ដោយគង់ សូរិយា
ភ្នំពេញៈ ប្រធានាធិបតីចិនលោកស៊ី ជីនពីងបាននិយាយកាលពីថ្ងៃពុធម្សិលម៉ិញថា ផែនការ និង កំណើនសេដ្ឋកិច្ចចិនក្នុងរយៈពេលវែង មិនមានការប្រែប្រួល ខណៈកោះតៃវ៉ាន់បានផ្គើនតាមរយៈការធ្វើសមយុទ្ឋបាញ់គ្រាប់ពិត។

យោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ ដែលបានចេញផ្សាយនៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០នេះបានឲ្យដឹងថា ប្រទេសចិននឹងបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ និងពង្រីកការបើកទូលាយ ព្រមទាំងផ្តល់បរិយាកាសអាជីវកម្ម ល្អប្រសើរជាងនេះ សម្រាប់វិនិយោគិន និងការអភិវឌ្ឍសហគ្រាសចិន និងបរទេសផងដែរ។
លោកបន្តថា “នេះជាការឆ្លើយតបទៅកាន់ តំណាងសមាជិកក្រុមប្រឹក្សាCEOs សកល”។
បន្ថែមពីនេះលោកស៊ី ជិនពីង ក៏បានកោតសរសើរ ចំពោះទំនុកចិត្ត និងការប្តេជ្ញាចិត្តរបស់គ្រប់គ្នា ក្នុងការបន្តចាក់ឫសគល់អាជីវកម្មរបស់ពួកគេ នៅក្នុងប្រទេសចិន និងការផ្តល់យោបល់ដ៏មានតម្លៃក្នុងន័យស្ថាបនា ដើម្បីរុញច្រានឱ្យមានវឌ្ឍនភាពសេដ្ឋកិច្ច របស់ប្រទេសចិនតទៅមុខទៀត។ ប្រទេសចិននឹងបន្តអនុវត្ត គោលនយោបាយអាទិភាពចំនួន ០៦ រួមមាន បង្កើនឪកាសការងារ ជម្រុញជីវភាពរស់នៅរបស់ប្រជាជន ពង្រីកទីផ្សារ រក្សាសន្តិសុខស្បៀងនិងថាមពល រក្សាស្ថេរភាពនៃសង្វាក់ផលិតកម្ម នៅកម្រិតសហគមន៍ និងធានាឱ្យមានស្ថិរភាពក្នុងវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការវិនិយោគនៅបរទេស និងក្នុងស្រុកផងដែរ។
ប្រធានាធិបតីចិនលោកស៊ី ជីនពីងបានបញ្ជាក់ថា “សាកលភាវូបនីយកម្មនឹងផ្តល់
ផលប្រយោជន៍ដល់ប្រទេសទាំងអស់ ហើយកិច្ចសហប្រតិបត្តិការឈ្នះៗនេះទៀតសោត នឹងជួយជំរុញឱ្យអរិយធម៌មុនស្សជាតិ មានការរីកចម្រើនខ្លាំងជាងនេះទៅទៀត”។ លោកបន្តថា “ជុំវិញបញ្ហានេះដែរ ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់ខ្ជួន នូវមាគ៌ានៃការអភិវឌ្ឍដោយសន្តិភាព និងធ្វើឱ្យមានសមាហរណកម្មសេដ្ឋកិច្ចពិភពលោកកាន់តែបើកចំហ”។

ជាមួយនឹងការដាក់ចេញផែនការនេះ កោះតៃវ៉ាន់ ដែលមានទំនោរស្វែងរកឯករាជភាពហាក់ផ្គើននឹងអ្វីជាផែនការរបស់ប្រធានាធិបតីចិន ដោយកងទ័ពជើងគោក ជើងទឹក និងជើងអាកាសកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះបានដឹកនាំការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត ដ៏ធំសម្បើមមួយ ដែលត្រូវបានលោកស្រីប្រធានាធិបតី ត្សៃ អ៉ីងវិន (Tsai Ing-wen)ចាត់ទុកថា ជាការបង្ហាញពីការប្ដេជ្ញាចិត្តការពារដែនកោះរបស់ខ្លួន ពីការឈ្លានពានជាយថាហេតុណាមួយ ពីសំណាក់កងកម្លាំងខាងក្រៅ។
នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០។
សមយុទ្ធយោធាខាងលើ មានឈ្មោះថា ហានគួង «Han Kuang» ត្រូវបានធ្វើឡើងនៅតំបន់ឆ្នេរក្បែរទីក្រុង តៃជុង (Taichung) ស្ថិតនៅចំកណ្ដាលកោះតៃវ៉ាន់ និងមានការចូលរួមពីកងទ័ព ៨,០០០នាក់ ព្រមទាំងយន្ដហោះចម្បាំង F-16 និងយន្ដហោះចម្បាំងផលិតនៅក្នុងស្រុក ឈីកូវ (Ching-kuo) រួមទាំងរថក្រោះជាច្រើនគ្រឿង ដែលបានបាញ់គ្រាប់ពិត កម្ទេចចំគោលដៅយ៉ាងល្អឥតខ្ចោះ។
លោកស្រីប្រធានាធិបតី Tsai Ing-wen ក៏បានថ្លែងទៅកាន់កងទ័ព ដូច្នេះថា”Han Kuang គឺជាសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ ដែលផ្ដល់ឱកាសកងទ័ពទាំងអស់វាយតម្លៃ និងអភិវឌ្ឍសមត្ថភាប្រយុទ្ធរបស់ខ្លួន ក៏ដូចជាបង្ហាញការបង្ហាញពីការប្ដេជ្ញាចិត្ត ការពារដែនកោះរបស់ខ្លួន ពីការឈ្លានពានជាយថាហេតុណាមួយ ពីសំណាក់កងកម្លាំងខាងក្រៅ”។
ទោះបីជាមិនបានបញ្ជាក់ចំៗថា កងកម្លាំងខាងក្រៅគឺជានរណា តែគេដឹងថាលោកស្រីTsai ចង់និយាយសំដៅទៅលើចិន។
សមយុទ្ធយោធា Han Kuang របស់កោះតៃវ៉ាន់ នៅក្នុងឆ្នាំ២០២០នេះ កើតមានឡើងចំពេលទីក្រុងប៉េកាំង បាននិងកំពុងបង្កើនសកម្មភាពយោធា កាន់តែច្រើនឡើង នៅជុំវិញដែនកោះមួយនេះ ដែលចិនចាត់ទុកថាជាខេត្តមួយរបស់ខ្លួន ហើយថែមទាំងព្រមានជាច្រើនលើកផងដែរថា ចិននឹងប្រើប្រាស់កម្លាំងយោធាភ្លាមៗ ប្រសិនបើកោះតៃវ៉ាន់ប្រកាសឯករាជ្យ ឬមានកម្លាំងខាងក្រៅណាមួយ ព្យាយាមបំបែកតៃវ៉ាន់ចេញពីចិន៕






