ដោយ ៖ វុត្ថា
ភ្នំពេញ៖រដ្ឋាភិបាលនៅតាមដងមហាអនុតំបន់ទន្លេងមេគង្គដាក់ចេញផែនការកសាងផ្លូវដែកតភ្ជាប់ប្រទេសក្នុងការជំរុញការដឹកជញ្ជូនទំនិញ ការធ្វើពាណិជ្ជកម្ម និងបង្កើនការវិនិយោគឱ្យបានកាន់តែច្រើនបន្ថែមទៀតនាពេលអនាគតទៅមុខ ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់គេហទំព័រ propertyarea.asia កាលពីកន្លងមកនេះថា តាមផែនការរដ្ឋាភិបាលនៃប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ នឹងរៀបចំឱ្យមានការតភ្ជាប់ផ្លូវដែកងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ និងបង្កើនពាណិជ្ជកម្ម និងវិនិយោគ ខណៈមានការជ្រោមជ្រែងពីប្រទេសដៃគូ។
លោកឧកញ៉ាបន្តថា “បើទោះបីកន្លងមកនេះ យើងមានការតភ្ជាប់ដឹកជញ្ជូនខ្លះហើយ តែមហិច្ឆិតារបស់រដ្ឋាភិបាលនៅតាមមហាទន្លេអនុតំបន់ទន្លេមេគង្គគឺចង់ឱ្យមានផ្លូវដែក។ ការតភ្ជាប់ខ្សែរថភ្លើងផងដែរដែលកន្លងមកនេះ ខាងភាគីចិនក៏បានជួយខ្នះខ្នែង និងជប៉ុនក៏បានជួយលើបញ្ហានេះ យើងសង្ឃឹមថា នឹងមានការតភ្ជាប់ដឹកជញ្ជូនផ្លូវដែកនេះ”។
លោកបន្ថែមថា “គម្រោងតភ្ជាប់ផ្លូវដែកជំរុញដល់វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្ម ព្រមទាំងការដឹកដញ្ជូន ត្រូវបានរដ្ឋាភិបាលនៃប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គលើកយកមកពិភាក្សានៅក្នុងកិច្ចសន្ទនានីមួយៗ រវាងភាគីពាក់ព័ន្ធផងដែរដើម្បីជំរុញធ្វើយ៉ាងឱ្យសម្រេចតាមផែនការ”។
លោកឧកញ៉ាបន្ថែមថា “ម្យ៉ាងទៀត ក៏មានគម្រោងបង្កើតតំបន់ឧស្សាហកម្មផលិតផលកសិកម្មនៅក្នុងតំបន់មេគង្គនេះ សម្រាប់ធ្វើការនាំចេញទៅកាន់តំបន់ និងពិភពលោក ។ បន្ថែមពីនេះ កម្ពុជា នឹងទទួលបានផលប្រយោជន៍ច្រើនពីគម្រោងនេះ តាមរយៈការទិញវត្ថុធាតុដើមពីកម្ពុជា និងបោះទីតាំងរោងចក្រសហគ្រាសផ្សេងផងដែរ”។
មហាអនុតំបន់ទន្លេមេគង្គ ត្រូវបានបង្កើតឡើងក្រោមកម្មវិធីអភិវឌ្ឍន៍ឆ្នាំ១៩៩២ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយបានប្រមូលផ្តុំរដ្ឋចំនួន៦ ជាធ្វើជាសមាជិក ក្នុងនោះមានប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ តំបន់មេគង្គនេះ ក៏ត្រូវបង្កើតទំនាក់ទំនង មេគង្គ-កូរ៉េ មេគង្គ-ជប៉ុន និងមេគង្គ-អាមេរិកផងដែរ៕






