ដោយ វុត្ថា
ភ្នំពេញ៖ ជនបរទេសដែលអាចសុំសញ្ជាតូបនីយកម្មបាន ត្រូវបំពេញលក្ខខណ្ឌដូចតទៅ ៖ ត្រូវមានលិខិតបញ្ជាក់ថា មានគំនិតមារយាទនិងសីលធម៌ល្អ ត្រូវមានលិខិតថ្កោលទោសបញ្ជាក់ថា ពុំដែលមានទោសពីបទព្រហ្មទណ្ឌណាមួយជននោះមានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្នាក់នៅជាប់ចំនួន ៧ ឆ្នាំ ដោយគិតពីថ្ងៃដែលបានទទួលបណ្ណស្នាក់នៅ ចេញឲ្យក្នុងក្របខណ្ឌនៃច្បាប់ស្តីពីអន្តោប្រវេសន៍ត្រូវមានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានបណ្ណស្នាក់នៅដែលចេញឲ្យក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីពីអន្តោប្រវេសន៍ នៅពេលដាក់ពាក្យសុំសញ្ជាតូបនីកម្ម ត្រូវចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ដឹងពីប្រវត្តិសាស្ត្រខ្មែរខ្លះ។
ជនបរទេសនោះត្រូវបង្ហាញភស្តុតាងច្បាស់ថា ខ្លួនអាចរស់នៅក្នុងសង្គមខ្មែរបានដោយសុខដុម ព្រមទាំងទទួលបាននូវទំនៀមទម្លាប់ និងប្រពៃណីល្អរបស់ខ្មែរត្រូវមានបញ្ញា និងកាយសម្បទាដែលមិននាំឲ្យមានគ្រោះថ្នាក់ ឬនាំឲ្យមានបន្ទុកដល់ជាតិ។
ចំពោះជនបរទេសដែល រស់នៅដោយស្របច្បាប់នៅលើទឹកដីនៃប្រទេសកម្ពុជាអស់រយៈពេល ៧ឆ្នាំ អាចដាក់ពាក្យចូលជាសញ្ជាតិខ្មែរបាន តាមរយៈសញ្ជាតូបនីយកម្ម ដោយថែមទាំងត្រូវបំពេញលក្ខខណ្ឌមួយចំនួនដែលច្បាប់តម្រូវទើបអាចទទួលសញ្ជាតិខ្មែរបាន។ បន្ថែមជាងនេះទៅទៀត ចំពោះជនបរទេសអន្តោប្រវេសន្តណាដែលកើតក្នុងព្រះរាជាណាចក្រកម្ពុជា រយៈពេលស្នាក់នៅជាប់ចំនួន ៧ឆ្នាំ ត្រូវបន្ថយមកនៅ ៣ឆ្នាំវិញ ។
រីឯ ជនបរទេសដែលបានទទួលលិខិតអនុញ្ញាតឲ្យវិនិយោគត្រឹមត្រូវតាមច្បាប់ ពីស្ថាប័នមានសមត្ថកិច្ច (ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា) ហើយបានចំណាយទុនអនុវត្តគម្រោងវិនិយោគជាក់ស្តែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជនបរទេសនោះអាចដាក់ពាក្យសុំចូលសញ្ជាតូបនីយកម្មបាន ក្នុងករណីជនបរទេសនោះបានបំពេញលក្ខខណ្ឌដូចមានចែងក្នុងចំណុចទី១ ទី២ ទី៤ ទី៥ និងទី៦ មាត្រា ១៩នៃច្បាប់នេះ និងបានស្នាក់នៅស្របច្បាប់យ៉ាងហោចរយៈពេល ១២ខែ ពេញលេញក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំនួនទឹកប្រាក់ វិស័យអាទិភាព និងប្រភេទគម្រោង វិនិយោគ ព្រមទាំងលក្ខខណ្ឌផ្សេងទៀត ត្រូវកំណត់ដោយអនុក្រឹត្យ។
ជនបរទេសណា ដែលបានធ្វើអំណោយជាសាច់ប្រាក់ដល់ថវិកាជាតិ សម្រាប់ជាផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ឬវិស័យមនុស្សធម៌នៅព្រះរាជាណាចក្រកម្ពុជា ជនបរទេសនោះអាចដាក់ពាក្យសុំចូលសញ្ជាតិខ្មែរបាន ក្នុងករណីដែលជននោះបានបំពេញលក្ខខណ្ឌដូចមានចែងក្នុងចំណុចទី១ ទី២ ទី៤ និងទី៦ មាត្រា ១៩ នៃច្បាប់នេះ និងបានស្នាក់នៅស្របច្បាប់យ៉ាងហោចរយៈពេល ៦ខែពេញលេញ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំនួនទឹកប្រាក់អំណោយជាសាច់ប្រាក់ដល់ថវិកាជាតិ ឬវិស័យមនុស្សធម៌ត្រូវកំណត់ដោយអនុក្រឹត្យ។
បន្ថែមជាងនេះទៅទៀត ចំពោះជនបរទេសដែលបានបង្ហាញនូវភស្តុតាងថា បានផ្តល់គុណសម្បត្តិពិសេស ឬថ្វីដៃពិសេសអ្វីមួយជាប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជា និងបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាចដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម ៕