ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី បោះទុន ១៣៩.៥ លានដុល្លារ សាងសង់រោងចក្រផលិតស្រាបៀរថ្មីមួយទៀត

0

ដោយ ៖ លក្ខិណា

ភ្នំពេញ ៖ រោងចក្រផលិតស្រាបៀរថ្មីមួយទៀតតម្លៃ ១៣៩.៥លានដុល្លារ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី (VATTANAC BREWERY LIMITED) ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់លើផ្ទៃដីទំហំ ១៥ ម៉ឺនម៉ែត្រក្រឡា បន្ទាប់ពីទទួលបានការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នេះ រោងចក្រផលិតស្រាបៀរថ្មីមួយទៀតតម្លៃ ១៣៩.៥លានដុល្លារ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី (VATTANAC BREWERY ដែលមានទីតាំងនៅលើផ្លូវលេខ ១១៤ ក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បន្ទាប់ពីទទួលបានការអនុម័តជាផ្លូវការពីរាជរដ្ឋាភិបាលនិងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ២០២០។

ក្រោមម្លប់នៃសន្តិភាព តាមរយៈការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា២០១៥-២០២៥ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ វិស័យឧស្សាហកម្ម បាន និងកំពុងវិវត្តខ្លួន និងដើរតួនាទីរឹតតែសំខាន់ឡើងក្នុងឋានៈជាកម្លាំងចលករថ្មីដ៏រឹងមាំនៃឃ្នាស់សេដ្ឋកិច្ចជាតិ ក្នុងចំណោមវិស័យជុំរុញកំណើនសំខាន់ៗនៅកម្ពុជា។

ជាមួយនឹងសក្តានុពល និងកាលានុវត្តភាពក្នុងវិស័យឧស្សាហកម្ម ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី បានសម្រេចចិត្តបោះទុនវិនិយោគសាងសង់រោងចក្រស្រាបៀរ ដើម្បី រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការស្តារនិងជុំរុញកំណើនសេដ្ឋកិច្ចជាតិក្រោមជំនឿយ៉ាងមុតមាំ ដែលអាចទទួលបានការគាំទ្រពីសំណាក់អតិថិជនដែលជាចំណែកទីផ្សារ។

រោងចក្រស្រាបៀររបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី គ្រោងនឹងចាប់ផ្តើមចង្វាក់ផលិតកម្មក្នុងឆ្នាំ ២០២១ខាងមុខ ជាមួយនឹងសមត្ថភាពផលិតរហូតដល់ ៧៦លានកេស ក្នុងមួយឆ្នាំ។ នៅពេលគម្រោងនេះដំណើរការផលិតកម្មពេញលេញ នឹងបង្កើតការងារដល់បុគ្គលិក រហូតដល់ ១,៥០០នាក់ ផ្តល់ឱកាសការងារដោយប្រយោលជាច្រើនផ្សេងទៀត រួមចំណែកបង្កើនចំណូលពន្ធរបស់រដ្ឋយ៉ាងច្រើន ព្រមទាំងចូលរួមលើកស្ទួយវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងវិស័យផ្សេងៗទៀតជាច្រើននៅកម្ពុជា។

ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ របស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយនៅក្នុងប្រទេសកម្ពុជា។ វឌ្ឍនៈ គ្រុប មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដែលសុទ្ធសឹងជាការវិនិយោគដោយធនធានផ្ទាល់ខ្លួនសុទ្ធសាធ ក្នុងវិស័យសំខាន់ៗដូចជា៖

– វិស័យធនាគារ មានធនាគារ វឌ្ឍនៈ បច្ចុប្បន្នមានចំនួន ១៩សាខា និងសាខាជាច្រើនទៀតនៅតាមបណ្តារាជធានីខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជាដែលមានទីតាំងរួចរាល់ ព្រមទាំងបាននិងកំពុងសាងសង់ ហើយត្រៀមនឹងបើកដំណើរការជាបន្តបន្ទាប់
– វិស័យអចលនទ្រព្យ មានក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី (Vattanac Properties) គ្រប់គ្រងលើអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល (Vattanac Capital) ដែលលេចធ្លោឈរសន្ធឹងមានរាងដូចនាគរាជនៅកណ្ដាលទីក្រុងភ្នំពេញ មានបន្ទប់ការិយាល័យលំដាប់ A (GRADE A) ផ្សារទំនើប និងសណ្ឋាគារ
– វិស័យបដិសណ្ឋារកិច្ច មានសណ្ឋាគារលំដាប់ផ្កាយ៥ រ៉ូសវូដ ភ្នំពេញ (Rosewood Phnom Penh) និងទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោលរីសត (Vattanac Golf Resort) កម្រិតស្តង់ដារអន្តរជាតិដែលមាន៣៦រន្ធដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំនិងរចនាឡើងដោយផ្សារភ្ជាប់ទៅនឹងអត្តសញ្ញាណវប្បធម៌ខ្មែរនិងប្រកបដោយមេត្រីភាពបរិស្ថាន ហើយគ្រប់គ្រងនិងប្រតិបត្តិការដោយក្រុមហ៊ុន Troon International ដែលជាក្រុមហ៊ុនអន្តរជាតិដ៏ល្បីក្នុងការគ្រប់គ្រងទីលានវាយកូនហ្គោល
– វិស័យម្ហូបអាហារ មានក្រុមហ៊ុន វឌ្ឍនៈ អេហ្វ & ប៊ី (Vattanac F&B ) នាំចូលម៉ាកយីហោភោជនីយដ្ឋានល្បីៗនៅលើពិភពលោក
– វិស័យទំនិញនិងសេវាកម្ម មានក្រុមហ៊ុន វឌ្ឍនៈ អ៊ិនវេសមេន (Vattanac Investment ) ដែលផ្តោតលើសំលៀកបំពាក់ គ្រឿងថែរក្សាសម្ផស្ស គ្រឿងសង្ហាររឹម និងបរិក្ខារលម្អ ដែលសុទ្ធសឹងជាម៉ាកសញ្ញាល្បីៗលំដាប់ពិភពលោក។

តាមផែនការនៅក្នុងឆ្នាំ២០២០នេះ វឌ្ឍនៈ គ្រុប មានគម្រោងវិនិយោគធំៗចំនួន២ គឺ៖ – ទី១ គម្រោងសាងសង់រោងចក្រផលិតស្រាបៀរផ្តោតលើគុណភាពខ្ពស់និងសេវាកម្មល្អ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី ដែលកំពុងបើកការដ្ឋានសាងសង់
– ទី២ គម្រោងអភិវឌ្ឍន៍ទីក្រុងរណបថ្មីឈ្មោះ វឌ្ឍនៈវីល (Vattanacville) មានទីតាំងស្ថិតនៅជុំវិញទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោលរីសត លាតសន្ធឹងលើផ្ទៃដីជាង ១ ពាន់ហិកតា ដែលនឹងក្លាយទៅជាទីក្រុងនិមត្តិរូបថ្មីមួយប្រចាំតំបន់អាស៊ីអាគ្នេយ៍។ ទីក្រុងរណបថ្មី វឌ្ឍនៈវីល នឹងរំលេចទៅដោយគម្រោងលំនៅដ្ឋានបែបទំនើបប្រណីត អគារពាណិជ្ជកម្ម ការិយាល័យ ផ្សារទំនើប សាលារៀនអន្តរជាតិ ។ល។ ដែលនឹងសាងសង់ដោយយកចិត្តទុកដាក់បំផុតហើយផ្តោតសំខាន់ទៅលើគុណភាពនិងបរិស្ថានរស់នៅប្រកបដោយផាសុកភាពនិងធម្មជាតិដ៏ស្រស់បំព្រង៕

LEAVE A REPLY

Please enter your comment!
Please enter your name here