ដោយវុត្ថា
ភ្នំពេញៈ រដ្ឋបាលខេត្តព្រះសីហនុ បានចាប់ផ្តើមពន្លឿននៃការចុះបញ្ជីដីធ្លីដីរដ្ឋ និងដីរបស់អង្គភាពរាជរដ្ឋាភិបាល នៅក្នុងខេត្តដើម្បីបញ្ជៀសវិវាទផ្សេងៗ ដែលនឹងមានការកើតឡើង ស្របតាមផែនការរបស់រាជរដ្ឋាភិបាលដែលបានគ្រោងទុក។

លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ នៅក្នុងកិច្ចប្រជុំស្តីពីនីតិវិធីការចុះបញ្ជីដីធ្លី នៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ខែកក្កដា ឆ្នាំ ២០២០រសៀលម្សិលនេះឱ្យដឹងថា ដោយសារកន្លងមកមន្ទីរ អង្គភាពរដ្ឋមួយចំនួនធំ មិនទាន់បានធ្វើការចុះបញ្ជីដីរដ្ឋបង្កជាវិវាទដីធ្លីជាបន្តបន្ទាប់ ដើម្បីបញ្ចៀសនូវទំនាស់ដីធ្លី យើងត្រូវរួមគ្នាចុះបញ្ជីដីរដ្ឋឱ្យបានគ្រប់មន្ទីរ អង្គភាពក្នុងក្រុង ស្រុក ខេត្ត។
លោកបានធ្វើការណែនាំដល់មន្ទីរ អង្គភាពរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ត្រូវទៅចុះបញ្ជីដីរដ្ឋនៅតាមការិយាល័យភូមិបាល តាមរយៈច្រកចេញចូលតែមួយរបស់ក្រុង ស្រុក ខេត្ត ដូចជា មន្ទីរ អង្គភាពណាមានដីប៉ុន្មានកន្លែង ទំហំប៉ុណ្ណា តើការចុះបញ្ជីដីរដ្ឋបានកន្លែងប៉ុន្មាន ទំហំប៉ុណ្ណា និងតើនៅសល់ដីប៉ុន្មានកន្លែងដែលមិនទាន់បានចុះបញ្ជី។

លោកបន្តថា ចំពោះមន្ទីរ អង្គភាពណាមាន ប្តឹងជំទាស់មានទំហំប៉ុន្មាន ត្រូវបំពេញសំណុំឯកសារឱ្យបានមុនថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ដើម្បីយើងពន្លឿនការចុះបញ្ជីដីរដ្ឋនៅក្នុងខេត្តព្រះសីហនុ បញ្ចប់នៅឆ្នាំ២០២០ខាងមុខ។ ម្យ៉ាងទៀតនិតិវិធីនៃការចុះបញ្ជីរដីរដ្ឋត្រូវតាមក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្តព្រះសីហនុ តាមរយៈច្រកចេញ ចូលតែមួយរបស់រដ្ឋបាលក្រុង ស្រុក ខេត្ត ដើម្បីកាត់បន្ថយទំនាស់ដីធ្លី៕






