ដោយ វុត្ថា
ភ្នំពេញៈ ខេត្តបាត់ដំបងរហូតមកដល់ពេលនេះ មិនទាន់ទាក់ទាញគម្រោងវិនិយោគលើវិស័យអចលនទ្រព្យផុលផុសខ្លាំង ដូចបណ្តាខេត្តក្រុងមួយចំនួនរបស់កម្ពុជានោះទេ ខណៈដែលកន្លងមកនេះ មានក្រុមហ៊ុនវិនិយោគជាតិ និងអន្តរជាតិជាច្រើនបានចុះទៅស្វែងរកឱកាសវិនិយោគលើវិស័យផ្សេងៗជាច្រើននៅក្នុងខេត្ត។
ប្រធានសមាគមអ្នកវាយតម្លៃ និងភា្នក់ងាអចលនវត្ថុកម្ពុជា ច្រឹក សុខនីម ប្រាប់គេហទំព័រ Propertyarea.asia ឱ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៦ កក្កដាកន្លងមកថា ខេត្តបាត់ដំបង ហាក់មិនទាន់មានការចាប់អារម្មណ៍ ពីអ្នកវិនិយោគលើវិស័យអចលនទ្រព្យធំៗនោះទេ ខណៈដែលខេត្តមួយនេះ មិនទាន់មានការអភិឌ្ឍខ្លាំង ដែលត្រូវតាមការទាមទាពេលយូរបន្ថែមទៀត។
លោកថ្លែងថា “ខេត្តបាត់បងនេះ គឺទាមទារពេលយូទៅមុខទៀត បានទាក់ទាញគម្រោងវិនិយោគលើវិស័យអចលនទ្រព្យ តែអាចមានគម្រោងវិនិយោគគម្រោងវិនិយោគវិស័យទេសចរណ៍លក្ខណៈទ្រង់ទ្រាយតូច ហើយក្នុងស្រុក” ។
លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានមានប្រសាសន៍ថា វិស័យអចលនទ្រព្យ នៅក្នុងក្រុងបាត់ដំបងមានភាពរីកចំរើន និងអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ដែលក្នុងនោះក្រៅពីការសាងសងសង់លំនៅឋានបែបឯកជន ក៏មានការវិនិយោគលើផ្នែកសណ្ឋាគារ ផ្ទះសំណាក់ ខណៈពេលដែលរដ្ឋបាលក្រុងបាន និងកំពុងជំរុញកិច្ចអភិឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាជាន។
លោកបន្តថា “ពាក់ព័ន្ធនឹងទិន្ន័យនៃចំនួនគម្រោងសាងសង់អគារថ្មី លោកមិនទាន់ក្តាប់បានទិន្ន័យច្បាស់លាស់នោះទេ ប៉ុន្តែសង្កេតឃើញមានសកម្មភាពសាងសង់ច្រើនក្នុងរយៈពេលចុងក្រោយនេះ” ។
លោកងួន រតនៈ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងកន្លងមកនេះថា ខេត្តបាត់ដំបងកាលពីកន្លងមកនេះ បានទាក់ទាញចំពោះការធ្វើអាជីវកម្ម និងអភិវឌ្ឍន៍នៅក្នុងវិស័យអចលនទ្រព្យ ប៉ុន្តែមានគម្រោងមួយចំនួនបានអនុវត្តន៍ បំពានលើច្បាប់ដែនដី ដូចជា ការចាក់ដីលុបស្ទឹង លុបប្រឡាយរបស់រដ្ឋជាដើម ដើម្បីទទួលបានផលប្រយោជន៍ខ្ពស់ ដែលសកម្មភាពនេះត្រូវតែជៀសវាងជាដាច់ខាត។
លោកបញ្ជាក់ថា“អ្នកធ្វើអាជីវកម្មវិស័យអចលនទ្រព្យ មុននឹងចង់វិនិយោគលើអាជីវកម្មរបស់ខ្លួន ត្រូវសិក្សាស្វែងយល់ពីតំបន់នីមួយៗ ឱ្យបានច្បាស់លាស់ មុននឹងដាក់ទុនវិនិយោគ ជៀសវាងមានផលប៉ះពាល់។ លោកបន្តថា “អាជ្ញាធរខេត្តនឹងផ្ដល់លទ្ធភាព លើកទឹកចិត្ត ឱ្យមានការវិនិយោគផ្នែកអចលនាទ្រព្យក្នុងខេត្ត តាមរយៈការផ្ដល់ឯកសាររដ្ឋបាលដោយមានគណនេយ្យភាព តម្លាភាព លឿនរហ័ស ប៉ុន្តែខាងម្ចាស់អាជីវកម្ម ក៏ត្រូវសិក្សាពីប្រព័ន្ធលូ បណ្ដាញអគ្គិសនី ទឹក និងផ្លូវជាដើម ដោយអនុវត្តឱ្យត្រឹមត្រូវតាមកិច្ចសន្យា និងផ្នែកច្បាប់” ។
ចាប់តាំងពីឆ្នាំ២០១២ រហូតដើមឆ្នាំ២០២០កន្លងទៅ វិស័យសំណង់ និងអចលនទ្រព្យនៅទូទាំងខេត្តបាត់ដំបង ការរៀបចំពុះដីឡូតិ៍ សំណង់បុរីលំនៅដ្ឋាន រោងចក្រសហគ្រាសជាដើម មានសរុបរហូតដល់ ៨៣៩គម្រោង ស្មើនឹងប្រមាណ ៣២៥,៣១៨ម៉ែត្រការ៉េ ដែលមានទុនវិនិយោគសរុបចំនួន ៧៦,១៨៤,៤១០ដុល្លារ ដែលជាទិន្នន័យបង្ហាញពីភាពរីកចម្រើននៅក្នុងវិស័យមួយនេះ៕