សម្តេចតេជោ ហ៊ុន សែន គាំទ្រឱ្យធនាគារប្តឹងរឹបអូសទ្រព្យសម្បត្តិអ្នកមិនសងបំណុលដែលធ្វើតាមការញុះញុងពីជនអគតិ

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់បណ្តាធនាគារទាំងអស់ប្តឹងទៅតុលាការដើម្បីរឹបអូសទ្រព្យសម្បត្តិអ្នកដែលជំពាក់ធនាគារ ហើយមិនព្រមសងតាមការញុះញុងរបស់ជនអគតិមួយចំនួន ខណៈដែលរាជរដ្ឋាភិបាល បាន នឹងកំពុងរៀបចំឥណទានឡើងវិញ ដើម្បីសម្រួលដល់អត្រាកាប្រាក់ និងយោគយល់ក្នុងវិបត្តិជំងឺ Covid-19។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីអញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺ Covid-19 ប្រមាណ៦០ម៉ឺនគ្រួសារនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះវិស័យធនាគារក្នុងការរឹបអូសទ្រព្យសម្បត្តិអ្នកដែលមិនបានសងធនាគារវិញ ដែលបានអនុវត្តតាមការបំផុសពីជនអគតិ។

សម្តេចតេជោ បានមានប្រសាសន៍ថា “ឥឡូវនេះមានអ្នកបំផុសឱ្យដកលុយពីធនាគារ គេមានដកឯណា ហើយធនាគារខ្លះសល់លុយ ហើយអ្នកដែលចង់ឱ្យធនាគារនៅក្នុងស្រុកខ្មែរដួលរលំ កុំសងធនាគារ ដកលុយពីធនាគារ ប្រហែលខកចិត្តមិនតិចនោះទេ”។

ត្រង់ចំណុចនេះ សម្តេចតេជោបញ្ជាក់ថា “ខ្ញុំសូមបញ្ជាក់ថា ខ្ញុំលើកទឹកចិត្តឱ្យមានការរឹបអូស ប្រសិនបើអ្នកឯងជឿទៅលើអ្នកដែលឃោសនាកុំឱ្យសងលុយទៅធនាគារ។ ខ្ញុំគ្រាន់តែអំពាវនាវសុំឱ្យធនាគារធ្វើការយោគយល់ នៅក្នុងដំណាក់កាលនៃការលំបាក ប៉ុន្តែការសងនៅតែសងហ្នឹង”។

សម្តេចតេជោបន្ថែមថា “ប៉ុន្តែអ្នកចលនានៅតែចលនាកុំឱ្យសងទៅធនាគារ ខ្ញុំមិនគាំទ្រ ហើយធនាគារត្រូវប្តឹងទៅតុលាការ ដើម្បីរឹបអូស បើសិនជាជននោះ គាំទ្រនូវនយោបាយរបស់អ្នកដែលបំផុសចលនាអវិជ្ជមាន ព្រោះអ្នកឯងរកស៊ីខូច មិនទាន់ស្អីផង ចាប់ផ្តើមដំណើររឿងនេះ ព្រោះកាលណាគេធ្វើអីចឹង”។

សម្តេចតេជោ ហ៊ុន សែន ព្រមានថា “អីចឹងសាក់មើល ភាសាណាដែលញុះញង់កុំឱ្យសងធនាគារ យើងគាំទ្រឱ្យធនាគាររឹបអូស អីចឹងអ្នកឯងតាមមើលទៅ អ្នកឯងអំពាវនាវអីចឹង តែយើងនៅទីនេះ យើងអំពាវនាវ យើងមិនចង់ឱ្យមានការរឹបអូសនោះទេ ខ្ញុំធ្លាប់និយាយថា មិនគួរមានការរឹបអូស ក្នុងដំណាក់កាលកូវីដ នេះទេ ប៉ុន្តែខ្ញុំគាំទ្រឱ្យមានការឹបអូស ប្រសិនបើអ្នកដែលជំពាក់ធនាគារ បន្តការឃោសនា ចលនាកុំឱ្យមានការសង ចឹងធនាគារប្តឹង ដើម្បីរឹបអូសទៅ”។

សម្តេច តេជោ បន្ថែមថា “អាហ្នឹង ធ្វើបានតើ អ្នកឯងចង់សាកមើលទៅ ព្រោះច្បាប់ផ្នែកធនាគារគេមាន គោលការណ៍ធនាគារ គេមានរបស់គេ ។ យើងអំពាវនាវឱ្យមានការរៀបចំឥណទានឡើងវិញសម្រាប់សម្រាលដល់អត្រាការប្រាក់ ទុនបំរុងកាតព្វកិច្ច ចុះពី ១២ ភាគរយ និង ១២,៥ ភាគយ មកនៅត្រឹម ៧ ភាគរយនៅក្នុងមួយឆ្នាំ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here