កម្ពុជាកំពុងសម្របសម្រួលឱ្យក្រុមហ៊ុនអាកាសចរណ៍ចំនួន២ហោះហើរមកកាន់ កម្ពុជាជាប្រក្រតី

0

ដោយវុត្ថា

ភ្នំពេញៈ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បាននិងកំពុងបន្តជួយសម្របសម្រួ​លជាមួយក្រុមហ៊ុនអាកាសចរណ៍ទាំងពីរ ដែលធ្វើប្រតិបត្តិការហោះហើររវាងកម្ពុជា-ម៉ាឡេស៊ី អាចចាប់ផ្តើមបើកដំណើរការជើងហោះហើររបស់ខ្លួនជាប្រក្រតី ឡើងវិញបានឆាប់ ដើម្បីចូលរួមដោះស្រាយបញ្ហា bubble travels នៅក្នុងតំបន់។

យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេស៊ី បានឱ្យដឹងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២០នេះបានឱ្យដឹងថា ការជួយសម្របសម្រួលដល់ក្រុមហ៊ុនអាកាចរណ៍ទាំងនេះ ឱ្យហោះហើរមកកាន់កម្ពុជា សំដៅធ្វើយ៉ាងណាឱ្យឧស្សា​ហកម្មហោះហើរ និងឧស្សាហកម្មគ្មានផ្សែង អាចវិលទៅរកភាពប្រក្រតីដោយរលូន។

ក្រោមកិច្ចសម្របសម្រួល របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡាស៊ី និងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី និងក្រុមហ៊ុនអាកាសចរណ៍Air Asiaកន្លងមកនេះ បានហោះហើរមកកាន់កម្ពុជា បានចំនួន៤លើក ដែលមានពលរដ្ឋខ្មែរសរុបចំនួន៥១៧នាក់ (រួមទាំងអ្នកដំណើរឆ្លងកាត់ជនជាតិខ្មែរផងដែរ)ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩។

ប្រទេសម៉ាឡេស៊ី នៅបន្តបិទព្រំដែនរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ហើយកំពុងចចារជាមួយប្រទេសជិតខាងរបស់ខ្លួន ដើម្បីបើកព្រំដែនឡើងវិញសំដៅសម្រួ​លដល់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការធ្វើដំណើរប្រកបការងារ របស់ប្រជាពល​រដ្ឋជាប់ព្រំដែននឹងគ្នា។

លោកស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជាបានដឹងកាលពី  ពេលកន្លមកថ្មីៗនេះថា ជើងហោះហើរនៅកម្ពុជា កំពុងតែមានការកើនឡើងជាបណ្តើរៗ ខណៈពេលដែលជំងឺ Covid-19  មានភាពស្ងប់ស្ងាត់បន្តិច។ នៅដើមខែមិថុនានេះ មានជើងហោះហើរជាមធ្យមប្រមាណ១០ជើងក្នុងមួយថ្ងៃ។

លោកបន្តថា “ការកើនឡើងនេះភាគច្រើន គឺជាការវិលត្រឡប់មស្រុកកំណើតវិញរបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅស្រុកក្រៅ និងមួយចំនួនទៀតជាអ្នករកស៊ី។ ចំណែកឯភ្ញៀវមកកម្ពុជា ក្នុងគោលបំណងទេសចរណ៍ គឺពុំទាន់មានចំនួនដែលអាចសន្និដ្ឋានបានឡើយ”។

លោកបន្ថែមថា នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២០ ជើងហោះហើរកម្ពុជាបានធ្លាក់ចុះ៩៨ភាគរយ  បើធៀបទៅនឹងឆ្នាំ២០១៩ ហើយការធ្លាក់ចុះនេះគឺដោយសារការរាតត្បាតនូវជំងឺCovid-19 ដែលបណ្តាលឱ្យជើងហោះហើរ នៅតាមបណ្តាប្រទេសនានាបានបិទ ជាហេតុធ្វើឱ្យពុំមានការហោះហើរមកកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here