូលហេតុដែលរដ្ឋាភិបាលឡាវសម្រេចចិត្តថា គម្រោងនេះមានតម្លៃ។
លោក Khamthanh Phommathat អនុប្រធានក្រុមហ៊ុន KMX បាននិយាយថា ថាមពលធ្យូងថ្មមានតួនាទីយ៉ាងសំខាន់ និងនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតថាមពលចម្រុះ សម្រាប់តំបន់អាស៊ាន។ វាមានសារៈសំខាន់ណាស់ ដែលបច្ចេកវិទ្យាចុងក្រោយត្រូវបានប្រើដើម្បីកាត់បន្ថយផលប៉ះពាល់បែបនេះ”។
ការសិក្សាលទ្ធភាពសម្រាប់រោងចក្រសេកុងនឹងផ្តោតលើភាពឋិតថេរនៃសេដ្ឋកិច្ចសង្គម និងបរិស្ថាននៃគម្រោង។
ដោយសារគម្រោងអភិវឌ្ឍន៍ខ្នាតធំនៅប្រទេសឡាវច្រើនតែខ្វះតម្លាភាព ព័ត៌មានលម្អិត និងដំណើរការក្នុងអំឡុងពេលសិក្សាលទ្ធភាពនឹងមានសារៈសំខាន់។
រោងចក្រដែលគាំទ្រដោយសឹង្ហបុរីនឹងក្លាយជាគម្រោងថាមពលធ្យូងថ្មទី២ របស់ឡាវ។ ការប្រកាសបង្កើតរោងចក្រសេកុងថ្មីនេះក៏កើតឡើង ៩ ខែផងដែរ បន្ទាប់ពីឡាវបានចុះកិច្ចព្រមព្រៀងជាមួយកម្ពុជា ដើម្បីនាំចេញថាមពលធ្យូងថ្ម។
រដ្ឋាភិបាលថា នៅក្រោមកិច្ចព្រមព្រៀងនេះប្រទេសកម្ពុជានឹងទិញថាមពលអគ្គិសនីពីរោងចក្រថាមពលធ្យូងថ្ម ១៨០០ មេហ្គាវ៉ាត់ដែលគ្រប់គ្រងដោយក្រុមហ៊ុន Xekong Thermal Power Plant Company Limited និង៦០០មេហ្គាវ៉ាត់ពីក្រុមហ៊ុន TSBP Sekong Power and Mineral Company Limited៕






