ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ ខ្សែ ប្រវែង ៨២,៥៧៤ គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ។

គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ គម្រោងបានសម្រេចចាក់បេតុងបាន ៩៩,៩២ភាគរយ ហើយនឹងកំពុងរៀបចំកែលម្អឆ្នេរសមុទ្រឡើងវិញ រួមទាំងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ទីតាំង ដែលទី១នៅក្បែរសណ្ឋាគារ Sunshine Bay មានសមត្ថភាពច្រោះ ៥ ២០០ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចបាន ២០ភាគរយ និងទី២នៅក្បែរសណ្ឋាគារសុខា មានសមត្ថភាពច្រោះ ៧ ២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ សម្រេចបាន១០ភាគរយ។

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ នៅខេត្តព្រះសីហនុ ជាគម្រោងរបស់រាជរដ្ឋាភិបាល ដែលអនុវត្តដោយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងត្រូវបានធ្វើពិធីបើកការដ្ឋានក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

គម្រោងនេះ នឹងចូលរួមអនុវត្តផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដោយអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ក្នុងគោលបំណងធ្វើឱ្យខេត្តព្រះសីហនុក្លាយទៅជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍទីក្រុងទំនើប និងការរៀបចំជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ និងជាមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាទំនើប៕






