ការនាំចេញ​កង់​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​បរទេស​ស​ម្រេច​បាន​ជិត២០០លាន​ដុល្លារក្នុង​រយៈពេល៥ខែ​ដើម​ឆ្នាំនេះ

0

ដោយៈ ហ្សូ​លី

ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​កង់​ដែល​តម្លើង នៅក្នុង​ប្រទេស​កម្ពុជា​ទៅកាន់​ទីផ្សារ​បរទេស​ស​ម្រេច​បាន​ជិត២០០លាន​ដុល្លារ គិត​ត្រឹម​រយៈពេល៥ខែ នៃ​ឆ្នាំ២០២០នេះ កើនឡើង​ប្រមាណ១៩ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៩។

យោងតាម​តួលេខ ដែល​ទទួលបាន​ពី​នាយកដ្ឋាន​គយ​បាន​បង្ហាញថា ចាប់តាំងពី​ខែមករា រហូតមកដល់​ខែឧសភា កម្ពុជា​បាន​នាំចេញ​កង់​ទៅកាន់​បណ្តា​ប្រទេសផ្សេងៗបាន​ចំណូល ១៩៧ លាន​ដុល្លារ កើនឡើង២៦ភាគរយ។

ទីផ្សារ​ដែល​នាំមុខគេ និង​មាន​សារៈសំខាន់​បំផុត​សម្រាប់​កម្ពុជា​ក្នុងការ​នាំចេញ​កង់​គឺ​សហភាព​អ៉ឺ​រ៉ុ​ប បន្ទាប់មក​គឺ​សហរដ្ឋអាមេរិក ប្រទេស​អង់គ្លេស និង​ជប៉ុន។ កង់​ចំនួន ៤៩៥,៣៤១គ្រឿង បាន​ដឹកជញ្ជូន​ទៅកាន់​សហភាព​អ៉ឺ​រ៉ុ​ប ស្មើ​ទឹកប្រាក់​ប្រមាណ១១៩លាន​ដុល្លារ ហើយ​នាំចេញ​ទៅកាន់​អាមេរិក​ចំនួន២២៣,៩១២គ្រឿង ស្មើនឹង​ទឹកប្រាក់​ប្រមាណ៤៤លាន​ដុល្លារ។

ទន្ទឹមនេះ​កង់​ចំនួន១២៥,៦០២គ្រឿង ស្មើនឹង​ទឹកប្រាក់​ចំនួន២៥លាន​ដុល្លារ បាន​នាំចេញ​ទៅកាន់​ចក្រភព​អង់គ្លេស ខណៈដែល​កង់​ចំនួន៣៣៨គ្រឿង​ផ្សេងទៀត ដែល​ស្មើនឹង​ទឹកប្រាក់​ជាង៩ម៉ឺន​ដុល្លារ បាន​នាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន។ ក្រៅពី​ប្រទេស​ខាងលើ កម្ពុជា​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​បណ្តា​រ​ប្រទេស​នានា រកចំណូលបាន​ប្រហែល ៨លាន​ដុល្លារ។

ការ​តម្លើង​កង់​បាន​ទាក់ទាញ​សង្វាក់​ផលិតកម្ម​ពិភពលោក និង​រោងចក្រ​គ្រឿងបន្លាស់​នៅក្រៅ​ប្រទេស ឱ្យ​ចូលមក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​កាន់តែច្រើន ជាពិសេស​ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង។

កាលពី​ឆ្នាំមុន កម្ពុជា​រកចំណូលបាន​ពី​ការនាំចេញ​កង់ ទៅកាន់​ទីផ្សារ​បរទេស​ស្មើនឹង​ទឹកប្រាក់​ចំនួន៤១៨លាន​ដុល្លារ កើនឡើង​ច្រើន​បើ​ធៀប​នឹង​ឆ្នាំ២០១៨ ដែល​រកចំណូលបាន​ត្រឹម ៣៣១លាន​ដុល្លារ​តែប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here