ដោយ ប៊ី
ភ្នំពេញៈ ផ្សារហ៊ុនរបស់ជប៉ុន បានកើនឡើងនៅថ្ងៃពុធម្សិលម៉ិញនេះ ដែលជាកំណើនរយៈពេល៥សប្តាហ៍ជាប់គ្នា ដោយ សារមានក្តីសង្ឃឹមលើការផលិតវ៉ាក់សាំង និងសុទិដ្ឋិនិយមអំពីការរំពឹងទុក និងការកំណើនសេដ្ឋកិច្ចលឿនរហ័ស។

អ្នកវិភាគសេដ្ឋកិច្ចបានរំពឹងថា ប្រាក់ចំណេញរបស់ក្រុមហ៊ុន នឹងកើនឡើងនៅឆមាសទីពីរនៃឆ្នាំនេះ។
សន្ទស្សន៍ក្រុមហ៊ុន Nikkei បានកើនឡើងខ្ពស់១,៥៩ភាគរយ បន្ទាប់ពីឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី១០ ខែមិថុនា។
ភាគហ៊ុនមានកើនឡើង បន្ទាប់ពីក្រុមហ៊ុនជីវបច្ចេកវិទ្យា របស់សហរដ្ឋអាមេរិកឈ្មោះថា Moderna Inc បានលើកឡើងថា វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ តាមការពិសោធរបស់ខ្លួនបានបង្ហាញថា វាមានសុវត្ថិភាព និងបង្កឱ្យមានការបង្កើនភាពស៊ាំ នៅក្នុងការសិក្សាដំណាក់កាលដំបូង។
លោក Kiyoshi Ishigane ប្រធានមូលនិធិនៅក្រុមហ៊ុន Mitsubishi UFJ Kokusai Asset Management បានមានប្រសាសន៍ថា“ ភាគហ៊ុនរបស់ប្រទេសជប៉ុន កំពុងចាប់ ផ្តើមតាមការកើនឡើង” ។
លោកបានបន្តថា “នៅក្នុងរូបភាពធំជាងនេះ ការរំពឹងទុកសម្រាប់កំណើនសេដ្ឋកិច្ចនៅតែរឹងមាំ។ ឥឡូវនេះយើងមានវិធីសាស្ត្រល្អប្រសើរជាងមុន ដើម្បីតាមដានជំងឺនេះ ហើយមានការវិវឌ្ឍន៍បន្ថែមទៀតក្នុងការអភិវឌ្ឍថ្នាំ ដើម្បីព្យាបាលវា” ។
ទិន្នន័យថ្មីៗពីប្រទេសសេដ្ឋកិច្ចធំៗជាច្រើន បានបង្ហាញសញ្ញាថា សកម្មភាពសាជីវកម្ម និងការចំណាយរបស់អតិថិជន កំពុងងើបឡើងវិញពីការធ្លាក់ចុះយ៉ាងខ្លាំង ដែលបណ្តាលមកពីជំងឺកូវីដ១៩ ។
ទន្ទឹមនឹងនេះដែរ ធនាគារកណ្តាលជប៉ុន បានរក្សាគោលនយោបាយរូបិយវត្ថុឱ្យមានស្ថេរភាពនៅថ្ងៃពុធ និងរក្សាទស្សនៈរបស់ខ្លួនថា សេដ្ឋកិច្ចនឹងងើបឡើងបន្តិចម្តង៕






