ខេត្តមណ្ឌលគីរី មានតំបន់ទាក់ទាញវិស័យទេសចរណ៍ចំនួន៣៦ទីតាំង

0

ដោយ ៖ រ៉ាណេត

មណ្ឌលគីរី ៖ នៅទូទាំងខេត្តមណ្ឌលគិរី មានធនធាន និងតំបន់ទាក់ទាញទេសចរណ៍ធម្មជាតិជាច្រើនរហូតដល់ចំនួន ៣៦កន្លែង ដោយក្នុងនោះ មានតំបន់រមណីយដ្ឋានទឹកធ្លាក់ តំបន់រមណីយដ្ឋានវប្បធម៌ជនជាតិដើមភាគតិច តំបន់ភ្នំ តំបន់ទេសភាព ភូមិជនជាតិ សមុទ្រឈើ សហគមន៍ទេសចរណ៍ ដែនជម្រកសត្វព្រៃ និងមានអាកាសធាតុត្រជាក់ជាដើម។

អភិបាលខេត្តមណ្ឌលគីរី លោក ស្វាយ សំអ៊ាង បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការគណរដ្ឋមន្ត្រី ថា នៅទូទាំងខេត្តគឺមានតំបន់ទេសចរណ៍កម្សាន្តជាច្រើនទីតាំង ដែលសុទ្ធតែមានភាពទាក់ទាញ និងមិនរីងស្ងួតនៅឡើយ។

លោក ស្វាយ សំអ៊ាង បានបញ្ជាក់ទៀតថា “ ក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍ដោយឯកជនសរុបមានចំនួន ១១ទីតាំង ក្នុងនោះ មាន ទឹកជ្រោះប៊ូស្រា, អូរផ្លាយ, រមនា១, រមនា២, ជ្រៃយស់, ចំការកាហ្វេ , អូររមីស , ជ្រៃធំ,ដំណាក់ស្តេច,ក្បាលព្រះ ដែលជារៀងរាល់ឆ្នាំ ចាប់គិតពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៩ កំណើននៃចំនួនទេសចរជាតិ និងអន្តរជាតិមានការកើនឡើងជាបន្តបន្ទាប់”។

សេវាកម្មទេសចរណ៍ជាច្រើន ដែលក្នុងនោះ មានសណ្ឋាគារ ១១កន្លែង ស្មើនឹង ៤២៨ បន្ទប់, ផ្ទះសំណាក់ ៥១កន្លែង ស្មើនឹង ៧៣៥បន្ទប់, ម៉ូតែល ០២កន្លែង ស្មើនឹង ៦៧បន្ទប់ , បឹងកាឡូ ០១កន្លែង ស្មើនឹង ០៦បន្ទប់ ភោជនីយដ្ឋាន និងអាហារដ្ឋាន ៣៤កន្លែង ស្មើនឹង ៣២០តុ និង ១.៧០១កៅអី និងខារ៉ាអូខេ ១៣កន្លែង ស្នើនឹង ៥៧បន្ទប់ ម៉ាស្សា ០៤កន្លែង ស្មើនឹង ០៧បន្ទប់ និងមគ្គុទេសក៍ទេសចរណ៍សហគមន៍សរុប ៧៥នាក់។ ក្រៅពីនេះ នៅមានគម្រោងវិនិយោគអភិវឌ្ឍទេសចរណ៍ក្នុងតំបន់អភិរក្សធនធានធម្មជាតិ សរុបចំនួន ៤០គម្រោងទៀត ក្នុងនោះមាន ដែនជម្រកសត្វព្រៃកែវសីមា ១០គម្រោង, ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ០២គម្រោង និងរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធនធានធម្មជាតិ ២៨គម្រោង។

ថ្មីៗនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ បានដាក់ចេញនូវគោលដៅ និងផែនការអភិវឌ្ឍន៍ខេត្តកែប និងខេត្តមណ្ឌលគិរី ផែនការនេះ ត្រូវបាន និងកំពុងសិក្សាដោយក្រុមការងារ ក្រសួងទេសចរណ៍ នឹងត្រូវបានអនុវត្តនាពេលខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here