រដ្ឋបាលរាជធានីភ្នំពេញ សម្រេចសាងសង់ផ្លូវថ្មីចំនួន២ខ្សែបន្ថែមទៀតនៅតំបន់ច្រមុះជ្រូកក្បាលថ្នល់

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ បន្ថែមពីលើគម្រោងពង្រីកផ្លូវ២៧១ និងផ្លូវព្រះមុនីវង្សជា៣គន្លង និងការសម្រួលលំហូរទិសដៅចរាចរណ៍ថ្មីនៅតំបន់ផ្លូវប្រសព្វម្ដុំច្រមុះជ្រូកក្បាលថ្នល់ រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ផ្លូវថ្មីចំនួន២ខ្សែទៀត ដើម្បីដោះស្រាយវិបត្តិកកស្ទះចរាចរណ៍។

តាមរយៈមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះបានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានសិក្សាពីគម្រោងនៃការសាងសង់ផ្លូវថ្មីចំនួន២ខ្សែបន្ថែមទៀតនៅតំបន់ច្រមុះជ្រូកក្បាលថ្នល់ ដែលកំពុងមានវិបត្តិកកស្ទះចរាចរណ៍យ៉ាងធ្ងន់ធ្ងរ។

នៅក្នុងផែនការនៃការដោះស្រាយវិបត្តិខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការអភិវឌ្ឍន៍រួចមកហើយនូវស្ពានអាកាសចំនួនមួយខ្សែ ផ្លូវវាងចំនួន១ បន្ថែមពីលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាដូចជាការពង្រីកផ្លូវព្រះមុនីវង្ស ផ្លូវព្រះនរោត្តមជាដើម ប៉ុន្តែជាលទ្ធផលហាក់មិនមានប្រសិទ្ធភាពខ្ពស់នោះទេ។

ជាថ្មីម្ដងទៀត កាលពីចុងសប្ដាហ៍កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដោយផ្ទាល់ ដើម្បីសិក្សា និងរកដំណោះស្រាយ កាត់បន្ថយវិបត្តិនៃការកកស្ទះចរាចរណ៍ដែលតែងកើតមានជារៀងរាល់ថ្ងៃនៅស្តុបច្រមុះជ្រូកស្ថានីយ៍ប្រេងសូគីមុិចប្រសព្វរវាងមហាវិថី ព្រះមុនី្នវង្ស មហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងផ្លូវលេខ ២៧១ តម្រូវឱ្យមានការរៀបចំដូចខាងក្រោម ៖

-ពង្រីកទទឹង ៣ម៉ែត្រសងខាងលើមហាវិថីព្រះមុនី្នវង្សពី ២គន្លងទៅមក ទៅ៣គន្លងទៅមក
-ពង្រីកទទឹង ៣ម៉ែត្រសងខាងផ្លូវលេខ ២៧១ ពី ២គន្លងទៅមក ទៅ៣គន្លងទៅមក
-បង្កើតផ្លូវថ្មី កាត់ទីតាំងដីស្ថានីយ៍សូគីមុិច សម្រាប់ទិសដៅចរាចរភ្ជាប់ពីមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
-បង្កើតផ្លូវថ្មី កាត់ទីតាំងដីស្ថានីយ៍ប្រេងសូគីមុិច សម្រាប់ទិសចរាចរបត់ស្តាំភ្ជាប់ពីមហាវិថីព្រះមុនី្នវង្ស ឆ្ពោះទៅផ្លូវលេខ ២៧១។
-កែសម្រួលប្រព័ន្ឋភ្លើងស្តុបចរាចរថ្មីឡើងវិញ។
-អនុញ្ញាត្តឱ្យការធ្វើចរាចរមកពីស្ពានព្រះមុនី្នវង្សចាស់ឆ្ពោះទៅត្រង់នៃមហាវិថីព្រះមុនីវង្សគ្រប់ពេលវេលា ដោយមិនចាំបាច់ឈប់ស្តុបឡើយ។ ភ្លើងបៃតងព្រួញ បានតម្លើងរួចហើយ។

ជាមួយនឹងគម្រោងផែនការនៃដាក់ចេញកែលម្អស្ថានភាពផ្លូវដែលមានស្រាប់ និងផ្លូវថ្មីចំនួន២ខ្សែ រួមជាមួយនឹងការសម្រួលលំហូរទិសដៅចរាចរណ៍ខាងលើនេះ ជឿជាក់ថា អាចនឹងកាត់បន្ថយវិបត្តិនៃការកកស្ទះបានមួយចំណែកធំជាក់ជាមិនខាន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here