អភិបាលខេត្តត្បូងឃ្មុំ ៖ ផ្លូវក្រវ៉ាត់ព្រំដែនប្រវែង១៤៣ គីឡូម៉ែត្រ កំពុងដើរតួនាទីសម្រួលដល់វិស័យដឹកជញ្ជូន និងសេដ្ឋកិច្ច

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ អភិបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ផ្លូវក្រវ៉ាត់ព្រំដែនដែលជាប់នឹងប្រទេសវៀតណាម និងស្រុកចំនួន ២ នៃខេត្តត្បូងឃ្មុំ មានប្រវែង ១៤៣ គីឡូម៉ែត្រ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់វិស័យដឹកញ្ជូន និងសេដ្ឋកិច្ចក្នុងតំបន់ ព្រមទាំងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសវៀតណាម ។

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ”នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ខេត្តត្បូងឃ្មុំ មានព្រំប្រទល់ជាប់នឹងខេត្តតៃនិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានស្រុកចំនួន២ នៅជាប់តាមបណ្តោយខ្សែបន្ទាត់ព្រំដែន គឺស្រុកពញាក្រែក និងស្រុកមេម៉ត់។

លោកអភិបាលខេត្តបន្តថា រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់លើផ្នែកសន្តិសុខ និងការអភិវឌ្ឍនៅតំបន់ព្រំដែន ស្របទៅនឹងគោលបំណងរបស់រាជរដ្ឋាភិបាល ប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាទីប្រជុំជន ដោយសម្រេចបានសមិទ្ធផលសំខាន់ៗ ដូចតទៅ៖ បានលុបបំបាត់ច្រករបៀងទាំងស្រុង ហើយការលក់ ឬជួលដីស្រែ ដីចំការ ឬលំនៅឋាននៅតាមព្រំដែនឱ្យទៅប្រជាពលរដ្ឋនៃប្រទេសវៀតណាមក៏ត្រូវបានបញ្ឈប់ទាំងស្រុងរហូតមកដល់បច្ចុប្បន្ន។

ទំហំពាណិជ្ជកម្មរបស់ខេត្តត្បូងឃ្មុំនៅក្នុងឆ្នាំ ២០១៩ មានការកើនឡើងប្រមាណ ៩៧ លានដុល្លារ ស្មើនឹង ២៦ភាគរយ ខណៈទំហំពាណិជ្ជកម្មរវាងខេត្តត្បូងឃ្មុំ និងប្រទេសវៀតណាមឆ្នាំ២០១៨ មានប្រមាណ ៣៧៣លានដុល្លារ ក្នុងនោះ ទំនិញនាំចេញមានប្រមាណ ២០២ លានដុល្លារ និងទំនិញនាំចូលមានប្រមាណ ១៧១ លានដុល្លារ។

ខេត្តត្បូងឃ្មុំ មានច្រកទ្វារព្រំដែនចំនួន ៧ ក្នុងនោះ ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងចំនួន ០១ ច្រកទ្វារព្រំដែនទ្វេភាគីចំនួន ០២ (ដារ និងទន្លេរចាម) និងច្រកទ្វារតំបន់ព្រំដែនចំនួន ០៤ (ជាំក្រវៀន ដូនរ័ត្ន ចាន់មូល និងទន្លូង)៕

LEAVE A REPLY

Please enter your comment!
Please enter your name here