ផែនការមេទី៣ របស់អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តម្លៃជាង១៥លានដុល្លារ កំពុងដាក់ដំណើរការនៅក្នុងខណ្ឌចំការមន

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន ដែលមានតម្លៃជាង១៥លានដុល្លារ ក្រោមជំនួយបដិភាគរបស់រដ្ឋាភិបាលបារាំង និងអង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានកំណត់ជាគម្រោងក្នុងផែនការមេទី៣ របស់អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដាក់ដំណើរការសាកល្បងនៅក្នុងខណ្ឌចំការមន ជាមួយបច្ចេកទេសបែបទំនើប។

លោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងនៅក្នុងដំណើរចុះត្ួតពិនិត្យសកម្មភាពនៃដំណើរការរបស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតមួយនេះកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ថា គម្រោងសាងសង់ពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន គឺជាគម្រោងដែលបានកំណត់ក្នុងផែនការមេទី៣ របស់អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្រោមគម្រោងហិរញ្ញប្បទានរួមគ្នា ដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៌ (AFD) និងថវិកាបដិភាគដោយអង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានទំហំទឹកប្រាក់ចំនួន ជាង១៥ លានដុល្លារសហរដ្ឋអាមេរិក និង ជិត ០៨ លានអឺរ៉ូ ។

គម្រោងនេះ បានចុះហត្ថលេខាជាផ្លូវការ នៅថ្ងៃទី០៨ ខែ សីហា ឆ្នាំ២០១៨ ដោយក្រុមហ៊ុន វ៉ាំង ស៊ី (VINCI) ជាអ្នកទទួលខុសត្រូវក្នុងការសាងសង់ និងស្ថិតក្រោមការត្រួតពិនិត្យដោយទីប្រឹក្សាបច្ចេកទេសក្រុមហ៊ុន សាហ្វេរ (Safage) ។ គម្រោងនេះ បានចាប់ផ្តើមបើកការដ្ឋានពង្រីកសមត្ថភាពអាងប្រព្រឹត្តិកម្មរបស់ខ្លួននាថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០១៧ និងបានដាក់ឲ្យដំណើរការសាកល្បងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ។

សមត្ថភាពរោងចក្រប្រព្រឹត្តិកម្មផលិតទឹកស្អាតបច្ចុប្បន្នរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សរុបចំនួន៦៣២.០០០ ម៉ែត្រត្រីគុណ គឺ៖ស្ថានីយ៌ភូមិព្រែក មានសមត្ថភាពផលិតបាន១៧ ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ-ស្ថានីយ៌ជ្រោយចង្វារមានសមត្ថភាពផលិត ១៥ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ-ស្ថានីយ៌និរោធមានសមត្ថភាពផលិតបាន ២៦ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ និងស្ថានីយ៌រោងចក្រចំការមននេះ មានសមត្ថភាពផលិតបាន ៥ម៉ឺន ២ពាន់ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ។

ក្នុងដំណើចុះពិនិត្យស្វែងយល់នោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនៃការពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន ប្រកបដោយជោគជ័យនេះ ដែលជាជំនួយដ៏សំខាន់ក្នុងការផ្គត់ផ្គង់ទឹកក្នុងរាជធានីភ្នំពេញ ជាពិសេសក្នុងខ័ណ្ឌចំការមន ដែលកំពុងមានការរីកដុះដាលយ៉ាងព្រោងព្រាតនូវសំណង់អគារ ធំៗ ខ្ពស់ៗ ហើយនៅពេលខាងមុខឆាប់ៗ យើងនឹងអាចសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការបាន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here