CDC អនុម័តគម្រោងវិនិយោគរោងចក្រថ្មីមួយតម្លៃ ១០,៣ លានដុល្លារនៅតាមបណ្តោយផ្លូវជាតិលេខ ៦

0

ដោយ ៖ វុត្ថា
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគរោងចក្រថ្មីមួយទៀតមានទំហំទឹកប្រាក់ ១០,៣ លានដុល្លារ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងផ្តល់ឱកាសការងារជូនពលរដ្ឋរាប់ពាន់កន្លែង ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២០នេះ ឱ្យដឹងថា តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតស្បែកជើង របស់ក្រុមហ៊ុន MANN LONG SHOES CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទុនវិនិយោគប្រមាណ ១០,៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៣៧៩កន្លែង។

លោកស្រី Grace Rachny Fong នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Cambodia ធ្លាប់បានបដឹងតាមទូរស័ព្ទកន្លងមកនេះថា នៅតាមតំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦នេះ បច្ចុប្បន្ននេះមានក្រុមហ៊ុនអន្តរជាតិជាច្រើនបាន និងកំពុងចាប់អារម្មណ៍ និងត្រៀមបោះទុនវិនិយោគនៅតំបន់នេះយ៉ាងច្រើន ដែលធ្វើឲ្យតំបន់ស្ថិតនៅជាប់ផ្លូវនេះកំពុងមានការរីកចម្រើន និងមានសក្តានុពលខ្លាំងនាពេលអនាគត។

លោកស្រីបន្តថា “តាមខ្ញុំដឹង គឺមានក្រុមហ៊ុនជាច្រើន កំពុងត្រៀមចូលវិនិយោគនៅតំបន់នេះបន្ថែមទៀត ហើយវាជាក្រុមហ៊ុនវិនិយោគធំៗមកពីក្រៅប្រទេស។តំបន់នេះមានភាពអំណោយផលបំផុតលើលក្ខខណ្ឌអាកាសធាតុ ដោយសារមានទន្លេ២ អមសងខាង និងមានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់យ៉ាងល្អប្រសើរ”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីបើកសម្ពោធផ្លូវជាតិលេខ ៦A កាលពីកន្លងមកនេះបានថ្លែង ថា ផ្លូវជាតិលេខ ៦នេះគឺជាផ្លូវដែលមមាញឹកបំផុតនៅក្នុងប្រទេសកម្ពុជា ហើយផ្នែកនៃផ្លូវនេះតភ្ជាប់រាជធានីភ្នំពេញទៅខេត្តនានា ហើយរដ្ឋាភិបាលបានសម្រេចចិត្តសាងសង់ផ្លូវនេះឡើងដើម្បីជួយដល់ការតាំងទីលំនៅរបស់ប្រជាជន និងបោះទីតាំងរោងចក្រសហគ្រាស៕

LEAVE A REPLY

Please enter your comment!
Please enter your name here