កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំក្នុងពិភពលោក កម្ពុជានឹងក្លាយជាប្រទេសហត្ថលេខីមួយនឹងត្រូវចុះហត្ថលេខាចុងឆ្នាំនេះ

0

ដោយ ប៊ី

ភ្នំពេញៈ រដ្ឋមន្រ្តីនៃប្រទេសសមាជិកទាំង១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងនូវែលសេឡង់បានបញ្ជាក់ជាថ្មី ពីការ    ប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការចុះហត្ថលេខាលើកិច្ច ព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅចុងឆ្នាំនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយស្តីពីប្រព័ន្ធផ្សព្វផ្សាយកាលថ្ងៃអង្គារកន្លងមកនេះ។

សេចក្តីថ្លែងការណ៍ប្រព័ន្ធផ្សព្វផ្សាយ ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអន្តរក្រសួង (RCEP) លើកទី១០ ដែលដឹកនាំដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមនៅថ្ងៃអង្គារកន្លងមកនេះបានឱ្យដឹងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នឹងក្លាយជាសញ្ញាច្បាស់មួយ នៃការគាំទ្រដោយមិនផ្លាស់ប្តូររបស់សមាជិក សម្រាប់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី សមាហរណកម្មតំបន់ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចនៅទូទាំងតំបន់។

បណ្តារដ្ឋមន្រ្តីទាំងអស់បានឯកភាព នៅក្នុងសេចក្តីថ្លែងការណ៍ថា សារៈសំខាន់របស់ RCEP នៅតែបន្តរីកចំរើន បើទោះជាមានការរីករាលដាលនៃជំងឺរាតត្បាត COVID-១៩ ដែលជាបញ្ហាប្រឈមដែលមិនធ្លាប់មាន សម្រាប់ពាណិជ្ជកម្មការវិនិយោគ និងបណ្តាញផ្គត់ផ្គង់សកល ដែលទាមទារឱ្យមានការឆ្លើយតបជាសកល។

រដ្ឋមន្ត្រីក៏បានយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល ដើម្បីជួយសម្រួលដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរឹងមាំ និងកំណើន ក៏ដូចជាកំណើនប្រក​បដោយចីរភាព តុល្យភាព និងការរួមបញ្ចូលគ្នា បន្ទាប់ពីវិបត្តិនេះ។

សេចក្តីថ្លែងការណ៍បានឱ្យដឹងទៀតថា ប្រទេសឥណ្ឌាគឺជាអ្នកចូលរួមដ៏សំខាន់នៅក្នុងការចរចារRCEP ដោយកត់សម្គាល់ថារដ្ឋមន្រ្តីនានាជឿជាក់ថា ការចូលរួមរបស់ឥណ្ឌានៅក្នុងRCEP នឹងរួមចំណែកដល់ការជម្រុញ និងភាពរុងរឿងក្នុងតំបន់ និងសង្កត់ធ្ងន់ថា RCEP នៅតែបើកចំហសម្រាប់ប្រទេសឥណ្ឌា។

ផ្តួចផ្តើមគំនិតដោយអាស៊ានក្នុងឆ្នាំ២០១២ RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានស្នើឡើងរវាងប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី (FTA) ចំនួន ៦ របស់ពួកគេគឺចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី នូវែលសេឡង់ និងឥណ្ឌា។ កាលពីខែវិច្ឆិកាឆ្នាំមុនប្រទេសចំនួន១៥ ដែលបានចូលរួមក្នុងកិច្ចព្រមព្រៀងបានបញ្ចប់ការចរចាអត្ថបទ ដោយផ្អែកលើបញ្ហាសំខាន់ៗ ដែលអាចចូលទៅដល់ទីផ្សារនៅឯកិច្ចប្រជុំកំពូល RCEP នៅទីក្រុងបាងកកប្រទេសថៃ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអះអាងនាពេលកន្លងមកថា ទីផ្សារប្រទេសRCEP គឺមានសក្តានុពលធំធេងធំជាងទីផ្សារអឺរ៉ុប និងអាមេរិកឆ្ងាយណាស់ ដែលវាជាជម្រើសសម្រាប់ផលិតផលកម្ពុជា ខណៈដែលកម្ពុជាគឺជាសមាជិកនៃទីផ្សារតំបន់មួយនេះ។

លោកបានគូសបញ្ជាក់ផងដែរថា “កម្ពុជានឹងទទួលបានប្រយោជន៍សេដ្ឋកិច្ចសន្ធឹកសន្ធាប់ និងការវិនិយោគដ៏ច្រើនមហិមា ដែលនឹងនាំឱ្យពលរដ្ឋមានកិច្ចការងារធ្វើ ហើយមានតម្លៃពលកម្មខ្ពស់ថែមទៀតផង”។

មួយវិញទៀត កិច្ចព្រមព្រៀងសេដ្ឋកិច្ចពាណិជ្ជកម្មសេរីក្នុងតំបន់នេះ គឺជាជម្រើសទីផ្សារមួយដ៏ធំ សម្រាប់កម្ពុជាក្នុងការនាំចេញ ហើយនេះគឺជាយុទ្ធសាស្ត្រពង្រីកទីផ្សារបស់កម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here