ការសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីតំបន់រង្វង់មូលចោមចៅសម្រេចបាន ជាង៤០ភាគរយ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ មន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា គិតត្រឹមដើមសប្ដាហ៍នេះ គម្រោងស្ថាបនា សាងសង់ស្ពានអាកាស និងផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅ សម្រេចបានលទ្ធផលជាង៤០ភាគរយហើយ ដោយគ្រោងបញ្ចប់ទាំង​ស្រុងនៅត្រឹមចុងឆ្នាំ២០២១ ខាងមុខនេះ។

ដូចទៅនឹងប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាលើកឡើងថា វិបត្តិនៃជំងឺ Covid-19 មិនមែនជាឧបសគ្គ ដែលអាចរារាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសកម្ពុជាបាននោះទេ។ ជាក់ស្ដែងគិតត្រឹមដើមសប្ដាហ៍នេះ ជាលទ្ធផលនៃការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី តំបន់រង្វង់មូលចោមចៅ សម្រេចបានជាង៤០ភាគរយស្របទៅតាមផែនការដែលបានកំណត់។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ បានអះអាងថា សំណង់ផ្លូវថ្នល់នៅចំណុចបំបែកចោមចៅផ្នែកផ្លូវក្រោមដី នឹងស្ថាបនារួចរាល់នៅចុងខែកក្កដាខាងមុខនេះ បន្ទាប់មកក្រុមការងារនឹងបន្តសាងសង់ ស្ពានអាកាសបន្តទៀត ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ ពិសេសកាត់បន្ថយភាពកកស្ទះ។

លោកបានបញ្ជាក់ថា “ពេលនេះក្រុមជំនាញកំពុងមមាញឹក ក្នុងការស្ថាបនាគម្រោ​ងនេះឱ្យហើយតាមផែនការ បើទោះបីជារដូវវស្សាឈានចូលមកដល់ ដែលបង្កឱ្យមានផលប៉ះពាល់នូវដំណើរការស្ថាបនាបន្តិចមែន ប៉ុន្ដែមិនមែនជាឧបសគ្គដល់ការសាងសង់នោះទេ ដោយខាងមន្ទីរសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាជំរុញឱ្យការងារនេះរួចរាល់តាមការកំណត់ ដែលផ្លូវក្រោមនឹងរួចរាល់ជាស្ថាពរនៅចុងខែកក្កដាខាងមុខនេះ”។

លោកបន្តថា ក្រោយពេលឡើងផុតផ្លូវក្រោមដីទៅ យើងនឹងមានភាពធូស្រាលហើយ ដោយមិនមានភាពលំបាកអ្វីទៀតនោះទេ ដោយយើងកំពុងតែជំរុញ ផ្លូវក្រោមដីស្ថាបនារួចរាល់នៅខែកក្កដា ផុតពីហ្នឹងទៅយើងនឹងមានភាពងាយស្រួល និងមានការលំបាកខ្លះនៅផ្លូវក្រោមដីពេលមេឃភ្លៀង។

នៅក្នុងគម្រោងនេះ ផ្លូវក្រោមដី គឺជាផ្លូវកោងតភ្ជាប់ចរាចរណ៍ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប១៣០ម៉ែត្រ មានទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមាន២គន្លងសម្រាប់រថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ចំណែកផ្លូវក្រោមដីមួយទៀត  ជាផ្លូវតភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែ​ល​មានប្រវែងសរុប៤៧០ម៉ែត្រ មានទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

ជាមួយគ្នានេះ គម្រោងនេះនឹងមានស្ពានអាកាសចំនួន៣ខ្សែបន្ថែមទៀត ដែលមានស្ពានអាកាសមេទី១ តភ្ជាប់ចរាចរណ៍ពីមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវជាតិលេខ៣ ដោយមានប្រវែងសរុប៤០៨ ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ មានចរាចរចំនួនពីរគន្លងទៅ និងចំនួនពីរគន្លងមក។

ស្ពានអាកាសទី២ គឺបំបែកចេញពីស្ពានអាកាសមេទី១ បត់ឆ្វេងតភ្ជាប់ចរាចរណ៍ពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់តែចរាចរណ៍មួយទិសប៉ុណ្ណះ ដោយមួយគន្លងសម្រាប់ថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប២០២ម៉ែត្រ និងមានទទឹង៥,២៥ម៉ែត្រ។  ចំណែកស្ពានទី៣ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ មានទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here