ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅពេលនិយាយពីដើមទុន មនុស្សភាគច្រើនតែងគិត និងផ្តោតអារម្មណ៍ទៅនឹងប្រាក់កាស ដោយភ្លេចគិតទៅលើធនធានមួយចំនួន ដែលខ្លួនមានជាប់ប្រាណ និងមានតម្លៃសមស្របនៅក្នុងសង្គម។
អ្នកជំនាញផ្នែកវិភាគសេដ្ឋកិច្ចឯករាជ្យ លោក ង៉ែត ជូ និងជាអ្នកជំនួញនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាបានលើកឡើងថា មនុស្សស្ទើតែគ្រប់រូប សុទ្ធតែមានដើមទុន៣ប្រភេទ ដោយមិនមែនមានត្រឹមតែបាតដៃទទេនោះទេ។
នៅក្នុងសំណេរដែលបង្ហាញ ពីគោលបំណងជំនួយស្មារតី លោក ង៉ែត ជូ បានលើកឡើងថា ការដែលគ្មានប្រាក់ចាប់ផ្តើមអាជីវកម្មអ្វីមួយ មិនមែនមានន័យថា គ្មានដើមទុននោះទេ។ អ្នកត្រូវដឹងថា ដើមទុនគឺមានចំនួន៣ប្រភេទរួមមាន ទី១) ដើមទុនផ្នែកហិរញ្ញវត្ថុ ឬសេដ្ឋកិច្ច (Economic or Financial Capital) ដូចជាសាច់ប្រាក់ អចលនទ្រព្យ និងទ្រព្យសម្បត្តិដទៃទៀត។
ទី២ ដើមទុនជាធនធានមនុស្ស (Human Capital) រូបអ្នកក៏ជាដើមទុនដែរ អ្នកអាចយកចំណេះ-ជំនាញ ទៅបំរើការឱ្យអ្នកដទៃដោយប្តូរយកជាប្រាក់ខែ ហើយសន្សំ ដើម្បីធ្វើជាដើមទុនចាប់ផ្តើមអាជីវកម្ម ហើយបើខ្វះ អ្នកអាចខ្ចីអ្នកដទៃបន្ថែម ដូចជាក្រុមគ្រួសារ ឬមិត្តភក្ដិខ្លះទៅ។
ទី៣ ដើមទុនសង្គម (Social Capital) ក្រុមគ្រួសារ មិត្តភក្ដិ និងមនុស្សដែលអ្នករាប់អានក៏ជាដើមទុនដែរ។ ឧទាហរណ៍ ក្រុមគ្រួសារផ្គត់ផ្គង់ឱ្យអ្នកបានរៀនសូត្រ ដើម្បីសន្សំចំណេះ-ជំនាញ រួចក្លាយខ្លួនជាធនធានមនុស្សក្នុងសង្គម នោះហើយគឺជាដើមទុន។
ដូច្នេះ នៅពេលគ្មានប្រាក់ចាប់ផ្តើមអាជីវកម្ម សូមកុំទាន់និយាយថា ខ្លួនមានត្រឹមតែបាតដៃទទេ។ អ្នកមានដើមទុនទី៣ (ដើមទុនសង្គម) ដើម្បីឈានទៅកសាងដើមទុនទី២ (ដើមទុនជាធនធានមនុស្ស) និងសន្សំជាដើមទុនទី១ (ដើមទុនផ្នែកហិរញ្ញវត្ថុ)។ អ្នកមិនមែនបាតដៃទទេនោះទេ គ្រាន់តែអ្នកត្រូវការការព្យាយាម ការខិតខំ និងប្រើពេលវេលាឱ្យមានតម្លៃប៉ុណ្ណោះ ៕






