GMAC ស្នើសុំពន្យារពេលលើកិច្ចចរចា ប្រាក់ឈ្នួលកម្មករអប្បបរមាថ្មីរហូតដល់ឆ្នាំ ២០២១

0

ដោយ ៈ លក្ខិណា

ភ្នំពេញ ៖ ខណៈពេលដែលវិបត្តិ Covid-19 នៅតែបន្តជះឥទ្ធិពលដល់ការផលិត និងសកម្មភាពក្នុងវិស័យឧស្សាហកម្ម និងរោងចក្រ ដែលគាំទ្រដល់សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានស្នើដល់រដ្ឋាភិបាលពន្យារពេលក្នុងការចរចាប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ ២០២១ ដោយទុកពេលវេលាសម្រាប់ដោះស្រាយបញ្ហាដែលកើតឡើងចំពោះមុខជាអាទិភាព។

យោងតាមសេចក្តីថ្លែងការណ៍របស់សមាគមរោងចក្រកាត់ដេរកម្ពុជាកាលពីដើមសប្ដាហ៍ បានឱ្យដឹងថា ស្ថិតក្នុងកាលៈទេសៈនេះ វិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង មានភាពផុយស្រួល និងមានភាពមិនច្បាស់លាស់ក្នុងការវិលត្រលប់មករកសភាពដើមវិញ ដែលនឹងត្រូវចំណាយពេលវេលាយូរ ដូច្នេះការចរចាប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ ២០២១ ខាងមុខនេះ គួរតែត្រូវបានពន្យារពេល ។

សមាគមបានបញ្ជាក់ថា ការបង្អង់ការចរចាប្រាក់ឈ្នួលអប្បបរមានេះ នឹងក្លាយជាយន្តការមួយក្នុងការគាំទ្រឱ្យវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅបន្តមានជីវិត ក៏ដូចជាការរក្សាសម្រាប់បងប្អូនកម្មករនិយោជិតយ៉ាងដូច្នេះដែរ ។
លោក សោម អូន អនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានឱ្យដឹងថា ការចរចាគួរតែបន្តដំណើរការធម្មតា ដើម្បីអោយសមាសភាពនៃអ្នកពាក់ព័ន្ធទាំងអស់អាចមានពេលជួបគ្នានិងជជែកពីប្រាក់ឈ្នួល ហើយលទ្ធភាពនៃការដំឡើងបានឬមិនបាននៅឆ្នាំ ២០២១នេះ ចាំយើងគិតទៀត បើសិនជាបានគួរតែដំឡើងតែបើមិនបានទេ អាចលើកទៅដំឡើងនៅឆ្នា ២០២២ ខាងមុខវិញ តែការចរចាគួរតែបន្ត ។ លោកបន្តថា ជាការពិតហើយសម្រាប់ឆ្នាំ ២០២០នេះ បញ្ហាក្នុងវិស័យកាត់ដេរពិតជាកើតមានច្រើនមែនដោយសារតែវិបត្តិនៃជំងឺ Covid-19 ដែលធ្វើឱ្យរោងចក្រមួយចំនួនត្រូវបានបិទ និងព្យួរ ។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានមានប្រសាសន៍ផងដែរថា ការចរចាប្រាក់ឈ្នួលអប្បបរមាគួរតែបន្ត មិនគួរពន្យារនោះឡើយ ព្រោះថាផលប៉ះពាល់ពីវិបត្តិនៃជំងឺ Covid-19 មិនមែនមានតែក្នុងវិស័យកាត់ដេរនោះទេ គឺវាមានគ្រប់វិស័យ ។ ម្យ៉ាងទៀតការចរចានេះ មិនមែនសម្រាប់ឆ្នាំ២០២០នោះទេគឺសម្រាប់ឆ្នាំក្រោយហើយវាមានពេលវេលា៦ខែទៀតផងដែរ ដើម្បីអាចស្ដារវិស័យនេះងើបឡើងវិញ ។ លោកថា “ខាងរោងចក្រខ្លាចខាតប្រយោជន៍ ឬបាត់បង់ប្រយោជន៍ តែខាងរោងចក្រគួរតែគិតពីផលប៉ះពាល់ទៅលើកម្មករ និងការបាតបង់អត្ថប្រយោជន៍របស់កម្មករផង” ។

វិបត្តិនៃជំងឺ Covid-19 បានធ្វើឱ្យវិស័យកាត់ដេររងផលប៉ះពាល់គួរឱ្យកត់សម្គាល់ ក្នុងនោះរោងចក្រជាច្រើនបានផ្អាកសកម្មភាព ដោយព្យួរ និងបិទទ្វារធ្វើឱ្យកម្មករជាច្រើនម៉ឺននាក់បានបាត់បង់ការងារ និងប្រាក់ចំណូល ។ អ្នកបញ្ជាទិញក្នុងវិស័យនេះក៏បានស្នើសុំផ្អាកការផ្គត់ផ្គង់ទំនិញផងដែរ ដោយសារតែហាងម៉ាកល្បីៗនៅលើពិភពលោកត្រូវបានបិទទ្វារ ហើយសមាគមព្យាករណ៍ថា បើសិនជំងឺនេះនៅតែអូសបន្លាយ ការបាត់បង់អ្នកបញ្ជាទិញកាន់តែមានច្រើនថែមទៀត ធ្វើឱ្យកម្មករបាត់បង់ការងារកាន់តែច្រើន បាត់ប្រាក់ចំណូលកាន់តែច្រើន ហើយអត្រានៃភាពក្រីក្រក៏កាន់តែច្រើន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here