World Bank អនុម័តហិរញ្ញប្បទាន១០០លានដុល្លារសម្រាប់ជួយគាំទ្រគម្រោង កែលម្អបណ្តាញផ្លូវគមនាគមន៍នៅកម្ពុជា

0

ដោយ ប៊ី

ក្រុងវ៉ាស៊ីនតោនៈក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគាពិភពលោក នៅថ្ងៃនេះបានអនុម័តផ្តល់ឥណទាន១០០លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ជួយគាំទ្រ គម្រោងកែលម្អបណ្តាញផ្លូវគមនាគមន៍នៅប្រទេសកម្ពុជា (Cambodia Road Connectivity Improvement Project)។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក (World Bank) ដែលគេហទំព័រ Propertyarea.asia ទទួលបាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឱ្យដឹងថា គម្រោងនេះនឹងពង្រីកលទ្ធភាព សម្រាប់សហគមន៍ជនបទ ឱ្យទទួលបានសេវាចាំបាច់នានា ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក សាលារៀន និង ទីផ្សារ តាមរយៈការកែលម្អផ្លូវជនបទ ឱ្យកាន់តែមានភាពធន់ទៅនឹងកត្តាប្រែប្រួលរបស់អាកាសធាតុ។

ការកែលម្អនឹងត្រូវធ្វើទៅលើផ្នែកជាច្រើន នៃតាមផ្លូវជាតិ និងផ្លូវខេត្ត ដែលជាលទ្ធផលជួយកាត់បន្ថយថ្លៃចំណាយលើការដឹកជញ្ជូន និងហានិភ័យគ្រោះថ្នាក់ ដោយសារតែផ្លូវខូច និងជួយសម្រួលដល់ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងវិស័យកសិកម្ម និងការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។

ការចំណាយលើការដឹកជញ្ជូននៅប្រទេសកម្ពុជា នៅតែមានកម្រិតខ្ពស់នៅឡើយ ទោះបីជាមានភាពប្រសើរច្រើន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះហើយក្តី។ ផ្លូវថ្នល់គឺជាមធ្យោបាយដឹកជញ្ជូននាំមុខគេនៅក្នុងប្រទេស ហើយចាំបាច់ត្រូវមានការវិនិយោគច្រើន ជាពិសេសនៅតាមតំបន់ជនបទ។ ផ្លូវជនបទមានជាង៧៥ភាគរយ នៃបណ្តាញផ្លូវសរុបទូទាំងប្រទេស ប៉ុន្តែមានតែ៥ភាគរយប៉ុណ្ណោះដែលជាផ្លូវក្រាលកៅស៊ូ។ ការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យមានភ្លៀងនិងទឹកជំនន់ធំៗ បង្កហានិភ័យខូចខាតកាន់តែខ្លាំងដល់ប្រព័ន្ធផ្លូវនៅជនបទ។

ការវិភាគអំពីស្ថានភាពប្រើប្រាស់របស់ផ្លូវជនបទ ដែលត្រូវបានធ្វើឡើងជាផ្នែកមួយនៃការរៀបចំគម្រោងនេះបង្ហាញថា ក្នុងរដូវទឹកជំនន់ជាង២៦ភាគរយ នៃប្រជាជនរស់នៅក្នុងតំបន់របស់គម្រោង ប្រឈមនឹងហានិភ័យគ្មានផ្លូវប្រើប្រាស់ សម្រាប់ទៅរកសេវាបន្ទាន់ផ្នែកសុខភិបាល និងសាលារៀន។

ក្រៅពីនោះប្រជាជន១៨ភាគរយទៀត ត្រូវចំណាយពេល៣០នាទី ឬច្រើនជាងនេះ សម្រាប់ធ្វើដំណើរទម្រាំទៅដល់មន្ទីរពេទ្យ ដែលជាស្ថានប្រឈមនឹងភាពស្លាប់រស់មួយ។ ការជ្រើសរើសផ្លូវ សម្រាប់ការវិនិយោគនៃគម្រោងនេះ ផ្តល់អាទិភាពដល់ផ្លូវទាំងឡាយណាដែលតភ្ជាប់ផ្ទះអ្នកស្រុកជាមួយមន្ទីរពេទ្យ សាលារៀន និងទីផ្សារ។ តំបន់គោលដៅរបស់គម្រោងនេះមាន ផ្លូវនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ ដែលគ្របដណ្តប់លើប្រជាជនជាង ២លាននាក់ ក្នុងនោះ៨០ភាគរយ រស់នៅតាមទីជនបទដាច់ស្រយាល។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា “កង្វះលទ្ធភាពសម្រាប់ទទួលបានសេវាមន្ទីរពេទ្យ សាលារៀន និងសម្រាប់ដឹកទំនិញទៅកាន់ទីផ្សារ ជាពិសេសក្នុងរដូវវស្សា នៅតែចោទជាបញ្ហាប្រឈមធំមួយសម្រាប់ប្រជាជនកម្ពុជានៅតាមតំបន់ជនបទ”។

លោកបានបន្តថា “គម្រោងថ្មីនេះគឺជាការបន្តការប្តេជ្ញាចិត្តរបស់យើង ក្នុងការជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវរបស់កម្ពុជា។ វានឹងតភ្ជាប់កាន់តែប្រសើរជាងមុនដោយបានភ្ជាប់ប្រជាជន ទៅនឹងការទទួលបានសេវា កាត់បន្ថយការដាច់ផ្លូវ និងបង្កើតការងារសម្រាប់សហគមន៍ មូលដ្ឋានក្នុងពេលសាងសង់ផ្លូវ ដែលរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញទៀតផង”។

គម្រោងនេះ ក៏នឹងជួយក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ (ដែលក្រសួងទាំងពីរនេះជាភ្នាក់ងារអនុវត្តគម្រោង) ក្នុងការអភិវឌ្ឍផ្នែកស្ថាប័នផងដែរ។ ក្នុងនោះមាន ការរៀបចំយុទ្ធសាស្ត្រហិរញ្ញប្បទានផ្លូវធន់នឹងអាកាសធាតុ ការជួយដល់ក្រសួងទាំងពីរ ក្នុងការអនុវត្តផែនការសកម្មភាពបញ្ជ្រាបយេនឌ័រ របស់ក្រសួងទាំងពីរ និងការគ្រប់គ្រងកិច្ចសន្យាផ្អែកលើលទ្ធផលការងា រសម្រាប់ការថែទាំផ្លូវ ធ្វើឱ្យហេដ្ឋារចនាសម្ព័នកាន់តែមានចីរភាពល្អប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here