ដោយវុត្ថា
កំពត៖ នៅឆមាសទី១ ឆ្នាំ២០២០នេះ កម្ពុជាបានធ្វើការនាំចេញចេកមានចំនួន ១៤.២០៤ ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ៦៨ ៥៦២ ៧៩៣ ដុល្លារ និងមានទិសដៅនាំចេញទៅកាន់អឺរ៉ុប អាស៊ី អូសេអានី និងទីផ្សារដ៏សំខាន់មួយទៀតគឺប្រទេសចិន។

នេះបើយោងតាមលទ្ធផលនៃការចុះទស្សនកិច្ចកសិដ្ឋានផលិតចេកអំបូងលឿងមួយកន្លែងបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសម្រាប់នាំចេញរបស់ក្រុមហ៊ុន Longmate Agriculture Co., Ltd នៅស្រុកឈូក ខេត្តកំពត ដើម្បីស្វែងយល់ពីខ្សែច្រវ៉ាក់ផលិតកម្ម រចនាសម្ព័ន្ធវេចខ្ចប់ និងការកែច្នៃសម្រាប់នាំចេញកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២០ម្សិលមិញននេះ។
លោកបានបញ្ជាក់ថា ក្រុមហ៊ុន Longmate Agriculture Co., Ltd គឺជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងកម្ពុជា-ចិន បានធ្វើការវិនិយោគដាំចេកអំបូងលឿងលើផ្ទៃដី ៤ ០០០ ហិកតា ក្នុងស្រុកឈូក ខេត្តកំពត និងចាប់ដំណើរការផលិតកម្មចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧ ហើយនៅខែមករា ឆ្នាំ២០១៩ ក្រុមហ៊ុបានធ្វើការនាំចេញជាលើកដំបូងទៅទីផ្សារ។
លោករដ្ឋមន្ត្រីថ្លែងថា កសិករ ផលិតករ សហគមន៍ សមាគម និងក្រុមហ៊ុន ផលិតចេកអំបូងលឿង ត្រូវប្រកាន់ភ្ជាប់ និងអនុវត្តតាមសៀវភៅបន្ទុក ដូចជាការផលិតមានអនាម័យខ្ពស់ ការវេចខ្ចប់ ការរក្សាទុក និងមិនប្រើប្រាស់សារធាតុគីមីហាមឃាត់ជាដើម ដើម្បីធានាទាំងគុណភាព និងអនាម័យខ្ពស់ ដែលមិនប៉ះពាល់សុខភាពអ្នកបរិភោគ និងរក្សាកំណើនបរិមាណនាំចេញ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានណែនាំឱ្យបុគ្គលិកបម្រើការងារក្នុងកសិដ្ឋានទាំងអស់ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងារ និងបង្កើនភាពប្រុងប្រយ័ត្ន ដើម្បីជាប្រយោជន៍ដល់ក្រុមហ៊ុនក្នុងការធានាដល់គុណភាព និងនិរន្តរភាពនៃទីផ្សារ ហើយក៏ជាប្រយោជន៍ដល់ខ្លួនឯងផងដែរ ក្នុងការធានាដល់ការរក្សាការងារ និងបង្កើនសមត្ថភាពខ្លួនឱ្យកាន់តែមានភាពរីកចម្រើន និងទូលំទូលាយ។
តាមតួលេខរបស់ក្រសួងពាណិជ្ជកម្មកាលពីឆ្នាំ២០១៩ កម្ពុជាបាននាំចេញចេកចំនួន ១៥.៥៤ ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ៥៩ ៣៣៦ ៨៥៤ ដុល្លារ ទៅកាន់ទីផ្សារអាស៊ី និងអូសេអានី។ រដ្ឋាភិបាលនៃប្រទេសចិនបានទទួលស្គាល់ និងអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន ៩ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចនាំចេញផ្លែចេកទៅកាន់ប្រទេសចិនបាន៕






