សម្តេចតេជោប្រកាសចូលរួមក្នុងសង្វាក់ផ្គត់ផ្គង់ស្បៀងនៅក្នុងតំបន់ និងពិភពលោក

0

ដោយៈរ៉ាណេត

ខេត្តព្រៃវែងៈ ខណៈដែលបណ្តាប្រទេសជាច្រើន នៅលើពិភពលោកកំពុងទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើបញ្ហាសេដ្ឋកិច្ច ដែលកំពុងបន្តទៅដល់ផលប៉ះពាល់ទៅលើផ្នែកស្បៀងនៅពេលបច្ចុប្បន្ននេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសថា នឹងចូលរួមចំណែកនៅក្នុងសង្វាក់ផ្គត់ផ្គង់ស្បៀងក្នុងតំបន់ និងពិភពលោក។

សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍នៅក្នុងពិធីចុះពិនិត្យមើលមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ នៅស្រុកពាមរក៍ ខេត្តព្រៃវែង នៅព្រឹកថ្ងៃអង្គារ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២០នេះបានប្រកាសថា ផ្ទុយពីបណ្តាប្រទេសជាច្រើន កំពុងជួបបញ្ហាប៉ះពាល់ដោ​យសារវិបត្តិជំងឺ Covid-19 រហូតប្រឈមនឹងផ្នែកស្បៀង សម្រាប់កម្ពុជាបែរជាអាចយកឱកាសនេះ បង្កើនលទ្ធភាពផលិតស្បៀងបានយ៉ាងល្អ។

សម្ដេចបានបញ្ជាក់ថា “ Covid-19 មិនអាចផ្តាច់ដង្ហើម ជីពចរសេដ្ឋកិច្ច ដែលចិញ្ចឹមប្រជាជនឱ្យរស់គឺវិស័យកសិកម្ម។ ពេលនេះកម្ពុជា មិនមានខ្វះខាតស្បៀងនោះទេ ហើយថែមទាំងមានលទ្ធភាព សម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសថែមទៀត”។សម្តេចបានបន្ថែមថថា “កម្ពុជាអាចចូលរួមក្នុងសង្វាក់ផ្គត់ផ្គង់ស្បៀងក្នុងតំបន់ និងពិភពលោក។ ក្នុង១ឆ្នាំៗ កម្ពុជាមានសមត្ថភាពសល់ស្រូវជាង៦លានតោន ដែលគិតជាអង្ករមានជាង៤លានតោន បន្ទាប់ពីផ្គត់ផ្គង់ក្នុងស្រុករួច”។

ក្រៅពីនេះ កម្ពុជាមានត្រី ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត សណ្តែក ចែក ស្វាយ ដូងប្រេង ជាដើម សម្រាប់នាំចេញៗ។

សម្តេចតេជោ ហ៊ុន សែនបានលើកឡើងផងដែរថា នៅពេលបច្ចុប្បន្ននេះ ស្រូវអង្កររបស់យើង កំពុងនាំចូលទៅអឺរ៉ុបទោះបីជាត្រូវបង់ពន្ធក៏ដោយ។ ក្នុងរយៈពេល៦ខែក្នុងឆ្នាំ២០២០នេះ យើងបាននាំអង្ករ ( អង្ករក្រអូប ) ទៅទីផ្សារប្រទេសអឺរ៉ុបបានជាង១៣៨ ០០០តោន ស្មើនឹង៣៤ភាគរយនៃការនាំចេញសរុប។ នាំទៅចិនមានជាង១៤៨,០០០តោន នាំចេញទៅអាស៊ានជាង៥៤,០០០តោន។ នាំទៅកាន់ទិសដៅទីផ្សារផ្សេងៗបានជាង៦៣,០០០តោន សរុបក្នុងពេល៦ខែ ដើមឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញអង្ករជាង៤០ម៉ឺនតោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here