ដោយវុត្ថា
បាងកកៈ រដ្ឋាភិបាលនៃប្រទេសហ្វាំងឡង់ គ្រោងនឹងជួយពង្រឹងប្រព័ន្ធសិក្សាពីចម្ងាយ ឬហៅថាE-Learning និងដំឡើងចក្រសម្រាប់ម៉ាស៊ីនភ្លើង ដែលនាំចូលពីហ្វាំងឡង់ តាមរយៈការបញ្ជូនវិស្វករ និងជំនាញការមកកាន់កម្ពុជា ដើម្បីផ្ទេរចំណេះដឹង និងចំណេះធ្វើ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។

គម្រោងនេះ ត្រូវបានបង្ហើបនៅក្នុងជំនួបពិភាក្សារវាងលោកអ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃឡង់ដ៏ និងលោកស្រី Satu Suikkari-Kleven ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វាំងឡង់ ប្រចាំប្រទេសថៃឡង់ដ៏ និងកម្ពុជាកាលពីពេលថ្មីៗនេះ នៅស្ថានឯកអគ្គរាជទូតកម្ពុជា នាទីក្រុងបាងកក។
លោកស្រី Satu Suikkari-Kleven ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វាំងឡង់ថ្លែងថា ជាមួយគ្នានេះ រដ្ឋាភិបាលនៃប្រទេសហ្វាំងឡង់ មានផែនការបើកស្ថានកុងស៊ុលកិត្តិយសហ្វាំងឡង់នៅទីក្រុងភ្នំពេញ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងការទូតទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅថែមទៀត។

លោកអ៊ូក សោភ័ណ បានស្វាគមន៍គម្រោងខាងលើនេះ ព្រោះកន្លងមក ហ្វាំងឡង់បានផ្តល់ជំនួយ ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសការងារចុះបញ្ជីដីធ្លី ការអភិវឌ្ឍវិស័យកសិកម្ម ការបោសសម្អាតមីន និងការទប់ស្កាត់អំពើជួញដូរមនុស្ស។
ក្រោយពីកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ ២០១៩ របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កម្ពុជាបានចុះកិច្ចព្រមព្រៀងទិញម៉ាស៊ីនភ្លើង ដែលអាចផលិតថាមពលអគ្គិសនីរហូតដល់២០០មេហ្គាវ៉ាត់ ពីប្រទេសហ្វាំងឡង់ ដើម្បីបំពេញតម្រូវការកង្វះខាតថាមពលអគ្គិសនីនៅក្នុងប្រទេស៕






