ខេត្តមណ្ឌលគិរីត្រៀមដីប្រមាណ៦០០ហិកតាដើម្បីសាងសង់ព្រលានយន្តហោះថ្មី

ចែករំលែក

ដោយគង់ សូរិយា

ភ្នំពេញៈ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាងបានថ្លែងថា ខេត្តបានត្រៀមដីរបស់រដ្ឋរួចរាល់ប្រមាណ៦០០ហិចតា ក្នុងការសងសាង់ព្រលានយន្ដហោះថ្មីនេះ ដែលមានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ។

ក្នុងសន្និសីទសារព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ លោកស្វាយ សំអ៊ាង បានបញ្ជាក់ថា គម្រោងព្រលានយន្ដហោះថ្មីនេះ មិនអាចសាងសង់នៅលើទីតាំងចាស់ ដែលមានដីប្រមាណ១៩ហិចតាបានឡើយ ពោលនៅកន្លែងចាស់នាពេលបច្ចុប្បន្ន ហាក់មានសភាពចង្អៀត ព្រោះប្រជាពល​រដ្ឋរស់នៅជុំវិញច្រើន។

លោកអភិបាលខេត្ត នៅពេលរាជរដ្ឋាភិបាលសាងសង់ ព្រលានយន្ដហោះថ្មីនោះ ព្រលានយន្ដហោះចាស់ មិនត្រូវបានបោះបង់ចោល ឬលក់ទៅឲ្យឯកជនណាមួយនោះទេ ពោលរដ្ឋបាលខេត្ត សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំទីតាំងនេះ ទៅជាសួនច្បារ ឬកន្លែងសម្រាប់ប្រជាពលរដ្ឋលំហែកម្សាន្ដ។

លោកស្វាយ សំអ៊ាង បានថ្លែងថា “ខេត្តបានទុកទីតាំងព្រលានចាស់នោះធ្វើជាសួនច្បារ ហើយយើងរកទីតាំងថ្មី ដែលទីតាំងថ្មីនេះយើងមានផ្ទៃដីប្រមាណជា៦០០ហិចតា ដែលឃ្លាតពីក្រុងសែនមនោរម្យប្រមាណជាង២០គីឡូម៉ែត្រ”។លោកបន្តថា “ទីតាំងថ្មីនេះ អាចពង្រីកព្រលានយន្ដហោះខ្នាតធំនៅស្រុក ឬខាតអន្ដរជាតិ ដែលនេះអាស្រ័យលើការសិក្សារបស់អាកាសចរស៉ីវិល និងក្រសួងពាក់ព័ន្ឋ”។

អភិបាលខេត្តមណ្ឌលគីរីបានបញ្ជាក់ថា បច្ចុប្បន្នអាជ្ញាធរខេត្ត បាននិងកំពុងរៀបចំការពារដីដែលត្រៀមទុកនេះ ពីការរំលោភទន្ទ្រានពីប្រជាពលរដ្ឋ ហើយនៅពេលណារាជរដ្ឋាភិបាលត្រូវការ គឺរដ្ឋបាលខេត្តមានទីតាំងសមស្របទៅតាមតម្រូវការ សម្រាប់វិនិយោគព្រលានយន្ដហោះថ្មីនេះ។

យោងតាមអ្វីដែលរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ធ្លាប់បានបង្ហើបប្រាប់នោះ ព្រលានយន្ដហោះថ្មី នៅខេត្តមណ្ឌលគិរី អាចនឹងត្រូវសាងសង់លើផ្ទៃដី៣០០ហិកតា ហើយតាមការប៉ាន់ស្មាន អាចនឹងវិនិយោគប្រមាណជាង៦០លានដុល្លារ។ គម្រោងនេះ បានសិក្សារួចរាល់ និងបានដាក់ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍ គោលនយោបាយសេដ្ឋកិច្ច។

សព្វថ្ងៃនេះកម្ពុជា មានអាកាសយានដ្ឋានអន្តរជាតិចំនួន៣ កំពុងតែដំណើរការអាកា​សយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ដែលគ្រប់គ្រង និងធ្វើទំនើបកម្មអាកាសយានដ្ឋាន ដោយក្រុមហ៊ុន SCA របស់បារាំង៕


ចែករំលែក