ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានពិភាក្សាការងារជាមួយអង្គភាពគ្រប់គ្រងស្រាវជ្រាវដើម្បីគាំទ្រការវិភាគវិស័យកសិកម្ម (អ.គ.ស) ក្នុងក្រមខណ្ឌ ASPIRE នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដើម្បីសិក្សាទៅលើគម្រោងនៃការបង្កើតតំបន់ពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្មប្រចាំប្រទេស ដើម្បីជំរុញ និងធ្វើកាលានុវត្តភាពវិស័យមួយនេះ។

លោកឧកញ៉ា ចាន់ សុឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) និងជាប្រធានគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុកផ្នែកវិនិយោគ និងហិរញ្ញវត្ថុរបស់ ស.អ.ក នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ បានទទួលជួប និងបើកកិច្ចប្រជុំរួមជាមួយសមាជិក ស.អ.ក រួមជាមួយអង្គភាពគ្រប់គ្រងស្រាវជ្រាវដើម្បីគាំទ្រការវិភាគវិស័យកសិកម្ម (អ.គ.ស) ក្នុងក្រមខណ្ឌ ASPIRE នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ការសិក្សាពីលទ្ធភាពបង្កើតតំបន់ពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម។
តំណាងឱ្យសហព័ន្ធស្រូវអង្ករកម្ពុជា និងតំណាងឱ្យការយល់ឃើញពីវិស័យស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង បានមានប្រសាសន៍គាំទ្រពេញទំហឹងលើគំនិតក្នុងការបង្កើតឱ្យមាននូវតំបន់ពិសេស សម្រាប់វិស័យកសិ-ឧស្សាហកម្មនេះ ដែលស្រូវអង្ករកម្ពុជា គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងនេះវិស័យកសិកម្ម និងជួយដល់វិស័យសេដ្ឋកិច្ចកម្ពុជាយ៉ាងខ្ពស់គួរឱ្យកត់សម្គាល់។
នៅក្នុងជំនួបប្រឹក្សាយោបល់នេះ លោកឧកញ៉ា ចាន់ សុឃាំង ក៏បានលើកឡើងនូវការយល់ឃើញនានា ក៏ដូចជាផ្តល់នូវធាតុចូលទាក់ទងនឹងបញ្ហាប្រឈមកាលានុវត្តភាព និងសំណើផ្សេងៗ តបទៅតាមកម្រងសំណួរដែលខាងក្រុមការងារសិក្សាស្រាវជ្រាវរបស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានសាកសួរ ដើម្បីអាចឱ្យក្រុមការងារយកទៅវាយតម្លៃ និងជាគោលគំនិតសិក្សាបន្ថែមពីលទ្ធភាពក្នុងការបង្កើតតំបន់ពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា។

គោលបំណងនៃការសិក្សាខាងលើនេះ គឺដើម្បីពិនិត្យពីលទ្ធភាពនៃការបង្កើតតំបន់ពិសេសសម្រាប់បណ្តុំរោងចក្រកែច្នៃផលិតផលកសិ-ឧស្សាហកម្ម បម្រើឱ្យការប្រើប្រាស់ក្នុងស្រុក និងនាំចេញ។ ការសិក្សានេះ នឹងសិក្សាលម្អិតបន្ថែមទៅលើតំបន់ដែលមានសក្តានុពលក្នុងការបង្កើតតំបន់ពិសេស យន្តការគាំទ្រពីរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការកំណត់នូវលក្ខខណ្ឌ និងវិធានការលើកចិត្ត រួមមានសារពើពន្ធ និងមិនមែនសារពើពន្ធ និងមេរៀនជាបទពិសោធន៍នានាពីបណ្តាប្រទេសដទៃទៀត។
បន្ទាប់ពីបញ្ចប់នូវកិច្ចប្រជុំប្រឹក្សាយោបល់នេះ ជាជំហានបន្ទាប់ ក្រុមការងារសិក្សាស្រាវជ្រាវរបស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ នឹងបន្តធ្វើការស្រាវជ្រាវលម្អិត និងស៊ីជម្រៅបន្ថែមទៀតឱ្យបានគ្រប់ជ្រុងជ្រោយ ក៏ដូចជាប្រមូលព័ត៌មាន មតិយោបល់ ធាតុចូលពីភាគីពាក់ព័ន្ធនានា ដែលមិនមែនត្រឹមតែវិស័យស្រូវអង្ករ តែរួមទាំងវិស័យកសិកម្មទាំងមូល។






