ស្ពានថ្មឆ្លងស្ទឹងសង្កែថ្មីក្រុងបាត់ដំបង់សាងសង់សម្រេចបានប្រមាណ៨៥ភាគរយហើយ

0

ដោយ ៖ រ៉ាណេត

បាត់ដំបងៈ ស្ពានថ្មថ្មីឆ្លងស្ទឹងសង្កែ ដែលត្រូវបានសាងសង់ទន្ទឹមស្ពានថ្មចាស់ មានអាយុកាលជាង១០០ឆ្នាំ បន្សល់ទុកតាំងពីសម័យអាណានិគមនបារាំង រហូតមកដល់ពេលនេះសម្រេចបានលទ្ធផល៨៥ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅត្រឹមដំណាច់ខែសីហា ឆ្នាំ២០២០ខាងមុខនេះ។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានបញ្ជាក់ប្រាប់តាមទូរស័ព្ទនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះថា គិតត្រឹមពាក់កណ្តាលខែកក្កដានេះ លទ្ធផលនៃការសាងសង់ស្ពានថ្មថ្មី ស្របនឹងស្ពានថ្មចាស់ ទល់មុខសាលារដ្ឋបាលខេត្តបាត់ដំបង សម្រេ​ចបានប្រមាណ៨៥ភាគរយ ដោយគ្រោងនឹងដាក់ឱ្យប្រើប្រាស់ នៅត្រឹមដំណាច់ខែសីហា ខាងមុខនេះ។

លោកបានបញ្ជាក់ថា “ពេលនេះ កម្រាលស្ពានត្រូវបានចាក់ក្រាលបេតុង ដែលមានគុណភាពរួចរាល់ និងបន្តសាងសង់បង្កាន់ស្ពានយ៉ាងមមាញឹក ពីសំណាក់អ្នកជំនាញបច្ចេកទេស ហើយឈានទៅការរៀបចំលម្អដោយការលាបពណ៌តួស្ពាន និងបង្កាន់ដៃស្ពានដើម្បីប្្ជប់ការសាងសង់”។ លោកបន្តថា “ក្រោយពេលសាងសងរួច ស្ពាននេះនឹងដាក់ឱ្យប្រើប្រាស់ជាស្ពានឯកទិស សម្រាប់ធ្វើដំណើរចេញពីក្រុង ហើយស្ពានសម្ដេចតេ​ជោហ៊ុន សែន ដែលស្ថិតនៅទល់មុខសាលាខេត្តថ្មីក្បែរគ្នានោះ ក៏នឹងដាក់ឱ្យប្រើជាស្ពានឯកទិសក្នុងទិសដៅចូលមកក្រុងបាត់ដំបង”។

លោកអភិបាលក្រុងបានបញ្ជាក់ទៀតថា ស្ពានថ្មថ្មីដែលត្រៀមនឹងបញ្ចប់ការសាងសង់ក្នុងដ៏ពេលដ៏ខ្លីខាងមុខនេះ មានប្រវែង១០០ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថាបនាតាមរចនាបថសំណង់ស្រដៀងគ្នាទៅនឹងស្ពានថ្មចាស់ ប៉ុន្តែខុសគ្នាត្រង់លក្ខណៈនៃបច្ចេកទេសក្នុងការសាងសង់សំណង់ថ្មីផ្នែកគ្រឹះបាតនៃស្ពាន ដែលអាចធានាបាននូវការទ្រទ្រង់ទម្ងន់យានយន្តនៅពេលឆ្លងកាត់ និងរក្សាបានភាពស្ថិតស្ថេរយូរអង្វែង។ តាមគោលបំណងរបស់លោកអភិបាលខេត្ត លោកចង់ឱ្យមានការស្ដា និងជួសជុលស្ពានថ្មចាស់ឱ្យរួចរាល់ឡើងវិញ និងបញ្ចប់ការកែលម្អ ទាំងភាពទ្រុឌទ្រោមនៃបាតស្ពាន បង្កាន់ដៃ រួមជាមួយនឹងការលាបពណ៌ឱ្យមានសោភ័ណភាពរួចរាល់ ស្របគ្នាទៅនឹងស្ពានថ្មីផងដែរ។

កន្លងទៅថ្មីៗនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ធ្លាប់បានមានប្រសាសន៍ ក្រើនរំលឹកដាស់តឿនដល់អាជ្ញាធរទាំងអស់ ឲ្យរក្សាទុកនូវរាល់សមិទ្ធផល ដែលមានអាយុកាលចាប់ពី១០០ឆ្នាំឡើង ដោយមិនត្រូវធ្វើការរុះរើ ឬបំផ្លាញចោលនោះទេ?។

ជាមួយគ្នានេះផងដែរ សម្ដេចក៏បានឲ្យរក្សាទុកនូវស្ពានថ្មចាស់ ខេត្តបាត់ដំបង ដែលបន្សល់ ក្នុងសម័យអាណានិគមនិយមបារាំង ស្ថិតនៅខាងមុសាលាខេត្តបាត់ដំបង ហើយស្ពានមួយនេះមានអាយុកាលប្រមាណ១០៣ ឆ្នាំមកហើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here