អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ១,២៧២ លានដុល្លារនៅឆមាសទី១ឆ្នាំនេះ

0

ដោយ៖ ប៊ី

ភ្នំពេញ ៖ នៅឆមាសទី១ ឆ្នាំ២០២០នេះ តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទទួលបានចំណូលជាង ៥,១៥២.៦ប៊ីលានរៀល ស្មើនឹងប្រមាណជា១,២៧២.២លានដុល្លារអាមេរិក មានការថយចុះ ១៦.២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ។

លោក គុណ ញឹម បានលើកឡើងថា “ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ចំណូលសរុបដែលប្រមូលដោយ អ.គ.រ មានជាង ៥,១៥២.៦ ប៊ីលានរៀល ឬប្រមាណជា ១,២៧២.២ លានដុល្លារអាមេរិក។ តួលេខចំណូលនេះត្រូវជា ៤៣.៩% នៃផែនការដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ ចំណូលនេះថយចុះ ១៦.២% ដែលក្នុងនោះ ចំណូលពីមុខទំនិញយានយន្តថយចុះ ៣១.៧%, គ្រឿងសំណង់ថយចុះ ២៨.២%, នៅពេលដែលមុខទំនិញប្រេងឥន្ធនៈកើនឡើង ៥.៥% និងមុខទំនិញចម្រុះផ្សេងទៀតមានកំណើន ៣.១%”។

លោកអគ្គនាយក បញ្ជាក់ថា ការនាំចូលមុខទំនិញយានយន្ត ដែលជាប្រភពចំណូលគយដ៏សំខាន់ មានការធ្លាក់ចុះខ្លាំងជាបន្តបន្ទាប់ ជាពិសេសនៅក្នុងត្រីមាសទី២ ឆ្នាំ២០២០នេះ។ ប្រភេទពន្ធនិងអាករសំខាន់ៗ ដែលប្រមូលដោយគយមាន ពន្ធគយ (ពន្ធនាំចូល), អាករពិសេស និងអាករលើតម្លៃបន្ថែម (VAT)។ នៅក្នុងឆមាសទី១ ឆ្នាំ២០២០ នេះ បើប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ លទ្ធផលចំណូលតាមប្រភេទពន្ធមានការប្រែប្រួលដូចតទៅ៖ ពន្ធគយថយចុះ ១៩.៨%, អាករពិសេសធ្លាក់ចុះ ២១.៦% ហើយ VAT ថយចុះ ៩.៦%។

តួលេខបណ្ដោះអាសន្ននៃទំហំពាណិជ្ជកម្មអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ២០២០ ធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានការប្រែប្រួលដូចតទៅ៖ តម្លៃនាំចូលសរុបថយចុះ ៩.៤% ហើយតម្លៃនាំចេញសរុបថយចុះ ០.៧% ក្នុងនោះ តម្លៃផលិតផលកាត់ដេរនាំចេញថយចុះ ៧.៥% ប៉ុន្តែតម្លៃផលិតផលស្រូវ អង្ករ កៅស៊ូ និងកសិផលផ្សេងទៀត សរុបកើនឡើង ១៤.៥%។
លោកបន្តថា ការធ្លាក់ចុះទំហំពាណិជ្ជកម្មអន្តរជាតិ និងចំណូលពន្ធ-អាករគយ ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ គឺដោយសារកត្តាមួយចំនួន ដែលក្នុងនោះកត្តាសំខាន់គឺ ការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានធ្វើឱ្យ ទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារនាំចេញរបស់កម្ពុជា និងលំហូរពាណិជ្ជកម្មអន្តរជាតិ រងផលប៉ះពាល់ធ្ងន់ធ្ងរ។

ប្រភពចំណូលពន្ធ និងអាករសំខាន់ៗរួមមាន យានយន្តនិងគ្រឿងចក្រ (ដើរតួនាទីប្រមាណ ៤២.៤%នៃចំណូលសរុប), ប្រេងឥន្ធនៈ (ត្រូវជាប្រមាណ ២១.៦%នៃចំណូលសរុប) និងទំនិញចម្រះនិងគ្រឿងសំណង់ (ដើរតួនាទីប្រមាណជា ៣៤.៧% នៃចំណូលសរុប)៕

LEAVE A REPLY

Please enter your comment!
Please enter your name here