ដោយវុត្ថា
ភ្នំពេញ៖ អ្នកជំនាញមើលឃើញថា វិនិយោគថ្មីលើវិស័យបដិសណ្ឋារកិច្ចដូចជាសណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូង និងរមណីយដ្ឋានជាដើមនៅក្នុងប្រទេសកម្ពុជា រហូតមកដល់ពេលនេះ មិនទាន់មាននៅឡើយទេ ខណៈដែលវិនិយោគិនក្នុងស្រុក និងក្រៅស្រុក រងចាំមើលស្ថានភាពស្ងប់ស្ងាត់នៃជំងឺ Covid-19។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២០នេះ ឱ្យដឹងថា កន្លកនេះ សកម្មភាពនៃការវិនិយោគលើវិស័យបដិសណ្ឋារកិច្ចមានច្រើននៅតាមតំបន់ភាគ ឦសានប្រទេស មានដូចជាខេត្តរតនគិរី និងមណ្ឌលគិរីជាដើម និងតំបន់ខេត្តជាប់មាត់សមុទ្រ តែ ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺ Covid-19 កន្លងមកនេះ (ឆ្នាំ ២០២០) មិនមានសកម្មភាពវិនិយោគនោះទេ។
លោកស្រីបន្តថា “សកម្មភាពវិនិយោគលើវិស័យបដិសណ្ឋារកិច្ចហាក់មានស្ថានភាពនៅទ្រឹង ទាំងអ្នកវិនិយោគនៅក្នុងស្រុក និងក្រៅស្រុក មិនហានបោះទុនិយោគនោះទេ ដោយរងចាំមើលពីស្ថានភាពនៃជំងឺ Covid-19 ដែលកំពុងរាតត្បាតជាសកលផុតរលត់ទៅវិញ”។
តែយ៉ាងណាក៏ដោយ លោកស្រីថា “បើទោះបីមិនមានការវិនិយោគថ្មីលើវិស័យបដិសណ្ឋារកិច្ចក៏ដោយ ក៏វិស័យនេះ នៅតែអាចមានលទ្ធភាពទទួលភ្ញៀវទេសចររនៅក្នុងស្រុកបានដែរ នៅគ្រប់គោលដៅទេសចរណ៍ ក្នុងពេលនៃការឈប់សំរាកនាពេលខាងមុខនេះដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យឈប់សំរាកសងជំនួសថ្ងៃបុណ្យចូលឆ្នាំខ្មែរ”។
លោកស្រី អាន សុធីតា នាយិកាប្រចាំប្រទេសនៃ ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានឱ្យដឹងកន្លងមកនេះ ថា វិស័យទេសចរណ៍ផ្នែកសេវាកម្មបានធ្លាក់ចុះយ៉ាងគំហុកដោយសារវិបត្តិនៃជំងឺ Covid-19 កាលពីពេលកន្លងទៅនេះ ប៉ុន្តែសម្រាប់ឆមាសទី២ ឆ្នាំ ២០២០នេះ វិស័យទេសចរណ៍ផ្នែកសេវាកម្មបដិសណ្ឋារកិច្ចនឹងមានកំណើនឡើងវិញបន្តិចដោយសារសកម្មភាពទេសចរក្នុងស្រុក ចាប់ផ្តើមមានឡើងវិញជាបណ្តើរៗ។
លោកស្រីបន្តទៀថា “បើទោះបីជា តម្រូវការទីផ្សារក្នុងវិស័យបដិសណ្ឋារកិច្ចមានកំណើនឡើងវិញក៏ដោយ ប៉ុន្តែសម្រាប់ការវិនិយោគគម្រោងថ្មីអាចនៅមិនទាន់មាននោះទេ យ៉ាងហោចណាស់រហូតដល់ដើមឆ្នាំ ២០២១ ឬ យូរជាងនេះទើបមានឡើងវិញក្រោមការវិនិយោគពីអ្នកក្នុងស្រុក និងមកពីក្រៅប្រទេស ក្រោយពីវិបត្តិជំងឺ Covid-19 ត្រូវបានគ្រប់គ្រង”។
លោក ហូ វណ្ឌី សហប្រធានក្រុមការងារវិស័យទេសចរណ៏ផ្នែកឯកជន បានឱ្យដឹងថា ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺCovid-19 កន្លងមកនេះ មិនមែនប៉ះពាល់ដល់ការវិនិយោគថ្មីលើវិស័យបដិសណ្ឋារកិច្ចនោះទេ ពោលគឺវាប៉ះពាល់ដល់វិស័យជាច្រើនផ្សេងៗទៀត ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ធំៗក៏ទទួលរងផលប៉ះពាល់ដែរ។
លោកបន្តថា “គ្មានក្រុមហ៊ុនណាហ៊ានដាក់ទុនវិនិយោគបន្ថែមសម្រាប់ប្រកួតប្រជែងជាមួយដែគូររបស់ខ្លួនទេនៅក្នុងអំឡុងពេលនេះ ដោយរងចាំមើលពីស្ថានភាពស្ងប់ស្ងាត់នៃជំងឺ Covid-19 ហើយបានធ្វើឱ្យការធ្លាក់ចុះចំណូលយ៉ាងខ្លាំងនៅក្នុងវិស័យនេះ អាចនិយាយបានថា ជំងឺនេះ កូរគ្រប់រឿង”៕






