ដោយ គង់ សូរិយា
ភ្នំពេញ៖ នៅទីបំផុតផ្សារទំនើបបែបសហគមន៍ THE PARK ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ បានចាប់ផ្តើមបើកដំណើរការជាបណ្តើរៗហើយ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋនៅតំបន់នេះ។
ការមកដល់នៃផ្សារបែបសហគមន៍នេះ ស្របគ្នានឹងការមកដល់នៃភោជនីយដ្ឋានល្បីៗដូចជា The PIZZA COMPANY,Park Cafe , ហាងកាហ្វេAmazon ដែលមកកាន់តំបន់នេះមុនគេ និងហាងទំនើបៗជាច្រើនទៀត ដែលធ្វើឲ្យតំបន់ជាប់ផ្លូវជាតិលេខ១ កាន់តែមានសក្តានុពល និងសកម្មភាពពាណិជ្ជកម្មយ៉ាងរស រវើក។
-->
ជាមួយនឹងការមកដល់នូវផ្សារទំនើបបែបសហគមន៍នេះ ហាងកាហ្វេដ៏ល្បី ក្នុងស្រុក Brown Caffee ក៏បានបើកដំណើរការមុនគេ នៅក្នុងបរិវេណផ្សារទំនើបនេះ។ ហាងកាហ្វេនេះបានបើកដំណើរការកាលពីថ្ងៃទី១ មេសាកន្លងមកនេះ។

អ្នកនាង អាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia ដែលជាក្រុមហ៊ុនតំណាងឲ្យការជួលផ្តាច់មុខ នៃផ្សារ The Park បានមានប្រសាសន៍ថា ការមកដល់នៃផ្សារទំនើបថ្មីៗនៅទីក្រុងភ្នំពេញ បានលើកកំពស់មុខមាត់នៃ ទីក្រុងនេះ និងបញ្ជាក់ពីការរីកចម្រើននៃសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ ដោយសារកំនើនប្រាក់ចំណួលរបស់ប្រជាពលរដ្ឋ បានធ្វើឲ្យអំណាចនៃការទិញកើនឡើងជាស្វ័យប្រវត្តិ។
អ្នកនាងបន្តថា “ទោះជាមានផ្សារទំនើបកាន់តែច្រើនក្តី តែកម្រិតនៃការប្រកួតប្រជែងមិនមានបញ្ហាអ្វីនោះទេ ដោយសារផ្សារទាំងនោះបានចាប់យកចំណែកអតិថិជនខុសៗគ្នា។
ផ្សារសហគមន៍ The Park ស្ថិតនៅជាប់គ្នានឹងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប់ច្រកចូលស្ថានីយ៍វិទ្យុ និងទូរទស្សន៍បាយ័ន។ ក្នុងសង្កាត់និរោធ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕









