ដោយៈ ប៊ី
ភ្នំពេញៈ តំបន់អាស៊ីត្រូវបានគេរំពឹងថា នឹងនៅតែជាអ្នកឈានមុខគេក្នុងផលិតកម្មសម្លៀកបំពាក់ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះ ទោះបីប្រទេសចិនកំពុងកាត់បន្ថយប្រតិបត្តិការផលិតកម្មសម្លៀកបំពាក់ និងបង្កើនសង្វាក់តម្លៃក៏ដោយ។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនវិភាគFitch Solutions កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០កន្លងមកនេះ។

ចក្ខុវិស័យសម្រាប់វិស័យវាយនភណ្ឌ បានគូសបញ្ជាក់ថា ប្រទេសឥណ្ឌា និងឥណ្ឌូនេស៊ី ដែលផ្តល់កម្លាំងពលកម្មតម្លៃទាប និងទីផ្សារក្នុងស្រុកធំ អាចនឹងខាតបង់ ដោយសារតែកង្វះលក្ខខណ្ឌអំណោយផល។
ទោះបីជាប្រទេសចិនបង្កើនសង្វាក់តម្លៃក៏ដោយ ក៏ប្រទេសជាច្រើនទៀតនៅអាស៊ីទទួលបានផលចំណេញ ពីសក្ដានុពលទីផ្សារការងារសម្រាប់ផលិតកម្ម សម្លៀកបំពាក់ ដែលមានការតភ្ជាប់ផ្នែកដឹកនាំជញ្ជួនគ្រប់គ្រាន់ ដើម្បីបម្រើដល់ពាណិជ្ជកម្មខាងក្រៅ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលធានាបាននូវការអនុគ្រោះ ដល់ទីផ្សារអ្នកប្រើប្រាស់សំខាន់ៗ និងទីតាំងភូមិសាស្ត្រជាប់ ដល់អ្នកវត្ថុធាតុដើមនៅក្នុងប្រទេសចិន និងឥណ្ឌា។
ក្រុមហ៊ុនFitch Solutions បានឱ្យដឹងថា “យើងចាប់ផ្តើមឃើញវៀតណាមទទួលបានផលប្រយោជន៍ពីនិន្នាការទាំងនេះ ហើយរំពឹងថានឹងមានការវិនិយោគបន្ថែមទៀតចូលក្នុងប្រទេស។ លើសពីនេះ យើងរំពឹងថាបង់ក្លាដែស កម្ពុជា និងមីយ៉ាន់ម៉ានឹងទទួលបានផលចំណេញកាន់តែច្រើននៅឆ្នាំខាងមុខ នៅពេលដែលថ្លៃចំណាយផ្សេងៗនៅប្រទេសវៀតណាមក៏កើនឡើងផងដែរ”។
មានការកំណត់ថា ឥណ្ឌា និងឥណ្ឌូណេស៊ី ជាអ្នកទទួលសក្តានុពលនៃការផ្លាស់ប្តូរផលិតកម្ម និងកំណើនទាក់ទងនឹងចំណែក នៃការនាំចេញសម្លៀកបំពាក់សកល។
ទោះយ៉ាងណា បើយោងតាមរបាយការណ៍ អត្រាកំណើនប្រចាំឆ្នាំរបស់ប្រទេសទាំងពីរ នឹងមើលទៅមិនគួរឱ្យចាប់អារម្មណ៍ទេ បើប្រៀបធៀបជាមួយប្រទេស៤ផ្សេងទៀតរួមមានប្រទេសវៀតណាម បង់ក្លាដែស កម្ពុជា និងមីយ៉ាន់ម៉ា។

របាយការណ៍បានឱ្យដឹងថា “ប្រជាជន ដែលមានចំនួនប្រជាជនច្រើនជាងគេ១,៤ ពាន់លាននាក់នៅក្នុងប្រទេសឥណ្ឌា និង២៧៤លាននាក់របស់ប្រទេសឥណ្ឌូនេស៊ី ធ្វើឱ្យពួកគេក្លាយជាប្រទេស ដែលមានប្រជាជនច្រើនបំផុតទី២ និងទី៤លើពិភពលោក និងបង្ហាញសក្តានុពលកំណើនដ៏រឹងមាំ សម្រាប់ការប្រើប្រាស់ក្នុងស្រុក”។
ទោះយ៉ាងណា កង្វះខាតនៃការធ្វើពាណិជ្ជកម្ម ក្រោមការអនុគ្រោះទៅទីផ្សារអាមេរិក និងអឺរ៉ុប ក៏ដូចជាថ្លៃដើមពលកម្មខ្ពស់នឹងជាឧបសគ្គសម្រាប់ទីផ្សារទាំងនេះ។
របាយការណ៍បានបន្ថែមថា “យើងនៅឯ Fitch Solutions រំពឹងថា ការកើនឡើងថ្លៃដើមកម្លាំងពលកម្ម នៅក្នុងប្រទេសចិននឹងបន្តជំរុញឱ្យការផលិតទាប និងមធ្យម ទៅតំបន់ដែលមានតម្លៃទាបនៅទូទាំងអាស៊ី។
របាយការណ៍នេះបានបន្តទៀតថា “ទោះយ៉ាងណាយើងជឿជាក់ថា វានឹងកាន់តែមានភាពធ្ងន់ធ្ងរ ដោយការកើនឡើងនូវការគាំពារនិយមពាណិជ្ជកម្មសកល និងហានិភ័យភូមិសាស្ត្រនយោបាយ ដែលជាប់ទាក់ទងនឹងប្រតិបត្តិការនៅក្នុងប្រទេសចិន នៅពេលទំនាក់ទំនងរវាងចិន និងលោកខាងលិចកាន់តែយ៉ាប់យ៉ឺន។ និន្នាការនេះបានកើតឡើងរួចហើយយ៉ាងហោចណាស់មានរយៈពេលកន្លះទសវត្សរ៍”។
របាយការណ៍បានប៉ាន់ប្រមាណ ពីសក្តានុពលកំណើនខ្ពស់សម្រាប់ផលិតកម្មវាយនភណ្ឌ នៅក្នុងប្រទេសជិតខាង ដូចជា កម្ពុជា មីយ៉ាន់ម៉ា បង់ក្លាដែស និងវៀតណាម ដែលត្រូវបានគាំទ្រដោយប្រជាជនសកម្មច្រើន និងកំពុងកើនឡើង និងតម្លៃពលកម្មទាប៕






