ក្រុមហ៊ុនជប៉ុនចំនួន ១០ នឹងចូលរួមអភិវឌ្ឍផលិតកម្មកសិកម្មកម្ពុជាសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ក្រុមហ៊ុនជប៉ុនចំនួន ១០ នឹងមកចូលរួមអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយលើខ្សែច្រវាក់ផលិតកម្មកសិកម្មសុវត្ថិភាពនៅកម្ពុជា សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារនៅក្រៅប្រទេស ទៅតាមជំនាញនីមួយៗរបស់ក្រុមហ៊ុន។

លោក Nabeshima Katsuhito នាយកក្រុមហ៊ុន Yamato Green Co., Ltd នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណនៃការយោគយល់គ្នាស្តីពី “ការអភិវឌ្ឍបន្លែសុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ”នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះបានឱ្យដឹងថា ក្រុមហ៊ុនទាំង ១០នេះ នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ប្រើប្រាស់សក្តានុពល និងធនធានដែលខ្លួនមាន នាំយកបច្ចេកវិទ្យាចុងក្រោយនៃវិស័យផលិតកម្មបន្លែទាំងអំឡុងពេលដាំដុះ និងប្រមូលផល រហូតដល់លើតុសម្រាប់អ្នកបរិភោគ មកអនុវត្តនៅកម្ពុជា ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្មបន្លែកម្ពុជា ធានាបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាព ឆ្លើយតបតាមតម្រូវការទីផ្សារ និងស្តង់ដារនាំចេញ។

ជាមួយគ្នានេះ លោកបានស្នើសុំឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ចូលរួមសហការឲ្យបានពេញលេញដើម្បីកាអនុវត្តគម្រោងនេះដំណើរការទៅដោយរលូន និងទទួលបានជោគជ័យទាំងក្រុមហ៊ុន និងកសិករ ឬដៃគូផលិតបន្លែទាំងអស់។

យោងលើខ្លឹមសារសំខាន់ៗនៃឯកសារអនុស្សរណនេះមានជាអាទិ៍ដែលបានចុះហត្ថលេខារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា៖

ទី១- ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាមរយ:ការចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។
ទី២- ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍលើផលិតកម្មបន្លែទាំងការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅបរទេសតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ទាន់សម័យពីប្រទេសជប៉ុន។
ទី៣- ចូលរួមលើកកម្ពស់គុណភាព សុវត្ថិភាពបន្លែ និងនិរន្តរភាពនៃបរិមាណផ្គត់ផ្គង់ ដើម្បីឆ្លើយតបតាមតម្រូវការ ឬតាមចំណង់ចំណូលចិត្តអ្នកបរិភោគ និងទីផ្សារនាំចេញ។
ទី៤- លើកកម្ពស់សមត្ថភាពអ្នកផលិត (ការប្រើប្រាស់បច្ចេកវិទ្យា ខ្សែច្រវាក់តម្លៃបន្ថែម និងនិន្នាការទីផ្សារ) និងការប្រើប្រាស់ធាតុចូល។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ព្រឹត្តិការនាពេលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ពីឆន្ទ:របស់រាជរដ្ឋាភិបាលជប៉ុនក្នុងការគាំទ្រ និងជួយឧបត្ថម្ភទាំងធនធានថវិកា និងបច្ចេកទេសដើម្បីចូលរួមអភិវឌ្ឍផលិតកម្មបន្លែកម្ពុជាឲ្យមានការរីកចម្រើនសមស្របតាមសេចក្តីត្រូវការទីផ្សារបន្លែ ការចាប់យកកាលានុវត្តភាព ជាពិសេសតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

លោករដ្ឋមន្ត្រីបន្តថា ជាក់ស្តែង គោលបំណងសំខាន់ៗទាំង ៤ ខាងលើបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិស័យផលិតកម្មបន្លែកម្ពុជាក្នុងទិសដៅធ្វើទំនើបភាវូបនីយកម្មបន្លែគ្រប់ខ្សែច្រវាក់ផលិតកម្ម ប្រែក្លាយផលិតកម្មបែបលក្ខណ: គ្រួសារ ទៅជាផលិតកម្មបែបកសិ-ឧស្សាហកម្ម ដើម្បីធានាបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាពតាមតម្រូវការក្នុងស្រុក និងនាំចេញ។

លោករដ្ឋមន្ត្រីបន្ថែមថា ក្នុងបរិបទកំណើនសេដ្ឋកិច្ច និងជាពិសេសក្នុងកាល:ទេស: ដែលពិភពលោកកំពុងជួបនូវវិបត្តិជំងឺឆ្លងកូវីដ-១៩ បានផ្តល់ឱកាសមាសដល់ប្រជា កសិករយើងធ្វើការកែប្រែទម្លាប់ពីការផលិតសម្រាប់បម្រើសេចក្ដីត្រូវការក្នុងគ្រួសារ មកផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការនៃទីផ្សារពោលគឺពី “កសិករ ទៅជាកសិ-ពាណិជ្ជករ” វិញ។

លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ឯកសារ MOU ដែលបានចុះហត្ថលេខានាថ្ងៃនេះមានលក្ខណ:គ្រប់គ្រាន់ក្នុងការបំពេញតម្រូវការឲ្យគ្នាទៅវិញទៅមកយ៉ាងប្រទាក់ក្រឡាក្នុងខ្សែច្រវាក់ផលិតកម្មបន្លែដោយចាប់ផ្តើមពីការដាំ ការថែរក្សា (ទឹក ជី ថ្នាំ ជំងឺ និងសត្វល្អិត) ការប្រមូលផល ការវេចខ្ចប់ ការរក្សាទុកក្នុងទូត្រជាក់ និងការដឹកជញ្ជូនទៅកាន់ទីផ្សារ ការផ្គត់ផ្គង់ធាតុចូល ការស្រាវជ្រាវ និងការផ្សព្វផ្សាយបច្ចេកទេស។ល។

លោករដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះបន្ថែមថា គម្រោងវិនិយោគនេះ នឹងធ្វើឲ្យមានការកែប្រែនៅលើខ្សែច្រវាក់ផលិតកម្មបន្លែកម្ពុជានាពេលបច្ចុប្បន្ន ឲ្យមានលក្ខណ:ល្អប្រសើរ ទំនើប និងមានប្រសិទ្ធភាពទាំងផ្នែកសេដ្ឋកិច្ច និងសង្គម និងអាចឈានចាប់យកបាននូវឱកាសនៃការប្រកួតប្រជែងក្នុងការនាំចេញក្រោមស្លាកសញ្ញា ” Product of Cambodia” ហើយនេះគឺជាមោទនភាពជាតិយើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here