សម្ដេចតេជោអះអាងថា មិនមានគម្រោងប្រែក្លាយព្រលានយន្តហោះពោធិ៍ចិនតុង ទៅជាក្រុងរណបនោះទេ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា បើទោះជាព្រលានអន្តរជាតិភ្នំពេញថ្មី ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរ និងដាក់ឱ្យដំណើរការជាផ្លូវការក៏ដោយ សម្រាប់ព្រលានយន្តហោះចាស់ពោធិ៍ចិនតុង នៅតែបន្តដំណើរការដដែលគ្មានគម្រោងវិនិយោគប្រែក្លាយជាទីក្រុងរណបនោះទេ។

ថ្មីៗនេះក្រោយដំណើរការបើកការដ្ឋានសាងសង់ ព្រលានយន្ដហោះអន្តរជាតិភ្នំ​ពេញថ្មី ដែលមានតម្លៃវិនិយោគ១៥០០លានដុល្លារនោះ មានការលើកឡើងដោយគ្មានប្រភពច្បាស់ការណ៍ថា ព្រលានយន្ដហោះចាស់ពោពិ៍ចិនតុង នឹងត្រូវបានធ្វើការអភិវឌ្ឍថ្មីជាមួយគម្រោងប្រែក្លាយ ទៅជាទីក្រុងរណបថ្មីមួយទៀតចំណុះរាជធានីភ្នំពេញ ដែលការលើកឡើងនេះ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា “មិនមែនជាការពិតនោះទេ”។

មានប្រសាសន៍នៅក្នុងពិធីចុះ ត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រដ្ឋាភិបាលគ្មានគម្រោងវិនិយោគ និងប្រែក្លាយព្រលានយន្តហោះចាស់ពោធិ៍ចិនតុង ទៅជាទីក្រុងរណបថ្មីមួយទៀត ចំណុះឱ្យរាជធានីភ្នំពេញ ដូចការលើកឡើងដោយគ្មានប្រភពច្បា​ស់លាស់នោះទេ។

សម្ដេចតេជោ បានមានប្រសាសន៍ថា “នៅក្នុងតំបន់របស់យើងគេមានយន្តហោះច្រើនណាស់តែខ្វះកន្លែងដាក់ យើងអាចរៀបចំមូលដ្ឋាន ដើម្បីឲ្យគេអាចយកយន្តហោះមកផ្ញើជាមួយយើង បើយើងមានមូលដ្ឋានល្អ ហើយសម្រាប់ការអញ្ជើញមកដល់នៃឥស្សរជនជាន់ខ្ពស់ ជាព្រះមហាក្សត្រ ជាប្រមុខរដ្ឋ ជានាយករដ្ឋមន្ត្រីមកទស្សនៈកិច្ចនៅកម្ពុជា គឺចុះនៅពោធិ៍ចិនតុងដដែល”។ សម្ដេចបានបញ្ជាក់ថា “អ្នកខ្លះគេថា ពោធិ៍ចិនតុងអាចក្លាយជាទីក្រុងរណបមួយថ្មី អត់ទេ អាហ្នឹងចាំដំណាក់កាលក្រោយខ្ញុំ អ្នកណាធ្វើនាយករដ្ឋមន្ត្រីពេលនោះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here