រដ្ឋបាលខេត្តកំពត បានចេញបណ្ណកម្មសិទ្ធិដីជាង១៧ពាន់បណ្ណដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកដងទង់

0

ដោយៈ វុត្ថា

កំពតៈ រដ្ឋបាលខេត្តកំពត តាមរយៈមន្ទីររៀបចំដែនដី នគរូបនីកម្មសំណង់ និងសុរិយោដីខេត្ត បានធ្វើការចុះបញ្ជីដីធ្លី សម្រេចចេញបណ្ណសរុបបានចំនួន១៧១០៦បណ្ណ ហើយបានចែកជូនសរុបចំនួន១៥.៨៨៤បណ្ណ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានចំនួន ៥ឃុំ ស្មើនឹង ២៣ភូមិ ក្នុងស្រុកដងទង់នៃខេត្តកំពត។

នៅក្នុងពិធីប្រគល់វិញ្ញាបណ្ណបត្រ័សំគាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋស្រុកដងទង់ ចំនួន១៥០គ្រួសារនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ការប្រគល់បណ្ណសំគាល់អចលនទ្រព្យ ដល់ប្រជាពលរដ្ឋនេះ ពិតជាមានសារៈប្រយោជន៍ និងជាឯកសារភស្តុតាងរឹងមាំចំពោះមុខច្បាប់។

ជាមួយនឹងការផ្តល់ជូននូវបណ្ណ សម្គាល់ម្ចាស់កម្មសិទ្ធិកាន់កាប់ដីធ្លីនេះ លោកអភិ​បាលខេត្ត បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យថែរក្សាបណ្ណឱ្យបានគង់វង្សល្អ និងប្រើប្រាស់ដីឱ្យទៅជាប្រយោជន៍ សម្រាប់ការលើកកម្ពស់ជីវភាពរបស់បងប្អូន ឱ្យបានកាន់តែប្រសើរឡើង។ លោកបានសន្យាថា នឹងបន្តពិនិត្យ និងជំរុញដល់ការចេញបណ្ណកម្មសិទ្ធដីធ្លីបន្ថែមទៀត ដោយរៀបចំផែនការឲ្យបានច្បាស់លាស់ ដើម្បីការចេញបណ្ណបានលឿន។

រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាន

បញ្ជាក់ថា ការចុះបញ្ជីដីធ្លីពិតជាមានសារ:ប្រយោជន៍ណាស់ សម្រាប់ប្រជាពលរដ្ឋ ព្រោះកាលណាប្រជាពលរដ្ឋទទួលបានកម្មសិទ្ធិដីធ្លីនោះ បញ្ហាទំនាស់ដីធ្លីនឹងត្រូវបានកាត់បន្ថ​យ ហើយវាក៏អាចឱ្យប្រជាពលរដ្ឋម្ចាស់ដី ក្រោយទទួលបានប័ណ្ណកម្មសិទ្ធិអាចយកទៅប្រើប្រាស់តាមតម្រូវការ។

ម្យ៉ាងទៀត ប្រជាពលរដ្ឋនឹងក្លាយជាម្ចាស់ដី ពិតប្រាកដទៅតាមច្បាប់ ហើយមានលទ្ធភាពគ្រប់គ្រាន់ក្នុងពង្រីករបរកសិកម្ម ឬមុខរបរផ្សេងទៀតលើដីកម្មសិទ្ធិនេះ ដែលជួយជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្របានមួយកម្រិតថែមទៀត។

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់លើវិស័យដីធ្លីជូនពលរដ្ឋ និងបានដាក់ចេញនូវយុទ្ធនាការវាស់វែងដីធ្លី ដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលជាគោលនយោ​បាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី ក្នុងគោលបំណងការពារប្រយោជន៍ របស់ប្រជាពលរដ្ឋ។ ពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លីនៅកម្ពុជា មានពីរប្រភេទ គឺ ៖ ១)- ការចុះបញ្ជីដាច់ដោយដុំ គឺជាការចុះបញ្ជី តាមការស្នើសុំរបស់ម្ចាស់ដី និងទី ២)- ការចុះបញ្ជីដោយប្រព័ន្ធគឺជាការចុះបញ្ជីតាមគម្រោងឬផែនការរបស់រដ្ឋ។ សម្រាប់ការស្នើសុំចុះបញ្ជីអចលនទ្រព្យ គឺត្រូវប្រើរយៈពេលចំនួន៥២ថ្ងៃ និងកម្រៃសេវាគឺមានតម្លៃ៦០ម៉ឺនរៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here