ដោយ ៖ ប៊ី
ភ្នំពេញ ៖ តំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសកម្ពុជាស្ថិតក្នុងចំណោមដៃគូអាស៊ានជាច្រើន ដែលមានសក្តានុពលសម្រាប់វិនិយោគិនអាមេរិក ដែលស្វែងរកការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ។ នេះបើយោងតាមរបាយការណ៍ថ្មីៗនេះដែលធ្វើឡើងដោយក្រុមហ៊ុនសេវាកម្មអន្តរជាតិមួយ។
ក្រុមហ៊ុន Dezan Shira & Associates ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មជំនាញ ពន្ធ ច្បាប់ និងប្រតិបត្តិការដល់វិនិយោគិនក្រុមហ៊ុនអន្តរជាតិ បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសរបស់តំបន់កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលពាណិជ្ជកម្មកាន់តែច្រើនរវាងតំបន់ និងសហរដ្ឋអាមេរិក តាមរយៈការលើកទឹកចិត្តផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ។
ក្នុងគោលបំណងដើម្បីក្លាយជាប្លុកពាណិជ្ជកម្មដ៏មានឥទ្ធិពលនោះបណ្តាប្រទេសអាស៊ានបាន និងកំពុងជំរុញតំបន់សេដ្ឋកិច្ចពិសេស ដែលជាមូលដ្ឋានគ្រឹះមួយក្នុងការជំរុញលើកទឹកចិត្តការវិនិយោគផ្ទាល់ពីបរទេស (FDI) បន្ថែមទៀត។ តំបន់សេដ្ឋកិច្ចពិសេសបានទទួលនូវភាពលេចធ្លោកាន់តែខ្លាំងឡើង បន្ទាប់ពីការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ ២០១៥ ហើយវាបានក្លាយជាឧបករណ៍សំខាន់ ដើម្បីទាក់ទាញវិនិយោគិនអាមេរិក ដែលកំពុងសម្លឹងរកមើលការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ។
ប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣១ នៅទូទាំងប្រទេស ប៉ុន្តែមានតែតំបន់សេដ្ឋកិច្ចពិសេសចំនួន១៧ ប៉ុណ្ណោះ ដែលមានសកម្មភាពនៅក្នុងប្រទេស ដែលភាគច្រើននៅតាមព្រំដែនជាមួយប្រទេសវៀតណាម និងប្រទេសថៃ។
យោងតាមរបាយការណ៍ ការលើកទឹកចិត្តពន្ធផ្សេងៗអាចទទួលបាននៅក្រោមតំបន់ទាំងនេះរាប់ចាប់ពីការលើកលែងពន្ធលើប្រាក់ចំណូលក្រុមហ៊ុន ១០០ ភាគរយរហូតដល់ ៩ ឆ្នាំដើម្បីរួចផុតពីពន្ធនាំចូល និងនាំចេញ។
ក្រុមហ៊ុនអាមេរិកមួយចំនួន ដែលបានវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជារួមមានកូកាកូឡា ដែលបានបើករោងចក្រតម្លៃ ១០០ លានដុល្លារនៅឯតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កាលពីឆ្នាំ ២០១៦ ចាប់តាំងពីពេលនោះមកមានម៉ាកផ្សេងទៀតដូចជា Apple Timberland Puma និងក្រុមហ៊ុន IBM បានបង្កើតវត្តមាននៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
តួលេខផ្លូវការពីការិយាល័យជំរឿនអាមេរិកបានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរត្រូវបានកត់ត្រាក្នុងតម្លៃប្រមាណ ២ ពាន់លានដុល្លារក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ កើនឡើង ២៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Dezan Shira & Associates ផលិតផលសំខាន់ៗរបស់កម្ពុជាដែលនាំចេញទៅទីផ្សារសហរដ្ឋអាមេរិកភាគច្រើនជាផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែក និងស្បែកជើងដែលគិតជាទឹកប្រាក់ជាង១ពាន់លានដុល្លារជារៀងរាល់ឆ្នាំ៕






