ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ស្ថិតនៅក្រោមគម្រោងសន្តិសុខស្បៀង និងអាហារូបត្ថម្ភចម្រុះដំណាក់កាលទី៣ រយៈពេល៤ឆ្នាំ ២០១៩–២០២៣ រដ្ឋាភិបាលសហព័ន្ធអាលឺម៉ង់ តាមរយៈអង្គការ GIZ បានផ្តល់ជំនួយឥតសំណងចំនួន ៨លានអឺរ៉ូ ដល់កម្ពុជា ដើម្បីអនុវត្តនៅខេត្តគោលដៅចំនួន២ គឺខេត្តកំពត និងកំពង់ធំ។

នាយកប្រចាំប្រទេសកម្ពុជានៃអង្គការ GIZ លោកបណ្ឌិត ហ្កាន់ធឺ រ៉េតម៉ាឈឺ (Gunter Riethmacher) នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្មនិងជនបទ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។
នៅក្នុងកិច្ចជំនួបខាងលើនេះ លោក បានមានប្រសាសន៍ថា បណ្ឌិត ហ្កាន់ធឺ រ៉េតម៉ាឈឺ គម្រោងនេះ បានរួមចំណែកធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភរបស់ជនក្រីក្រ និងជនងាយរងគ្រោះ ពិសេសកុមារ និងស្ត្រីក្នុងវ័យបន្តពូជតាមរយៈការផ្តល់សេវាអាហារូបត្ថម្ភ ព្រមទាំងការធ្វើកសិកម្មដោយគិតគូរដល់អាហារូបត្ថម្ភ និងបង្កើនផលិតកម្មកសិកម្មចម្រុះ។
លោកបានបញ្ជាក់ថា កិច្ចព្រមព្រៀងអនុវត្តគម្រោងសន្តិសុខស្បៀង និងអាហារូបត្ថម្ភចម្រុះនៅកម្ពុជា (MUSEFO) ចែកចេញជា៣ដំណាក់កាល គឺដំណាក់កាលទី១ (២០១៥–២០១៧) ទឹកប្រាក់ចំនួន ៣,៣លានអឺរ៉ូ, ដំណាក់កាលទី២ (២០១៨–២០២០) ទឹកប្រាក់ចំនួន៥លានអឺរ៉ូ និងដំណាក់កាលទី៣ (២០២០–២០២៣) ទឹកប្រាក់៨លានអឺរ៉ូ។
លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងប្រជាជនអាលឺម៉ង់ ដែលកន្លងមកបានជួយដល់កម្ពុជា ជាច្រើនវិស័យ រួមទាំងវិស័យសន្តិសុខស្បៀង អាហារូបត្ថម្ភ និងការជំរុញ និងលើកកម្ពស់ផលិតផលខ្មែរផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គម្រោងនេះ បាន និងកំពុងជួយដល់ក្រុមគាំទ្រសុខភាពភូមិ ក្រុមប្រឹក្សាឃុំ តាមរយៈការផ្តល់សេវាអប់រំអាហារូបត្ថម្ភ និងការបង្កើនការយល់ដឹងអំពីសារៈសំខាន់ នៃអាហារូបត្ថម្ភ ការរស់នៅស្អាត និងរបៀបធ្វើម្ហូបដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីកាត់បន្ថយកង្វះអាហារូបត្ថម្ភរបស់ស្ត្រី និងកុមារ៕






