រដ្ឋាភិបាលបានកំណត់ប្លង់គោលអភិវឌ្ឍន៍គម្រោងវិនិយោគធំៗចំនួន៣ នៅខេត្តព្រះសីហនុ

0

ដោយៈរ៉ាណេត

ព្រះសីហនុៈ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានធ្វើការវិភាគទិន្នន័យ និងកំណត់សេណារីយូប្លង់ គោលប្រើប្រាស់ដីសម្រាប់ការអភិវឌ្ឍ និងការអភិរក្សតំបន់បឹងកង្កែប មានគម្រោងអភិវឌ្ឍន៍ធំៗចំនួន៣ នៅក្នុងខេត្តព្រះសីហនុ។

រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ លោក ប៉ែន សុផល បានមានប្រសាសន៍នៅក្នុងបើកសិក្ខាសាលានាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅខេត្តព្រះសីហនុថា គម្រោងអភិវឌ្ឍន៍ទាំង៣ទីតាំងរួមមាន ទី១ គម្រោងអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ទី២ គម្រោងអភិវឌ្ឍតំបន់ទេសចរណ៍នាគរាជ និងទី៣គម្រោងអភិវឌ្ឍតំបន់បឹងកង្កែប ។

លោកបានបន្តថា “ការអភិវឌ្ឍបឹងបង្កែប អភិវឌ្ឍន៍ប្រកបដោយភាពឆ្លាតវៃ ដោយធ្វើការអភិវឌ្ឍត្រឹមត្រូវសម្រាប់កូនចៅជំនាន់ក្រោយ និងបរិយាបន្ន ការចូលរួមប្រកប​ដោ​យភាពរីកចម្រើនទាំងអស់គ្នានៅជុំវិញបឹងកង្កែប”។លោកបន្តថា “ការអភិវឌ្ឍបៃតង កិច្ចការពារធម្មជាតិ និងបរិស្ថាន ការពារសិទ្ធិ និងផលប្រយោជន៍សាធារណៈ និងឯកជនក្នុងការអភិវឌ្ឍ អភិរក្ស ការសាងសង់ ធានាតុល្យភាពនៃការអភិវឌ្ឍ និងអភិរក្សព្រមទាំងទំនាក់ទំនងរវាងបឹងកង្កែប និងតំបន់ជុំវិញ”។

ដោយផ្អែកលើកត្តាភូមិសាស្ត្រ និងលក្ខណៈពិសេសក្នុងតំបន់ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការកែលម្អការអភិវឌ្ឍ និងការអភិរក្ស ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងតំបន់ និងជុំវិញ ដោយកំណត់ទិសដៅច្បាស់លាស់អំពីការអភិវឌ្ឍ និងការអភិរក្ស តំបន់បឹងកង្កែបនៅពេលអនាគតប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាបន្ន។

ជាមួយគ្នានេះ លោកគង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា នៅក្នុងសិក្ខាសាលាស្ដីពីការផ្ទៀងផ្ទាត់ទិន្នន័យ និងប្រមូលធាតុចូលសម្រាប់គម្រោងគាំទ្របច្ចេកទេសកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីតំបន់បឹងកង្កែបមានទំហំ១៦១ហិកតា ស្ថិតនៅភូមិអុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្របតាមគោលនយោបាយក្របខ័ណ្ឌគតិយុត្ត និងនីតិវិធីជាធរមាន ។

លោកថា “រាល់ការអនុវត្តនូវគម្រោងទាំងអស់ គឺត្រូវធានាបាននូវការគ្រប់គ្រងដី ការប្រើប្រាស់ដី ការអភិវឌ្ឍ និងអភិរក្សនគរូបនីយកម្មប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាបន្ន”។

ចក្ខុវិស័យនៃការអភិវឌ្ឍខេត្តព្រះសីហនុ បានធ្វើសមាហរណកម្មជាមួយខេត្តដទៃទៀត មានដូចជា រាជធានីភ្នំពេញជាប៉ូលទី១ ខេត្តសៀមរាបជាប៉ូលទី២ ខេត្តព្រះសីហនុជាប៉ូលទី៣ និងប៉ូលទី៤ តំបន់ភូមិភាគឥសាន្ត និងការសិក្សាប្លង់គោលប្រើប្រាស់ដី ក្រុងព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here