ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ដោយបន្សល់ទុកពីការធ្លាក់ចុះនៅក្នុងឆមាសទី១ សម្រាប់ទីផ្សារនៃការជួលទីតាំងលក់រាយក្នុងផ្សារទំនើបនៅឆមាសទី២ ឆ្នាំ២០២០ នេះត្រូវបានក្រុមហ៊ុនជំនាញធ្វើការព្យាការណ៍ថា អាចនឹងមានកំណើនឡើងវិញតិចបំផុត បើជាទោះរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យផ្នែកកម្សាន្តខ្លះចាប់ដំណើរការឡើងវិញក៏ដោយ។

យោងតាមរបាយការណ៍ដែលចេញដោយក្រុមហ៊ុនភ្នាក់ងារ និងជំនាញស្រាវជ្រាវអចលនទ្រព្យអន្តរជាតិ CBRE Cambodia កាលពីចុងសប្ដាហ៍កន្លងទៅនេះបានបង្ហាញថា ទីផ្សារជួលតូបនៅក្នុងផ្សារទំនើប (Retail) នៅកម្ពុជា គិតត្រឹមចុងឆមាសទី១ (ចុងខែមិថុនា) គឺមានភាពអវិជ្ជមានខ្លាំង ពោលគឺធ្លាក់រហូតដល់ដក១៩ភាគរយ ក្រោមបន្ទាត់គោល ប៉ុន្តែទីផ្សារនេះត្រូវបានព្យាករណ៍ថា នឹងមានសន្ទុះឡើងវិញបន្តិចបន្តួចនៅក្នុងឆមាសទី២ នៃឆ្នាំ២០២០។
របាយការណ៍ដដែលបានបង្ហាញទៀតថា បើទោះជាទីផ្សារមួយនេះស្ថិតក្រោមបន្ទាត់គោលរហូតដល់ដក ១៩ភាគរយ ក៏ដោយ សម្រាប់ឆមាសទី២ នៃឆ្នាំដដែលនេះ តម្រូវការជួលតូបនឹងអាចមានកំណើនឡើងវិញមានប្រមាណ ១០,២ភាគរយ ប៉ុន្តែបើធៀបទៅនឹងឆ្នាំ២០១៩ គឺមានកំណើនប្រមាណ ០,១ភាគរយប៉ុណ្ណោះ ហើយកំណើននៃតម្រូវការជួលនេះ កើតឡើងដោយសារមនុស្សជាច្រើនចាប់ផ្តើមមានសកម្មភាពចេញដើរ និងប្រកបអាជីវកម្មប្រចាំថ្ងៃឡើងវិញ ក៏ដូចជាចេញដើរតាមផ្សារជាបណ្ដើរៗ។
នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា ផ្អែកតាមភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ យើងឃើញថា មនុស្សជាច្រើនចាប់ផ្តើមមានសកម្មភាព និងចេញដើរឡើងវិញ បន្ទាប់ពីការរាតត្បាតនៃជំងឺឆ្លងនៅក្នុងប្រទេសកម្ពុជាមានភាពស្ងប់ស្ងាត់ ជាពិសេស បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យអាជីវកម្មកម្សាន្តមួយចំនួនចាប់ដំណើរការឡើងវិញ ប៉ុន្តែស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់។

លោកស្រីបានបន្តទៀតថា “នៅក្នុងឆមាសទី១ ក្រៅពីវិស័យឧស្សាហកម្ម គឺវិស័យសណ្ឋាគារ (Hotel) និងវិស័យផ្សារទំនើប (Retail) ទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង ប៉ុន្តែនៅក្នុងឆមាសទី២នៃឆ្នាំនេះ យើងរំពឹងថានឹងមានកំណើនឡើងវិញបន្តិច”។ លោកស្រីបន្តថា “ការអនុញ្ញាតឱ្យចាប់បើកដំណើរការឡើងវិញនូវអាជីវកម្មផ្នែកកម្សាន្ត និងសេវាកម្មមួយចំនួនរបស់រាជរដ្ឋាភិបាលពិតជាបានចូលរួមជួយធ្វើវិស័យទាំង២ខាងលើនេះមានភាពល្អប្រសើរ ប៉ុន្តែកំណើននៃតម្រូវការទីផ្សារគឺនៅមានកម្រិតនៅឡើយ”។
ជាមួយនឹងការលើកឡើងខាងលើនេះ លោកស្រី អាន សុធីតា បានធ្វើការព្យាករណ៍ថា សម្រាប់វិស័យ Retail នៅក្នុងឆមាសទី២នេះ ការផ្គត់ផ្គង់នឹងមានការកើនឡើង ដោយសារមានការបើកសម្ភោធផ្សារទំនើបបែបសហគមន៍ថ្មីមួយ គឺ Khalandale Mall នៅតំបន់បឹងកក់ ដែលបានបន្ថែមបរិមាណផ្គត់ផ្គង់ក្នុងទីផ្សារសរុបប្រមាណ ៣,៧១ ភាគរយ ឬស្មើនឹងប្រមាណ ២៤ភាគរយ នៃបរិមាណការផ្គត់ផ្គង់លើផ្សារបែបសហគមន៍ ប៉ុន្តែសម្រាប់កំណើននៃតម្រូវការជួលហាក់មានកម្រិតទាប។ ដោយឡែកសម្រាប់វិស័យសណ្ឋាគារ (Hotel) គឺមានភាពល្អប្រសើរជាង ដែលផ្តើមចេញពីតម្រូវការក្នុងស្រុកបន្ទាប់ពីទេសចរណ៍ក្នុងស្រុកចាប់ផ្ដើមចេញដើរកម្សាន្តឡើងវិញនៅតាមតំបន់កម្សាន្តឡើងវិញជាបណ្ដើរៗ ៕






