អ្នកឧកញ៉ាពុង ឃាវសែៈការប្រើប្រាស់កំលាំងពលកម្មលើការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនឹងកើនដល់ចំនួនជាង២ម៉ឺននាក់ក្នុងមួយថ្ងៃ

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ អ្នកឧកញ៉ា ពុង ឃាវសែ ម្ចាស់វិនិយោគលើអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បានឱ្យដឹងថា ការសាងសង់អាសកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីស្ថិតនៅក្នុងខេត្តកណ្តាល និងតាកែវ នឹងផ្តល់ឱកាសការងារប្រមាណ ២ ម៉ឺននាក់ ខណៈការចំណាយនឹងកើនដល់ជាង ១ លានដុល្លារអាមេរិកក្នុងមួយថ្ងៃៗនាពេលខាងមុខនេះ ។

អ្នកឧកញ៉ា ពុង ឃាវសែ នៅព្រឹកថ្ងៃទី ២២ មិថុនា ឆ្នាំ២០២០ ឱ្យដឹងថា បច្ចុប្បន្នមានកម្មករដែលកំពុងបំរើការងារនៅក្នុងការដ្ឋាន ១១០២ នាក់ ក្នុងនោះមានវិស្វករបរទេសចំនួន៩៥នាក់ និងវិស្វករខ្មែរ ១១០ នាក់ និងតាមការប៉ាន់ស្មាននៅពេលខាងមុខនេះ ត្រូវការកម្លាំងពលកម្មប្រមាណ២ មឺននាក់ក្នុងមួយថ្ងៃៗ ។
អ្នកឧកញ៉ា បានបញ្ជាក់ថា “តាមរយៈការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ នឹងអាចបណ្តុះបណ្តាលអ្នកឯកទេស និងវិស្វករខ្មែរបានយ៉ាងច្រើន និងផ្តល់កម្លាំងបន្ថែមដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជានាពេលអនាគត”។

រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានចំណាយថវិកាអស់ប្រមាណ ១២០ លានដុល្លារអាមេរិក លើការធ្វើប្រឹក្សាយោបល់ ផ្នែករចនាគូរប្លង់ និងការបុកគ្រឹះ ចាក់ដី ពង្រាបដី និងការកែកុនគុណភាពដី នឹងអាចចំណាយប្រមាណ ២០៨ លានដុល្លារបន្ថែមរហូតដល់ដំណាច់ឆ្នាំ ២០២០នេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការសារទចំពោះសកម្មភាពនៃការសាងសង់នានានៅកម្ពុជា ដែលបានផ្តល់ឱកាសការងារដល់ពលរដ្ឋជាង ២លាននាក់ ខណៈដែលកម្ពុជាកំពុងទទួលរងនូវផលប៉ះពាល់ដោយជំងឺ Covid-19 ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការរដំណើរការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងប្រទេសកម្ពុជា ជាពិសេស អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះនឹងរួមចំណែកផ្តល់ការងារដល់ប្រជាពលរដ្ឋដែលកំពុងជួបវិបត្តិការងារដោយសារជំងឺ Covid-19 ផងដែរ ។

រហូតមកទល់ពេលនេះការសាសង់ព្រលានយន្តហោះថ្មីនេះ គឺសម្រេចលទ្ធផលបានប្រមាណជាង ៣០ភាគរយហើយ។ អាកាសយានដ្ឋានថ្មីនេះជាប្រភេទ 4F ដែលអាចឱ្យយន្តហោះធំៗដូចជា Airbus A380-800 និង Boeing 747-800 ចុះចតបាន។

កម្ពុជានឹងកាន់តែទាក់ទាញបានភ្ញៀវទេសចរ និងអ្នកវិនិយោគគិនកាន់តែច្រើនឡើងក្រោយពីព្រលានយន្តហោះអន្តរជាតិថ្មីនេះកសាងរួច។ ព្រលានយន្តហោះអន្តរជាតិថ្មីនេះ គឺវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ឱ្យបានរួចរាល់នៅឆ្នាំ២០២៣ ខាងមុខនេះក្នុងតំណាក់កាលទី១៕

LEAVE A REPLY

Please enter your comment!
Please enter your name here