ដោយ ៖ រ៉ាណេត
ព្រៃវែង ៖ រហូតមកដល់ពេលបច្ចុប្បន្ននេះ គ្មានប្រទេសណាមួយគេចផុតពីវិបត្តិនៃជំងឺសាកលដែលកំពុងរាតត្បាតនោះទេ ដែលក្នុងនោះវិស័យដែលទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺវិស័យសេវាកម្ម ជាពិសេសផ្នែកអាកាសចរណ៍។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីចុះត្រួតពិនិត្យអាងចិញ្ចឹមត្រី និងវារីវប្បកម្មនៅខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះថា នៅពេលដែលបញ្ហា Covid-19 រាតត្បាត មានប្រទេសជាច្រើនដែលរងនូវផលប៉ះពាល់ស្ទើរគ្រប់វិស័យ ដែលក្នុងនោះវិស័យដែលធ្ងន់ធ្ងរជាងគេភាច្រើនគឺវិស័យសេវាកម្ម និងបន្តទៅដល់ផលប៉ះពាល់ផ្នែកស្បៀងអាហារ។
សម្ដេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថា “ឥឡូវនេះ ពិភពលោកមានការផ្លាស់ប្ដូរជ្រាលជ្រៅ ចំនួនមនុស្សស្លាប់ច្រើនណាស់ ដែលគេនៅមិនទាន់រកឃើញថ្នាំព្យាបាលនៅឡើយ ហើយឥឡូវទម្លាប់របស់ប្រជាពលរដ្ឋនៅលើពិភពលោករាប់ពាន់ឆ្នាំ ត្រូវបានបំផ្លាញដោយសារ Covid-19 ដែលពីដើមធ្លាប់តែចាប់ដៃគ្នា ប៉ុន្តែពេលនេះមិនអាចចាប់ដៃគ្នាបានទៀតទេ”។
សម្ដេចបានបន្តថា “ឥឡូវ និយាយជារួមពីបញ្ហាសេដ្ឋកិច្ច គ្មានប្រទេសណាមួយដែលមិនរងផលប៉ះពាល់អំពីបញ្ហាជំងឺនេះនោះទេ។ ផលប៉ះពាល់កើតមានចំពោះវិស័យឧស្សាហកម្ម កើតមានចំពោះវិស័យសេវា។ ដូចជាទេសចរ ឆ្នាំទៅយើងទទួលបាន ៦,៦លាននាក់ តែឆ្នាំនេះយើងទទួលតិចណាស់។ ប្រទេសនៅលើពិភពលោកសុទ្ធតែមានបញ្ហាហ្នឹងទាំងអស់ ចឹងសេវាសណ្ឋាគារអីហ្នឹងត្រូវបិទ…។ ដោយឡែកវិស័យឧស្សាហកម្មនៅលើពិភពលោកប៉ះពាល់ធ្ងន់ជាងកម្ពុជាយើងឆ្ងាយណាស់។ ឧទាហរណ៍ ដូចជាក្រុមហ៊ុនផលិតយន្តហោះនៅអាមេរិកប្រភេទប៊ូអ៊ីងនៅអាមេរិក នៅអឺរ៉ុបប្រភេទ អ៊ែរប៊ឺស សួរថាពួកគេផលិតបានទៀតទេ? គេផលិតបាន ប៉ុន្តែមិនដឹងផលិតលក់ឱ្យអ្នកណា”។
នៅក្នុងឱកាសនេះ សម្ដេចតេជោ បានមានប្រសាសន៍បន្តទៀតថា “សេវាដឹកជញ្ជូនតាមផ្លូវអាកាស យន្ដហោះដែលធ្លាប់តែបើកក្នុងមួយថ្ងៃប្រហែលជា២ម៉ឺនគ្រឿង ឥឡូវនៅសល់ប្រហែលជា២ពាន់គ្រឿងយ៉ាងច្រើន។ ប្រទេសរបស់យើងធ្លាប់ទទួលក្នុងមួយថ្ងៃ ៣-៤រយជើងក្នុងមួយថ្ងៃ ឥឡូវនៅសល់ត្រឹម៧-៨ជើង ឬ១០ជើងក្នុងមួយថ្ងៃតែប៉ុណ្ណោះ ដែលទទួលនៅព្រលានយន្ដហោះភ្នំពេញ និងព្រលានយន្តហោះកំពង់សោម ឯព្រលានយន្ដហោះសៀមរាប គឺសូន្យតែម្ដង។ ចឹងវិស័យឧស្សាហកម្ម និងវិស័យវេសាកម្មប៉ះពាល់ធំ”៕






